អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នឹងទៅជួបជាមួយមេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) មិនមែនតំណាងឲ្យកម្ពុជា និងតំណាងឲ្យសមាគមអាស៊ាននោះទេ ព្រោះថាលោក ហ៊ុន សែន មិនមែនជាប្រមុខរដ្ឋាភិបាលកម្ពុជាតំណាងឲ្យប្រជារាស្ត្រខ្មែរដោយស្របច្បាប់នោះទេ ហើយជំនួបនោះក៏ផ្ទុយពីសេចក្តីសម្រេចរបស់សមាគមអាស៊ានផងដែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ ធ្នូ នេះថា ការធ្វើដំណើររបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា មិនមែនជាការផ្តល់សិទ្ធិពីសមាគមអាស៊ាន ដើម្បីឱ្យគាត់ធ្វើជាតំណាងនោះទេ។ ជាងនេះទៀត តំណាងកម្ពុជា ក៏រឹតតែមិនស័ក្ដិសមទៅទៀត ត្បិតលោក ហ៊ុន សែន គ្រាន់តែជានាយករដ្ឋមន្ត្រីតំណាងសភាឯកបក្ស ដែលរំលោភរដ្ឋធម្មនុញ្ញ ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋតាមរយៈនៃការរំលាយបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ អំពាវនាវឱ្យសហគមន៍អាស៊ាន គួរតែដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំនៃប្រទេសទាំងពីរនេះ ដើម្បីលុបបំបាត់របបខុសច្បាប់ឱ្យអស់ រហូតដល់ការបោះឆ្នោតពិតប្រាកដត្រឡប់មកវិញ ព្រោះថាមេដឹកនាំផ្ដាច់ការជិតបួនទសវត្សរ៍របស់កម្ពុជា លោក ហ៊ុន សែន កំពុងព្យាយាមធ្វើឱ្យមានភាពស្របច្បាប់ចំពោះរដ្ឋាភិបាលរដ្ឋប្រហារយោធាដ៏ឃោរឃៅមួយនៅភូមា នៅពេលនេះ។
ការអះអាងរបស់លោក សម រង្ស៊ី ក្នុងន័យរិះគន់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលប្ដេជ្ញាថានឹងទៅជួបមេដឹកនាំយោធាផ្ដាច់ការភូមា ដើម្បីជួយឱ្យមេយោធាផ្ដាច់ការរូបនោះអាចចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានឱ្យបានក្នុងអាណត្តិខ្លួនជាប្រធានអាស៊ាន។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានអះអាងថា លោកនៅតែរក្សាជំហរទៅដោះស្រាយវិបត្តិនៅប្រទេសភូមា ដដែល។ ដូច្នេះ លោកអំពាវនាវសុំឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទុកឱកាសឱ្យលោកធ្វើការនេះឱ្យបានរួចរាល់ ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា បើដោះស្រាយបានឬមិនបាន ក៏មិនគួរនាំគ្នាបន្ទោសលោកដែរ ព្រោះការសម្រេចចិត្តធ្វើបែបនេះ ដោយសារតែកម្ពុជាត្រូវបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ានតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៦ ធ្នូ នេះថា រដ្ឋប្រហារយោធា និងអំពើហិង្សាដោយការបង្ក្រាបទៅលើបាតុករតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ដែលបានសម្លាប់មនុស្សជាង ១ពាន់នាក់ គឺពិតជាបានរំលោភលើគោលការណ៍ប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សប្រាកដមែន ប៉ុន្តែសហភាពអឺរ៉ុប និងសមាគមអាស៊ានក៏មិនអាចបោះបង់ប្រជាជនភូមាដែរ។
មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា ទោះជាសហគមន៍អន្តរជាតិមិនទទួលស្គាល់របបសឹកភូមា និងដាក់ទណ្ឌកម្មគ្រប់រូបភាពប្រឆាំងនឹងរបបនេះក៏ដោយ ប៉ុន្តែសហគមន៍អន្តរជាតិ រួមទាំងសមាគមអាស៊ានផង ត្រូវតែចូលរួមស្វែងរកដំណោះស្រាយចំពោះវិបត្តិរបស់ភូមានេះជាដាច់ខាត ដើម្បីបញ្ចៀសនូវសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងតំបន់ ជាពិសេសសោកនាដកម្មលើពលរដ្ឋភូមា ដែលទាមទារលទ្ធិប្រជាធិបតេយ្យនៅពេលនេះ ក៏ដូចជាការបញ្ចប់នូវរបបយោធាខុសច្បាប់មួយនេះផងដែរ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា ការប្ដេជ្ញារបស់លោក ហ៊ុន សែន ទៅជួយដោះស្រាយវិបត្តិនៅភូមា មិនខុសនោះទេ ប៉ុន្តែលោក ហ៊ុន សែន ត្រូវតែលើកឡើងពីរបៀបវារៈនៃការសម្រេចទាំង ៥ចំណុចរបស់អាស៊ានសម្រាប់ភូមា កន្លងមក មិនមែនគ្រាន់តែទៅជួបមេយោធាផ្ដាច់ការភូមា ដោយស្ងាត់ៗនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា ការព្រួយបារម្ភរបស់ពិភពលោកនៅពេលនេះ គឺលោក ហ៊ុន សែន ទៅជួបមេដឹកនាំយោធាដោយស្ងាត់ៗតែប៉ុណ្ណោះ ដែលអាចនឹងមិនចេញជាដំណោះស្រាយនៅភូមា ប៉ុន្តែបែរជាមានការឃុបឃិតជាមួយមេរដ្ឋប្រហារបង្ហូរឈាមទៅវិញ ដែលនាំឱ្យវិបត្តិនៅភូមា ធ្លាក់កាន់តែជ្រៅ ដែលអាចឱ្យលោក មីន អ៊ុងឡាំង កាន់អំណាចទាំងខុសច្បាប់បន្តទៀតដូចដែលលោក ហ៊ុន សែន ធ្លាប់បានអនុវត្តកន្លងមកនៅកម្ពុជា។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ គម្រោងគណនេយ្យភាពមីយ៉ាន់ម៉ា ឬ Myanmar Accountability Project (MAP) បានដាក់បណ្តឹងដោយអំពាវនាវឱ្យតុលាការទីក្រុងឡាអេ (International Criminal Court, ICC) ក្នុងប្រទេសហុឡង់ដ៍ បើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌមេរដ្ឋប្រហារភូមា លោក មីន អ៊ុងឡាំង ចំពោះការប្រើប្រាស់ទារុណកម្មយ៉ាងព្រៃផ្សៃ និងជាប្រព័ន្ធ ដែលជាផ្នែកមួយនៃការបង្ក្រាបដោយហិង្សាប្រឆាំងនឹងចលនាតវ៉ានៅប្រទេសភូមាកន្លងមក៕