រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា អាវុធរបស់សហរដ្ឋអាមេរិកមួយចំនួនចាស់ៗអស់ហើយ ប្រសិនបើនៅតែបន្តប្រើអាវុធទាំងនោះទៀត មានតែបង្កមហន្តរាយសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះ ចំណែកអាវុធដែលអាចប្រើបាននៅសល់តិចតួចណាស់ ដូច្នេះក្រសួងការពារជាតិ កំពុងពិនិត្យមើលដើម្បីយកទៅរក្សាទុកក្នុងឃ្លាំង និងយកទៅកម្ទេចចោលនៅពេលនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កម្មវិធីបញ្ចុះបឋមសិលានៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែធ្នូ នេះ ថា អាវុធរបស់សហរដ្ឋអាមេរិកដែលមាននៅកម្ពុជាសព្វថ្ងៃនេះ គឺជាអាវុធចាស់ៗដែលសេសសល់នៅបាតឃ្លាំងតាំងពីសម័យ លន់ នល់ មកម្ល៉េះ មិនអាចឱ្យកងទ័ពកម្ពុជាប្រើប្រាស់បន្តទៀតបានទេ។
លោក ទៀ បាញ់ បញ្ជាក់ថា អាវុធរបស់សហរដ្ឋអាមេរិកមួយចំនួនចាស់អស់ហើយ នៅសល់តិចតួចណាស់ដែលអាចប្រើបាន ហើយកន្លងមក កម្ពុជាតែងតែទុកដាក់អាវុធទាំងនោះនៅតាមសារមន្ទីរ និងរក្សាទុកនៅក្នុងឃ្លាំង ជាដើម ប៉ុន្តែឥឡូវនេះក្រោមការបញ្ជារបស់លោក ហ៊ុន សែន តាមបណ្ដាអង្គភាពត្រូវរៀបចំទុកដាក់ និងត្រួតពិនិត្យឡើងវិញថា តើមានអាវុធប៉ុន្មានត្រូវរក្សាទុក និងប៉ុន្មានទៀតត្រូវបំផ្លាញចោល។

រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពកម្ពុជា-ចិន បានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើមូលដ្ឋាន «ឈ្នះឈ្នះ» និង «សន្តិសហវិជ្ជមាន» ទៅថ្ងៃអនាគត។
កាលពីថ្ងៃទី១០ ខែធ្នូ បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឱ្យអង្គភាពប្រដាប់អាវុធទាំងអស់ត្រួតពិនិត្យឡើងវិញជាបន្ទាន់ចំពោះអាវុធ និងសម្ភារៈយោធាអាមេរិក ថាតើត្រូវយកទៅរក្សាទុកក្នុងឃ្លាំងបន្តទៀត ឬយកទៅកម្ទេចចោលតាមការជាក់ស្តែង។
បទបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មអាមេរិក បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មបន្ថែមលើការរឹតត្បិតលក់អាវុធ និងសម្ភារៈយោធាឱ្យកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់យោធាចិន កាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo បញ្ជាក់ថា អាមេរិកនៅតែបន្តការប្ដេជ្ញាចិត្តគោរពចំពោះឯករាជភាព និងអធិបតេយ្យភាពរបស់កម្ពុជា តែអ្នកស្រីសង្កត់ធ្ងន់ថា អាមេរិកជំរុញឲ្យកម្ពុជាធ្វើឱ្យរីកចម្រើនចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងកាត់បន្ថយឥទ្ធិពលរបស់កងទ័ពចិននៅកម្ពុជា ដែលអ្នកស្រីថាកងទ័ពចិននៅកម្ពុជា គឺជាការគំរាមកំហែងដល់សន្តិសុខតំបន់ និងពិភពលោកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ ធ្នូ នេះថា ការលើកឡើងរបស់លោក ទៀ បាញ់ គ្រាន់តែនិយាយដើម្បីជួយសម្រាលសម្ដីខុសជ្រុលហួសរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។
លោក គឹម សុខ លើកឡើងថា កម្ពុជាអាចមានអាវុធចាស់ៗរបស់អាមេរិកច្រើនមែន ប៉ុន្តែការពិនិត្យអាវុធចាស់ថ្មី ទោះជាអាវុធទិញពីប្រទេសណាក៏ដោយ អ្នកបច្ចេកទេសត្រួតត្រាឃ្លាំងត្រូវតែត្រួតពិនិត្យជាប្រចាំ ហើយក៏ជារឿងសម្ងាត់របស់កងទ័ពជាតិដែរ។ លោកបន្ថែមថា បើទោះបីជាត្រូវរក្សាទុក ឬត្រូវកម្ទេចចោល វាជាការសម្រេចផ្ទៃក្នុងជួរកងទ័ព គ្មានត្រូវការយកមកនិយាយជះកំហឹងជាសាធារណៈដាក់ភាគីណាមួយដូចលោក ហ៊ុន សែន បានធ្វើដាក់សហរដ្ឋអាមេរិកនោះទេ។
អ្នកវិភាគរូបនេះគូសបញ្ជាក់ថា ទង្វើរបស់លោក ហ៊ុន សែន ស្មើនឹងបង្ហាញចំណុចខ្សោយនៃវិស័យការពារជាតិកម្ពុជា ទៅដល់បរទេសជិតខាង ជាពិសេសប្រទេសឈ្លានពានកម្ពុជាផង និងបង្កជម្លោះដែលគ្មានផលចំណេញជាមួយអាមេរិកផងដែរ៕