29.3 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​ដំណោះស្រាយ​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ភូមា គឺ​ត្រូវ​និរទេស​ទាំង​គ្រួសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា មាន​ដំណោះស្រាយ​ជា​អាទិភាព​តែ​មួយ​គត់​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ភូមា មិនមែន​ធ្វើ​ច្បាប់​ការពារ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) នោះ​ទេ ប៉ុន្តែ​ត្រូវតែ​និរទេស​ទាំង​គ្រួសារ​របស់​មេ​រដ្ឋប្រហារ​បង្ហូរ​ឈាម​រូប​នោះ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ទាំងអស់ ហើយ​ដំណោះស្រាយ​ក្រៅពី​នេះ សុទ្ធតែ​ជា​សញ្ញាណ​នៃ​បណ្ដាសា​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ទាំងអស់។

អ្នកវិភាគ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ​ថា ការ​និរទេស​មេដឹកនាំ​របប​សឹក​នៅ​ភូមា លោក មីន អ៊ុងឡាំង គឺជា​វិធី​ល្អ​បំផុត​មួយ​ដែល​ទំនង​ជា​អាច​ដោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា បាន។

លោក គឹម សុខ អះអាង​ថា កិច្ចព្រមព្រៀង​ពិសេស​អំពី​ការ​និរទេស​នោះ​អាច​ធ្វើឡើង​ដោយ​ប្រទេស​សាមី ដែល​ព្រម​ទទួល​យក​គ្រួសារ​លោក មីន អ៊ុងឡាំង ឲ្យ​ជ្រកកោន និង​ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ ដោយ​មាន​ការ​យល់ស្រប​ពី​លោក មីន អ៊ុងឡាំង និង​អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ផង​ដែរ។

អ្នកវិភាគ​រូប​នេះ​បន្ថែម​ថា ដំណោះស្រាយ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ការ​តស៊ូ​ពលីកម្ម​ជីវិត​ជាង ១​ពាន់​នាក់​របស់​ប្រជាពលរដ្ឋ​ភូមា បាន​ផល​ដល់​គោលដៅ​សន្តិភាព​ប្រជាធិបតេយ្យ​ផង ហើយ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ក៏​មិន​បារម្ភ​ខ្លាច​អំពី​សុវត្ថិភាព​បន្ទាប់ពី​អស់​អំណាច​របស់​ខ្លួន​ផង​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា ករណី​នៅ​ប្រទេស​ថៃ និង​នៅ​កម្ពុជា ក៏​គួរតែ​ប្រើ​រូបមន្ត​ប្រហែល​គ្នា​នេះ​ដែរ បើ​មេដឹកនាំ​ទាំងនោះ​មាន​សុឆន្ទៈ​ដើម្បី​ប្រទេស​ជាតិ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​ភាព​ជាប់​គាំង​គ្រប់​បែប​យ៉ាង ដែល​កើតឡើង​ដោយសារ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​នា​ពេល​កន្លងមក។ លោក​បន្ថែម​ថា នៅ​ពេល​នោះ វិបត្តិ​គ្រប់​យ៉ាង​នឹង​បញ្ចប់ ហើយ​ការ​បោះឆ្នោត​ថ្មី​មួយ​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ជាមិនខាន។

ការ​អះអាង​នេះ ធ្វើឡើង​ដោយ​ទាញ​ការ​ប្រៀបធៀប​ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា និង​ការ​ដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា ដែល​គេ​មើលឃើញ​ថា សុទ្ធតែ​បណ្តាល​មកពី​អ្នក​កាន់​អំណាច​ផ្ដាច់ការ​ទាំងអស់ ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មេដឹកនាំ​យោធា​ភូមា គឺ​លោក មីន អ៊ុងឡាំង បាន​ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី និង​បាន​សម្លាប់​ពលរដ្ឋ​ដែល​បាន​ប្រឆាំង​តវ៉ា​នឹង​របប​សឹក​របស់​ខ្លួន​អស់​ជាង ១​ពាន់​នាក់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ជា​រដ្ឋាភិបាល​ដែល​ប្រើ​អំណាច​ផ្ដាច់ការ​មិន​ខុស​ពី​របប​សឹក​ភូមា​នោះ​ទេ។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ​បង្កើត​រដ្ឋប្រហារ​បង្ហូរ​ឈាម​សម្លាប់​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ ដើម្បី​ដណ្តើម​អំណាច​ពី​គណបក្ស​ឈ្នះ​ឆ្នោត​ឆ្នាំ​១៩៩៣។

ជុំវិញ​ការ​ធ្វើ​រដ្ឋប្រហារ​នោះ លោក ថូម៉ាស ហាំម៉ាប៊ឺក តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ទទួល​បន្ទុក​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​របាយការណ៍​របស់​ពួកគេ​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ខែ​តុលា ឆ្នាំ​១៩៩៧ ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា គឺជា “រដ្ឋប្រហារ” ពិតៗ ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ផ្ទាល់​តែម្តង។

ជុំវិញ​ព្រឹត្តិការណ៍​នេះ លោក ប្រ៊ែដ អាដាមស៍ ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ​យ៉ាង​ដិតដល់ បាន​អះអាង​ថា រដ្ឋប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ប្រមាណ​ជាង ២០០​នាក់ ក្នុង​នោះ​មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្សហ៊្វុនស៊ិនប៉ិច ដូចជា​លោក ចៅ សម្បត្តិ លោក ហូ សុខ និង​លោក ក្រូច យឿម ជាដើម ត្រូវ​បាន​គេ​សម្លាប់​ក្រោយ​ពេល​ដាក់​អាវុធ​ចុះចាញ់ ហើយ​អំពើ​ឃាតកម្ម​ទាំងនេះ​បង្ហាញ​ថា លោក ហ៊ុន សែន មិន​បាន​គោរព​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ស្តី​អំពី​ច្បាប់​សង្គ្រាម​នោះ​ឡើយ។

យ៉ាងណាក៏ដោយ មេ​កម្មាភិបាល​ពី​របប​ប្រល័យ​ពូជសាសន៍ លោក ហ៊ុន សែន អះអាង​ជា​រឿយៗ​ថា លោក​នឹង​បន្ត​កាន់​អំណាច​អស់​មួយ​ជីវិត ហើយ​បុរស​ខ្លាំង​រូប​នេះ​គំរាម​ថា បើ​មាន​គេ​ធ្វើ​ឃាត​លោក ព្រោះ​តែ​ដណ្តើម​អំណាច អ្នក​ទាំងនោះ​ក៏​មិន​រស់​ដែរ ហើយ​សង្គ្រាម​នឹង​កើត​មាន​ដោយ​ចៀស​មិន​ផុត​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស