33 C
Phnom Penh

កូរ៉េ​ខាងជើង​សម្លាប់​មនុស្ស ៧​នាក់​ក្រោម​បទ​ចោទ​មើល​វីដេអូ​ក្រុម​តន្ត្រី​កូរ៉េ​ខាងត្បូង K-pop

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​នៃ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នៅ​អាស៊ី​ខាងកើត គឺ​ប្រទេស​កូរ៉េ​ខាងជើង បាន​កាត់ទោស​ដោយ​បាញ់​សម្លាប់​ពលរដ្ឋ​របស់​ខ្លួន ៧​នាក់ ដោយសារ​តែ​មនុស្ស​ទាំងនេះ​បាន​មើល​វីដេអូ​នៃ​ក្រុម​តន្ត្រី​កូរ៉េ​ខាងត្បូង K-pop និង​ចែកចាយ​វីដេអូ​នោះ​ទៅ​អ្នក​ដទៃ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​មួយ​របស់​ក្រុម​សិទ្ធិមនុស្ស​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក The New York Times កាលពី​ថ្ងៃ​ទី​១៥ ធ្នូ។

អង្គការ​សិទ្ធិមនុស្ស​ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​អំពី​ការ​បាញ់​សម្លាប់​មនុស្ស ៧​នាក់​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ គឺ​ក្រុម​ការងារ​ដើម្បី​យុត្តិធម៌ និង​តម្លាភាព ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល។ អង្គការ​នេះ​មាន​ភស្តុតាង​ក្នុង​ដៃ ដោយសារ​បាន​សម្ភាស​ជាមួយ​នឹង​ពលរដ្ឋ​កូរ៉េ​ខាងជើង​ចំនួន ៦៨៣​នាក់​ដែល​បាន​រត់​មក​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។

ក្នុង​ចំណោម​មនុស្ស​ទាំងនេះ គឺ​មាន​សាក្សី​ឃើញ​នឹង​ភ្នែក ព្រោះ​ពួកគេ​ជា​អ្នក​កប់​សាកសព​ជន​រងគ្រោះ​ទាំង ៧​រូប​នោះ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​សន្តិសុខ​រដ្ឋ​កូរ៉េ​ខាងជើង។ តាម​សេចក្តី​រាយការណ៍​ពី​អង្គការ​នេះ មាន​មនុស្ស ២៣​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្រោម​ការ​មើល​ផ្ទាល់​របស់​មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន។

ចាប់តាំង​ពី​ឡើង​កាន់​អំណាច​ជំនួស​ឪពុក​របស់​ខ្លួន​រយៈពេល ១០​ឆ្នាំ​មក​នេះ សមមិត្ត គីម តែងតែ​បញ្ជា​ឱ្យ​ប្រព័ន្ធ​ឃោសនា​រដ្ឋ​របស់​ខ្លួន​ប្រឆាំង​ភាពយន្ត ឬ​បទចម្រៀង​របស់​កូរ៉េ​ខាងត្បូង បទចម្រៀង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ហៀរ​ចូល​ទឹកដី​កូរ៉េ​ខាងជើង ដោយ​ចោទ​ថា​ជា​ចម្រៀង ឬ​ភាពយន្ត​បញ្ឆេះ​មនោសញ្ចេតនា​ប្រឆាំង​របប​កុម្មុយនីស្ត ហើយ​ជន​ណា​លួច​មើល ឬ​ចែកចាយ​បទចម្រៀង ឬ​ភាពយន្ត​បរទេស ត្រូវតែ​ទទួល​ទោស​ដោយ​ប្រហារ​ជីវិត។ ការ​កាត់ទោស​ទៅលើ​មនុស្ស​ទាំងនោះ ដោយ​ចោទ​ថា​ជា​ក្រុម​ភេរវកម្ម ឬ​ក្រុម​វិច្ឆេទកម្ម ប៉ុន្តែ​ក្រុម​ការងារ​ដើម្បី​យុត្តិធម៌ និង​តម្លាភាព រក​ឃើញ​ថា ការ​បាញ់​សម្លាប់​មនុស្ស​ជា​សាធារណៈ​ដូចនេះ មិន​ត្រឹមតែ​មាន​នៅ​ពេលនេះ​ទេ គឺ​មាន​រាប់​ឆ្នាំ​ទៅ​ហើយ។

ចាប់តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៥៣ ប្រជាជន​កូរ៉េ​ខាងជើង​រាប់​ម៉ឺន​នាក់​បាន​រត់​មក​រស់នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង ដែល​ជា​សាច់ឈាម​នឹង​គ្នា ដោយ​ពួកគេ​ចេញពី​តំបន់​មួយ​ដែល​មាន​មនុស្ស ២០​ម៉ឺន​នាក់​រស់នៅ គឺ​តំបន់ Hyesan ក្នុង​ប្រទេស​កូរ៉េ​ខាងជើង។ អ្នក​ស្រុក Hyesan និយាយ​ថា មនុស្ស ៦​នាក់​ក្នុង​ចំណោម ៧​នាក់​ដែល​ត្រូវ​បាញ់​សម្លាប់​ព្រោះ​តែ​លួច​មើល​វីដេអូ​របស់​តន្ត្រី​កូរ៉េ​ខាងត្បូង។ មនុស្ស ៦​នាក់​ជា​អ្នក​ស្រុក Hyesan។ ពួកគេ​ត្រូវ​បាន​បាញ់​សម្លាប់​កាលពី​ឆ្នាំ​២០១៤។

តាម​ក្រុម​ការងារ​ដើម្បី​យុត្តិធម៌ និង​តម្លាភាព មិន​មែន​មាន​ត្រឹម​មនុស្ស​ចំនួន​ដូចនេះ​ត្រូវ​បាន​បាញ់​សម្លាប់​ជា​សាធារណៈ គឺ​មាន​រាប់​រយ​នាក់​ទៅ​ហើយ មាន​រហូត​ដល់​មេទ័ព និង​ឪពុកមា​ម្នាក់​របស់​លោក គីម ជុងអ៊ុន ទៀត​ផង។ ការ​បាញ់​សម្លាប់​មនុស្ស​ដោយ​ចោទ​អំពើ​ក្បត់​បក្ស តែងតែ​ធ្វើ​ឡើង​ជា​សាធារណៈ ហើយ​ថត​វីដេអូ​យក​ទៅ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ទៀត​ផង។

នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង បក្ស​ពលករ​ដែល​ជា​អ្នក​កំណត់​គោលនយោបាយ​ជាតិ បាន​ហាមឃាត់​ដាច់ខាត​ការ​មើល​ខ្សែភាពយន្ត​បរទេស គឺ​មាន​តែ​ខ្សែភាពយន្ត​ផលិត​ដោយ​បក្ស​ប៉ុណ្ណោះ​ដែល​អាច​មើល​បាន ហើយ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​របស់​រដ្ឋ។ កាលពី​ឆ្នាំ​២០១៨ ក្នុង​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ម៉ូន ចែអ៊ីន និង​មេដឹកនាំ គីម ជុងអ៊ុន គឺ​ក្រុម​តន្ត្រី K-pop ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​សម្ដែង ដើម្បី​បើក​ឆាក​ស្វាគមន៍​កិច្ចពិភាក្សា​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ។ ជំនួប​នៅ​ពេលនោះ ធ្វើឡើង​នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាងជើង។ តែ​ដល់​ឆ្នាំ​២០១៩ ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន បាន​ជួប​រឿង​បរាជ័យ ក៏​អាជ្ញាធរ​កូរ៉េ​ខាងជើង​ចាប់ផ្ដើម​បង្ក្រាប​ជន​ណា​ដែល​បាន​និយាយ​សរសើរ​ការ​សម្ដែង​របស់​តន្ត្រី K-pop។

ប្រទេស​ដ៏​អាថ៌កំបាំង​នេះ​ជា​រដ្ឋ​កុម្មុយនីស្ត​សន្តតិវង្ស គឺជា​ក្រុម​គ្រួសារ​ឡើង​កាន់​អំណាច​ត​ពី​ជីតា​ដល់​ចៅ។ បើ​ប្រៀបធៀប​នឹង​ការ​ដឹកនាំ​របស់​ជីតា គីម អ៊ីលស៊ុង និង​ឪពុក គីម ជុងអ៊ីល គឺ គីម ជុងអ៊ុន បាន​ដឹកនាំ​ប្រទេស​ក្នុង​កណ្ដាប់ដៃ​ដែក ដោយ​មិន​ញញើត​សម្លាប់​មនុស្ស​ដែល​ខ្លួន​សង្ស័យ​ថា​មាន​គំនិត​ក្បត់ ទោះ​ជា​មនុស្ស​នោះ​មាន​ជាប់​សាច់ឈាម​គ្រួសារ​ជាមួយ​នឹង​រូបលោក​ក៏ដោយ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៣ លោក គីម ជុងអ៊ុន បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ឪពុកមា​របស់​លោក គឺ​លោក ចាង សុងថេក ដោយ​អូស​ចេញពី​សភា​ទៅ​ប្រហារ​ជីវិត​ក្នុង​អំពើ​ទោស​ក្បត់​ជាតិ។

៤​ឆ្នាំ​ក្រោយ​មក គឺ​ក្នុង​ឆ្នាំ​២០១៧ លោក គីម ជុងអ៊ុន បាន​បញ្ជា​ឲ្យ​សម្លាប់​បងប្រុស​ខ្លួនឯង​ដែល​សាច់ឈាម​ជាមួយ​នឹង​ម្តាយ​ទីទៃ គឺ​លោក គីម ជុងណាម ដោយ​ដាក់​ថ្នាំបំពុល​នៅ​អាកាសយានដ្ឋាន​ក្រុង​កូឡាឡាំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី។ លោក គីម ជុងអ៊ុន ឡើង​កាន់​អំណាច​ត​ពី​ឪពុក​របស់​ខ្លួន​នៅ​ឆ្នាំ​២០១១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស