លោក ហ៊ុន សែន តែងតែអួតអំពីការកាន់អំណាចក្នុងរយៈពេលដ៏យូររបស់លោក ប៉ុន្តែលោកមិនដែលខ្វល់អំពីភាពក្រីក្ររបស់ពលរដ្ឋខ្មែរ និងប្រទេសជាតិនោះឡើយ។ លើសពីនេះទៀត លោកក៏មិនដែលលើកឡើងអំពីភាពទុច្ចរិតរបស់លោកក្នុងការដណ្តើមអំណាចអំពីលោក ប៉ែន សុវណ្ណ អតីតមេរបស់លោក ការកម្ចាត់ក្រុមគណបក្សប្រឆាំង និងសហការីរបស់លោកក្នុងជួរបក្សនោះឡើយ។
ការកាន់អំណាចយូរជាមោទកភាពរបស់លោក ហ៊ុន សែន តែប្រហែលមិនមែនជាមោទកភាពរបស់ជាតិនោះឡើយ ស្របពេលដែលពលរដ្ឋនឹងកាន់តែក្រ ហើយសេដ្ឋកិច្ចរបស់ប្រទេសចុះទន់ខ្សោយជាលំដាប់។
ទោះបីការគ្រប់គ្រងអំណាចដ៏យូររបស់លោកបន្សល់ទុកនូវផលលំបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ជាតិដូចបច្ចុប្បន្ននេះក្តី លោក ហ៊ុន សែន តែងប្រកាសថា លោកនៅតែអាចបន្តកាន់អំណាច ១០ឆ្នាំទៅមុខទៀតបាន និងចង់ឲ្យកូនប្រុសរបស់លោកគ្រប់គ្រងអំណាចបន្តពីលោកថែមទៀតផង។
ការប្រកាសរបស់លោក ហ៊ុន សែន អំពីការគាំទ្រលោក ហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់លោកសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តតំណែងពីលោក អាចជាបច្ច័យបន្ថែមសម្រាប់ការវិភាគលើចេតនារបស់លោក ហ៊ុន សែន ចំពោះប្រទេសកម្ពុជាក្រោយសម័យកាលរបស់លោក។ ប៉ុន្តែបើធ្វើការវិភាគលើចេតនារបស់លោក ហ៊ុន សែន សម្រាប់ប្រទេសកម្ពុជាក្នុងពេលអនាគត គេគួរតែពិនិត្យមើល និងវិភាគលើអ្វីដែលលោក ហ៊ុន សែន បានធ្វើចំពោះពលរដ្ឋ និងប្រទេសជាតិក្នុងពេលដែលគាត់កំពុងគ្រប់គ្រងអំណាច។
បើនិយាយអំពីប្រវត្តិនៃការច្បាមអំណាច និងការគ្រប់គ្រងប្រទេសកម្ពុជារបស់លោក ហ៊ុន សែន ក្នុងរយៈពេលជិត ៤០ឆ្នាំនេះ គេអាចធ្វើការសន្និដ្ឋានបានថា លោកជាមនុស្សម្នាក់ដែលគិតតែអំពីអំណាចផ្ទាល់ខ្លួន និងផលប្រយោជន៍គ្រួសារជាធំ ដោយមិនខ្វល់អំពីភាពហិនហោចរបស់ជាតិ និងសីលធម៌ជាមនុស្សក្នុងសង្គមបច្ចុប្បន្ននេះទេ។

ប៉ុន្តែជាការឆ្លើយតបនឹងការសន្និដ្ឋាននេះ ក្រុមអ្នកការពារលោក ហ៊ុន សែន អាចជំទាស់ដោយអះអាងថា លោក ហ៊ុន សែន ពុំមានពេលវេលា និងធនធានគ្រប់គ្រាន់ក្នុងការកសាងសង្គមកម្ពុជាមួយដ៏រុងរឿង និងលើកស្ទួយជីវភាពពលរដ្ឋខ្មែរឲ្យបានខ្ពង់ខ្ពស់នោះឡើយ។
ប្រសិនបើគេស្តាប់ទស្សនៈនេះដោយគ្មានការពិចារណា វាហាក់ដូចជានេះជាហេតុផលឡូស៊ិក ឬសមហេតុសមផលខ្លះដែរ។ ប៉ុន្តែផ្ទុយទៅវិញ បើផ្អែកលើហេតុផលពេលវេលា លោក ហ៊ុន សែន បានគ្រប់គ្រងអំណាចជិត ៤០ឆ្នាំ ឬស្មើនឹងពាក់កណ្តាលជីវិតមនុស្សទៅហើយ។ ដូច្នេះ ពេលវេលាបែបនេះ គឺល្មមគ្រប់គ្រាន់ក្នុងការកសាងសង្គមជាតិមួយដ៏ខ្លាំងក្លា ប្រសិនបើមេដឹកនាំនៃប្រទេសនោះមានឆន្ទៈនយោបាយគិតជាតិពិតប្រាកដ។
បើគេពិនិត្យមើលប្រវត្តិសាស្ត្រនៃប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ប្រទេសទាំងពីរនេះបានបញ្ចប់ភាពក្រីក្របំផុតតែក្នុងរយៈពេលចន្លោះពី ១០ ទៅ ២០ឆ្នាំក្រោយសង្គ្រាមបិទបញ្ចប់។ ប្រទេសទាំងពីរនេះបានក្លាយជាប្រទេសមានសេដ្ឋកិច្ច និងបច្ចេកវិទ្យារីកចម្រើនដ៏ខ្លាំងក្លា និងមានអរិយធម៌ដ៏ស៊ីវិល័យក្នុងចំណោមបណ្តាប្រទេសជឿនលឿនដទៃទៀតក្នុងពិភពលោករហូតមកទល់ពេលបច្ចុប្បន្ននេះ។
រឿងដ៏ល្អទាំងនេះ បានកើតឡើងបន្ទាប់ពីប្រទេសទាំងពីរនេះទទួលបានជំនួយ និងការគាំទ្រពីបណ្តាប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក និងបានផ្លាស់ប្ដូររបបដឹកនាំផ្ដាច់ការក្នុងប្រទេសរបស់ពួកគេ។
គេហទំព័រ www.britannica.com បានចុះផ្សាយថា ភាពជឿនលឿនរុងរឿងរបស់ប្រទេសកូរ៉េខាងត្បូង បានប្រើពេលប្រមាណ ៣០ឆ្នាំប៉ុណ្ណោះ ក្នុងការកសាងសេដ្ឋកិច្ចជាតិដ៏ខ្លាំងក្លា ដែលបានធ្វើឱ្យចំណូលរបស់ពលរដ្ឋម្នាក់ៗកើនឡើងជាងមួយរយដង និងបានប្រែក្លាយកូរ៉េខាងត្បូងទៅជាប្រទេសឧស្សាហកម្មមួយដ៏ខ្លាំងក្លាប្រកបដោយធនធានមនុស្សដែលមានជំនាញខ្ពស់។
ស្រដៀងគ្នាដែរ អត្ថបទរបស់អ្នកនិពន្ធឈ្មោះ Gary Mullinax ដែលបានសរសេរក្នុងសៀវភៅមួយឈ្មោះ “ជប៉ុនទំនើបភាវូបនីយកម្ម” ហើយត្រូវបានគេដកស្រង់យកមកចុះផ្សាយនាឆ្នាំ១៩៩៩ ក្នុងគេហទំព័រ medium.com ថា ជប៉ុនបានប្រែក្លាយពីសង្គមក្រីក្របំផុតមួយក្នុងលោកទៅជាប្រទេសបច្ចេកវិទ្យាទីមួយក្នុងលោក តែក្នុងរយៈពេលតិចជាង ៤០ឆ្នាំប៉ុណ្ណោះ។
ការលើកឡើងអំពីប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន គឺជាឧទាហរណ៍ដែលអាចបញ្ជាក់ថា ពេលវេលា ៤០ឆ្នាំ គឺជាពេលវេលាគ្រប់គ្រាន់សម្រាប់ការកសាងប្រទេសកម្ពុជាឲ្យក្លាយជាសង្គមទំនើប និងជឿនលឿនដ៏ខ្លាំងក្លាមួយ ប្រសិនបើលោក ហ៊ុន សែន មានឆន្ទៈ និងមានសមត្ថភាព។
ហេតុផលមួយទៀតដែលថា លោក ហ៊ុន សែន ពុំមានធនធានគ្រប់គ្រាន់ក្នុងការកសាងកម្ពុជាឲ្យក្លាយជាប្រទេសដ៏ទំនើបនោះ ក៏ហាក់ដូចជាមិនត្រឹមត្រូវដែរ។ ជាក់ស្តែង ក្នុងអំឡុងពេលគ្រប់គ្រងអំណាចផ្ដាច់ការរបស់គាត់ លោក ហ៊ុន សែន បានធ្វើឲ្យគ្រួសារ និងបក្ខពួករបស់គាត់ក្លាយជាអ្នកមានលុយកាក់ និងទ្រព្យសម្បត្តិហូរហៀរមហាសាល។

ម្យ៉ាងវិញទៀត ដូចឧទាហរណ៍ខាងដើម ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ក៏ជាប្រទេសក្រីក្របំផុត និងស្ទើរក្លាយជាផេះបន្ទាប់ពីចប់សង្គ្រាម ប៉ុន្តែប្រទេសទាំងពីរបានក្លាយជាប្រទេសជឿនលឿនដ៏អស្ចារ្យ ដោយសារតែមានការកែទម្រង់ប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យ និងមានជំនួយគាំទ្រពីបណ្តាលប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក និងប្រទេសខ្លះក្នុងសហគមន៍អឺរ៉ុប ជាដើម។
ចំណែកស្ថានភាពនៃប្រទេសកម្ពុជា ក៏មិនខុសពីកូរ៉េខាងត្បូង និងជប៉ុន ប៉ុន្មានដែរ។ កម្ពុជារងការខូចខាតខ្ទេចខ្ទាំដោយសង្គ្រាម ហើយមានឱកាសទទួលបានការជួយទំនុកបម្រុងពីសហគមន៍អន្តរជាតិដូចគ្នាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ផ្ទុយទៅវិញ លោក ហ៊ុន សែន មិនមែនត្រឹមតែមិនចាប់យកឱកាសនោះសម្រាប់កសាងប្រទេសជាតិទេ តែថែមទាំងបំផ្លាញគោលការណ៍ប្រជាធិបតេយ្យស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅវិញ។
ការបំផ្លាញប្រជាធិបតេយ្យនេះ អាចជាការរាំងខ្ទប់នូវកិច្ចប្រឹងប្រែង និងសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិក្នុងការកសាងប្រទេសឲ្យក្លាយជាសង្គមទំនើបមួយ។
ដូច្នេះ គេអាចសន្និដ្ឋានបានថា វាមិនមែនជារឿងខ្វះធនធាននោះទេ ប៉ុន្តែពលរដ្ឋកម្ពុជាអភ័ព្វដែលខ្វះមេដឹកនាំមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍសង្គមមួយឲ្យមានភាពជឿនលឿនរុងរឿង។
អ្នកសង្កេតការណ៍ខ្លះនិយាយថា លោក ហ៊ុន សែន គឺជាឧបសគ្គដ៏ធំបំផុតក្នុងការអភិវឌ្ឍជាតិ និងជាដើមចមដែលធ្វើឲ្យសង្គម និងពលរដ្ឋខ្មែរជួបភាពក្រីក្រដូចបច្ចុប្បន្ននេះ។
រយៈពេល ៤០ឆ្នាំ និងឱកាសនៃការទទួលបានធនធានសម្រាប់អភិវឌ្ឍជាតិ គឺគ្រប់គ្រាន់ ប៉ុន្តែបញ្ហាចម្បងបំផុតនោះ គឺលោក ហ៊ុន សែន គ្មានឆន្ទៈក្នុងការលើកស្ទួយជាតិសាសន៍មួយនេះទេ។
ដូច្នេះ តើលោក ហ៊ុន សែន ចង់ឃើញកម្ពុជាជាប្រទេសដ៏រុងរឿង និងខ្លាំងក្លាសម្រាប់ពេលអនាគតដែរទេ?
ថ្វីបើមានការពិបាកឆ្លើយជំនួសលោក ហ៊ុន សែន មែន ប៉ុន្តែគេអាចធ្វើការសន្និដ្ឋានតាមរយៈការវិភាគលើចេតនា និងឆន្ទៈរបស់លោក ហ៊ុន សែន បាន។ លោក ហ៊ុន សែន មានពេលវេលាគ្រប់គ្រាន់ក្នុងការកសាងប្រទេសជាតិក្រោមការគ្រប់គ្រងអំណាចរបស់លោកអស់រយៈពេលជិត ៤ទសវត្សរ៍កន្លងមកនេះ និងមានធនធានគ្រប់គ្រាន់តាមរយៈជំនួយ និងកិច្ចសហការរបស់សហគមន៍អន្តរជាតិ។
ប៉ុន្តែប្រទេស និងពលរដ្ឋងើបមិនរួចពីភាពក្រីក្រតោកយ៉ាក អាចដោយសារតែលោក ហ៊ុន សែន គ្មានចេតនា ឬឆន្ទៈផ្ដោតលើការកសាងជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋ ជាជាងការផ្ដោតលើអំណាចផ្ទាល់ខ្លួន និងការបំប៉នភាពលោភលន់មិនចេះឆ្អែតឆ្អន់របស់ក្រុមគ្រួសារ និងបក្ខពួករបស់លោកទៅវិញ។ ជាមួយគ្នានេះ លោក ហ៊ុន សែន ប្រកាសបន្តកាន់អំណាច ១០ឆ្នាំទៀត និងគាំទ្រលើកកូនច្បងរបស់លោក គឺលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឲ្យបន្តតំណែងស្នងត្រកូលរបស់លោកថែមទៀត។ ការប្រកាសបែបនេះ មានន័យថា លោកចង់រក្សា និងបន្តអ្វីដែលលោកបាន និងកំពុងធ្វើ។

លើសពីនេះទៅទៀត វាក៏ជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ការគ្រប់គ្រង និងពង្រឹងអំណាចរបស់លោក ហ៊ុន សែន គឺមិនមែនដើម្បីប្រទេស និងពលរដ្ឋរបស់លោកនោះទេ ប៉ុន្តែដើម្បីតែគ្រួសារវង្សត្រកូលរបស់គាត់ប៉ុណ្ណោះ។ ដើម្បីធ្វើបែបនេះបាន លោក ហ៊ុន សែន ត្រូវតែប្រមូលផ្តុំ និងអនុវត្តអំណាចផ្ដាច់ការ ដោយដាក់អ្វីៗទាំងអស់ឲ្យស្ថិតក្រោមការគ្រប់គ្រង ឬជាកម្មសិទ្ធិរបស់លោក និងក្រុមគ្រួសាររបស់លោក រួមទាំងប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជាផងដែរ។
ដូច្នេះ ការប្រកាសគាំទ្រកូនរបស់លោកក្នុងការបន្តតំណែងពីលោក គឺជាចេតនាយ៉ាងពិតប្រាកដរបស់លោក ហ៊ុន សែន ដើម្បីរក្សាផ្លូវដែលលោកកំពុងដើរ ដើម្បីការពារសុវត្ថិភាពរបស់លោកក្រោយអស់អំណាចប៉ុណ្ណោះ។ ដើម្បីធ្វើដូច្នេះបាន លោក ហ៊ុន ម៉ាណែត ដែលនឹងបន្តតំណែងពីឪពុករបស់លោក ហាក់គ្មានជម្រើសអ្វីក្រៅតែអនុវត្តអំណាចផ្ដាច់ការតាមគន្លងរបស់ឪពុករបស់លោកនោះឡើយ។
ប្រសិនបើរឿងនេះកើតឡើងមែន នោះពលរដ្ឋខ្មែរដោយរួមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផង ត្រូវតែបន្តរស់នៅក្រោមអំណាចផ្ដាច់ការ ក្នុងសង្គមក្រីក្រ សង្គមដែលញាំញីដោយអំពើពុករលួយ និងសង្គមអយុត្តិធម៌តជំនាន់ទៅមុខទៀត។
ដូច្នេះ អ្វីដែលលោក ហ៊ុន សែន ចង់ឃើញប្រទេសកម្ពុជាក្រោយរជ្ជកាលអំណាចរបស់លោកនោះ គឺការបន្តដាក់ប្រទេស និងពលរដ្ឋខ្មែរឲ្យស្ថិតក្នុងភាពក្រីក្រ ក្រោមការគ្រប់គ្រងនៃគ្រួសារត្រកូល ហ៊ុន យ៉ាងណែនក្នុងដៃ ហើយអ្វីៗគ្រប់យ៉ាង រួមទាំងប្រទេសជាតិ និងគណបក្សកាន់អំណាចផង គឺជាកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារមួយនេះផងដែរ៕