34 C
Phnom Penh

លោក ហ៊ុន សែន ថា​បើ​អាស៊ាន​មិន​គ្រប់ ១០​ប្រទេស គឺជា​អាស៊ាន​មិន​គ្រប់​ទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន រិះគន់​ថា បើ​អាស៊ាន​មិន​គ្រប់ ១០​ប្រទេស​ទេ​នោះ គឺជា​អាស៊ាន​មិន​គ្រប់​ទឹក ដូច្នេះ​គ្មាន​នរណា​អាច​ហាមឃាត់​រូបលោក​មិន​ឱ្យ​ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ភូមា លោក មីន អ៊ុងឡាំង បាន​ទេ គឺ​មាន​តែ​ទុក​ឱកាស​ឱ្យ​លោក​ធ្វើ​កិច្ចការ​នេះ​សិន ដើម្បី​ធ្វើ​ឱ្យ​អាស៊ាន​គ្រប់​ទឹក​ឡើងវិញ។

មេដឹកនាំ​ដែល​ប្ដេជ្ញា​កាន់​អំណាច​ត​វង្ស​ត្រកូល​រូប​នេះ អះអាង​ថា មុន​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា កម្ពុជា​ត្រូវតែ​សង្គ្រោះ​អាស៊ាន​ពី​អាស៊ាន ៩ ទៅ​ជា​អាស៊ាន ១០ ជា​មុន​សិន ដែល​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ។

មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក អះអាង​ថា ការ​ធ្វើ​បែប​នេះ គឺ​ក្នុង​បំណង​បង្កើត​ទម្លាប់​មួយ​ដើម្បី​កុំ​ឱ្យ​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​មិន​ពេញចិត្ត​នឹង​មេដឹកនាំ​ប្រទេស​ណា​មួយ ហើយ​មិន​កោះហៅ​មេដឹកនាំ​នៃ​ប្រទេស​នោះ​ឱ្យ​ចូល​ប្រជុំ​អាស៊ាន ដូច្នេះ​អាស៊ាន​នឹង​ក្លាយ​ទៅ​ជា​អាស៊ាន​មិន​គ្រប់​ទឹក ដូចជា​អាស៊ាន ៨ ឬ​អាស៊ាន ៩ ជាដើម ហើយ​ការ​ធ្វើ​បែប​នេះ សមាគម​អាស៊ាន​នឹង​គ្មាន​តម្លៃ​អ្វី​ទាំងអស់។

លោក ហ៊ុន សែន បញ្ជាក់​ថា ដើម្បី​ឱ្យ​ការ​ចរចា​មាន​ប្រសិទ្ធភាព ជំហាន​ដំបូង​លោក​ត្រូវតែ​ជួប​ដោយ​ផ្ទាល់​ជាមួយ​មេ​រដ្ឋប្រហារ​ភូមា លោក មីន អ៊ុងឡាំង ព្រោះ​ថា នេះ​គឺជា​បទពិសោធន៍​របស់​លោក​ដែល​ធ្លាប់​ធ្វើ​ការ​ចរចា​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា អស់​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លងមក​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​លោក ក្នុង​ការ​ទៅ​ជួប​មេដឹកនាំ​យោធា​ភូមា ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ក្នុង​តំបន់ ស្រប​ពេល​ដែល​ខ្លួន​នឹង​ដើរ​តួនាទី​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ។

លោក ហ៊ុន សែន បាន​អះអាង​ថា លោក​នឹង​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ធ្វើជា​បេសកជន​របស់​ប្រធាន​អាស៊ាន​ដើម្បី​ទៅ​សម្របសម្រួល​ជាមួយ​ប្រទេស​ភូមា ហើយ​លោក ហ៊ុន សែន នៅតែ​រក្សា​ជំហរ​ទៅ​ជួប​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ដាច់អហង្ការ ដើម្បី​ពង្រឹង​ការ​រួបរួម​អាស៊ាន​ឡើងវិញ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ធ្នូ នេះ​ថា កម្ពុជា​អាច​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា ប្រសិនបើ​កម្ពុជា​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ជាពិសេស​បើក​នូវ​លំហ​សេរីភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​ភាព​ជា​គំរូ​ក្នុង​នាម​ខ្លួន​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​ខាងមុខ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ជំរុញ​ឱ្យ​តុលាការ​បើក​សវនាការ​លើ​ករណី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​កាយវិការ​មួយ​ល្អ​សម្រាប់​កម្ពុជា ដើម្បី​ដឹកនាំ​អាស៊ាន ក៏​ជា​តឹកតាង​មួយ​បង្ហាញ​ពិភពលោក​ផង​ដែរ​ថា កម្ពុជា​មិន​ត្រឹមតែ​អាច​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​របស់​ខ្លួន​បាន​ទេ ថែមទាំង​អាច​ដោះស្រាយ​វិបត្តិ​របស់​អាស៊ាន ដែល​ប្រធាន​អាស៊ាន​មុនៗ​ដោះស្រាយ​មិន​ចេញ​ផង​ដែរ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា នៅ​ពេល​ដែល​កម្ពុជា​អាច​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន​បាន​ជោគជ័យ​ហើយ​នោះ កម្ពុជា​ក៏​នឹង​មាន​មុខមាត់​ស័ក្ដិសម​ជា​ប្រធាន​អាស៊ាន​ក្នុង​ការ​រក​ដំណោះស្រាយ​វិបត្តិ​នៅ​ភូមា ផង​ដែរ។

បញ្ហា​នេះ ក៏​អាច​នឹង​កែប្រែ​ទស្សនៈ​របស់​ប្រទេស​មហាអំណាច​ខ្លះៗ​ដែរ ដែល​ធ្លាប់​រិះគន់​កម្ពុជា​កន្លងមក។ ជាង​នេះ​ទៀត ទំនាក់ទំនង​កម្ពុជា​ជាមួយ​នឹង​ប្រទេស​លោកសេរី ដូចជា​អាមេរិក ជាដើម ក៏​នឹង​អាច​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ​ថែម​ទៀត។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន គ្មាន​ជម្រើស​ណា​ល្អ​ដើម្បី​ជួយ​ស្ដារ​មុខមាត់​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា តាម​គ្រប់​វិធី​នោះ​ទេ ព្រោះ​ថា​ផលប្រយោជន៍​មហាអំណាច​ចិន​នៅ​ប្រទេស​ភូមា មាន​ទំហំ​ច្រើន​ជាង​នៅ​កម្ពុជា​រាប់​សិប​ដង ដូច្នេះ​បើ​រដ្ឋាភិបាល​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ដួល​រលំ​មហាអំណាច​ចិន នឹង​ខាតបង់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាមិនខាន។ ដូច្នេះ ក្នុង​នាម​លោក ហ៊ុន សែន ជា​កូនបំណុល​របស់​ចិន មាន​តែ​ទៅ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ដើម្បី​ការពារ​ផលប្រយោជន៍​ឱ្យ​ចិន ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ពេលនេះ​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ក្នុង​នាម​ប្រធាន​អាស៊ាន លោក ហ៊ុន សែន អាច​ចរចា​ឱ្យ​មេ​រដ្ឋប្រហារ​យោធា​ភូមា អនុវត្ត​តាម​សេចក្តី​សម្រេច​ទាំង ៥​ចំណុច​ដែល​របប​សឹក​ភូមា ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អាស៊ាន កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ​នេះ។ ក្នុង​នោះ​រួម​មាន៖

  1. ការ​ផ្អាក​នូវ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ជនស៊ីវិល​ដែល​ពុំ​មាន​ប្រដាប់​អាវុធ
  2. ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​គិត​ពី​ប្រយោជន៍​ប្រជាជន​ភូមា ជា​ធំ
  3. ការ​អនុញ្ញាត​ឲ្យ​ប្រេសិត​របស់​អាស៊ាន​អាច​ទៅ​ធ្វើ​ទស្សនកិច្ច និង​ជួប​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ
  4. ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ភូមា ពោល​គឺ​ទៅ​ដល់​ប្រជាជន​ភូមា
  5. និង​ការ​ដោះលែង​នូវ​អ្នកទោស​នយោបាយ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​ភូមា ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស