32 C
Phnom Penh

លោក ហ៊ុន សែន៖ កម្ពុជា​នាំមុខ​គេ​ក្នុង​បេសកកម្ម​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​បាន​ជាប់​ជា​ប្រទេស​នាំមុខ​គេ​ដែល​ផ្តល់​ឱកាស​ឲ្យ​កងទ័ព​នារី​មួក​ខៀវ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ទៅ​ក្រៅ​ប្រទេស​ជាច្រើន​ឆ្នាំ​មកនេះ។

មេដឹកនាំ​កម្ពុជា​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក ដើម្បី​អបអរ​សាទរ​ខួប ៦៦​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ (UN) នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា កងទ័ព​មួក​ខៀវ​កម្ពុជា​ជា​កម្លាំង​ជំនាញ​ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ កម្លាំង​បោស​សម្អាត​មីន កម្លាំង​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ផង​ដែរ។

លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ស្ថិរភាព​អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លងទៅ​នេះ ហើយ​កម្ពុជា​ក៏​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ជាច្រើន​នាក់​ទៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​ស៊ូដង់ លីបង់ និង​អាហ្វ្រិក​កណ្តាល ជាដើម។

នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ជា​ខួប ៦៦​ឆ្នាំ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ (UN) កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៥៥។

អង្គការ​សហប្រជាជាតិ គឺជា​អង្គការ​អន្តរជាតិ​ធំ​ជាងគេ​ក្នុង​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​១៩៤៥ ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ត្រូវ​បាន​បញ្ចប់។ ការ​បង្កើត UN ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​សន្តិភាព សន្តិសុខ​អន្តរជាតិ និង​លើកស្ទួយ​សហប្រតិបត្តិការ​អន្តរជាតិ​ក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិន​ឲ្យ​មាន​សង្គ្រាម​លើ​ពិភពលោក​ផង​ដែរ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ ធ្នូ នេះ​ថា ក្នុង​នាម​ជា​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ចូលរួម​លើកស្ទួយ​នីតិរដ្ឋ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ឱ្យ​ទូលំទូលាយ ស្រប​តាម​គោលការណ៍​ពិត​នៃ​របប​ប្រជាធិបតេយ្យ​សេរី​និយម។

លោក​លើកឡើង​ថា ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្នាំ​២០១៧ មក រដ្ឋាភិបាល​ឯក​បក្ស​របស់​កម្ពុជា​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ជាបន្តបន្ទាប់​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ។ ករណី​ទាំងនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​បំពេញ​នូវ​លក្ខខណ្ឌ​របស់​អង្គការ​សហប្រជាជាតិ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ ដូចជា​ការ​រារាំង ការ​ចាប់​ខ្លួន​អ្នក​នយោបាយ ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​គំរាមកំហែង​អ្នក​សារព័ត៌មាន​ឯករាជ្យ ជាដើម។

លោក ហ៊ុន កុសល រំឭក​រដ្ឋាភិបាល​កម្ពុជា​ថា កុំ​យល់​ថា​ការ​រិះគន់​របស់​អង្គការ​សហប្រជាជាតិ មិន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​រដ្ឋាភិបាល​របស់​ខ្លួន ព្រោះ​ការ​ថ្កោលទោស​របស់​អង្គការ​សហប្រជាជាតិ គឺជា​សម្ពាធ​មួយ​ដ៏​ធ្ងន់​លើ​រដ្ឋាភិបាល​ខ្មែរ ដែល​ធ្វើ​ឱ្យ​ខូច​មុខមាត់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២១ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លើកដំបូង​របស់​ខ្លួន ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ធ្ងន់ៗ​ពី​ការ​អនុវត្ត​ច្បាប់​ដោយ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ។

អ្នក​រាយការណ៍​ពិសេស​រូប​នេះ​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គឺ​លើស​ព្រំដែន​កំណត់​របស់​ខ្លួន ដូចជា​ការ​ប្រើ​ច្បាប់​ក្រមព្រហ្មទណ្ឌ​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​ការ​ប្រើ​មាត្រា​នៃ​ច្បាប់​នេះ​មួយ​ចំនួន​ទៀត ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដោយ​អហិង្សា និង​ចាប់​ខ្លួន​សកម្មជន​នានា ដែល​បង្ហាញ​ពី​ការ​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) ក៏​បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារ​តែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស