បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ស្នើទៅប្រធានាធិបតីវៀតណាម លោក ង្វៀង ស៊ួនហ្វុក (Nguyen Xuan Phuc) ឱ្យគោរពដែនអធិបតេយ្យភាពរបស់ខ្មែរដែលវៀតណាម បានរំលោភតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។
ការទាមទារនេះ ធ្វើឡើងនៅមួយថ្ងៃមុនដំណើរទស្សនៈរបស់លោក ង្វៀង ស៊ួនហ្វុក (Nguyen Xuan Phuc) មកកាន់ប្រទេសកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះថា ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខ ដែលបានប្ដេជ្ញាថានឹងខិតខំដោះស្រាយវិបត្តិក្នុងចំណោមប្រទេសសមាជិកអាស៊ានជាមួយប្រទេសចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងនោះ គឺជាឱកាសល្អបំផុតសម្រាប់កម្ពុជាបញ្ជាក់អំពីជំហររបស់ខ្លួនក្នុងការការពារផលប្រយោជន៍របស់កម្ពុជា ទោះបីជាត្រូវធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយវៀតណាមដល់ជម្រៅយ៉ាងណាក៏ដោយ។
ប្រភពដដែលជំរុញឱ្យមេដឹកនាំបក្សកាន់អំណាច ស្នើទៅមេដឹកនាំវៀតណាម លោក ង្វៀង ស៊ួនហ្វុក ត្រូវតែទទួលយកជនជាតិរបស់ខ្លួនដែលចូលមករស់នៅខុសច្បាប់នៅកម្ពុជា ឲ្យត្រឡប់ទៅប្រទេសវៀតណាម វិញ។ បន្ថែមពីនេះ រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ត្រូវតែបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញគ្រប់ទម្រង់លើពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ហើយត្រូវគោរពសិទ្ធិសេរីភាពរបស់ពួកគេតាមគោលការណ៍ធានាការពារដោយអង្គការសហប្រជាជាតិឱ្យបានដាច់ខាត។
លោក ទូច វិបុល ទាមទារឱ្យមេដឹកនាំវៀតណាម ត្រូវតែគោរពច្បាប់សមុទ្រឆ្នាំ១៩៨២ ឬហៅកាត់ថា UNCLOS 1982 ដោយប្រគល់មកឲ្យប្រទេសកម្ពុជាវិញនូវកោះត្រល់ ចង្កោមកោះក្រចកសេះ និងទំហំផ្ទៃទឹកសមុទ្រទាំងអស់របស់កម្ពុជា ដែលវៀតណាមកំពុងគ្រប់គ្រងទាំងខុសច្បាប់ ដូចដែលរដ្ឋាភិបាលវៀតណាមបានទាមទារឲ្យប្រទេសចិន គោរពច្បាប់សមុទ្រឆ្នាំ១៩៨២ ដូច្នោះដែរ។ ជាងនេះទៀត រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវតែហ៊ានប្រកាសប្រាប់ប្រទេសវៀតណាម ថា ក្នុងស្ថានភាពកម្ពុជាពុំទាន់មានឯកភាពជាតិនៅពេលនេះ កម្ពុជាត្រូវការផ្អាកការបោះបង្គោលព្រំដែនគោកដែលនៅសល់ជាមួយប្រទេសវៀតណាម ជាបណ្ដោះអាសន្នសិន និងរក្សាសិទ្ធិសើរើឡើងវិញផងដែរលើបង្គោលព្រំដែនដែលបានបោះរួចជាលក្ខណៈទ្វេភាគីពីមុនមក។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យរូបនេះ ថ្កោលទោសដាច់អហង្ការចំពោះប្រទេសវៀតណាម ដែលនៅរក្សាមហិច្ឆតាបន្តរំលោភអធិបតេយ្យភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ដោយឡែកមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ក៏ត្រូវតែហ៊ានប្រកាសប្រាប់មេដឹកនាំវៀតណាម អំពីកាតព្វកិច្ចដែលរដ្ឋាភិបាលកម្ពុជាត្រូវការពារប្រយោជន៍របស់ប្រជាជាតិខ្មែរ ដោយរក្សាជំហរលើគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងយុត្តាធិការច្បាប់អន្តរជាតិនានា។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំវៀតណាម លោក លោក ង្វៀង ស៊ួនហ្វុក កំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃនៅដើមសប្តាហ៍នេះ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីថ្មីនៃប្រទេសវៀតណាម លោក ង្វៀង ស៊ួនហ្វុក មកកាន់កម្ពុជាពេលនេះ គឺជាការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សន្តិភាព ស្ថិរភាពយូរអង្វែង និងដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។
ចាប់តាំងពីឆ្នាំ១៩៨៥ ក្រោយពីលោក ហ៊ុន សែន ត្រូវបានរដ្ឋាភិបាលវៀតណាម លើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរមក ត្រូវគេមើលឃើញថា មេដឹកនាំខ្មែរ លោក ហ៊ុន សែន បានចូលដៃជាមួយរដ្ឋការក្រុងហាណូយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា និងឯកសារខុសច្បាប់គ្រប់បែបយ៉ាងដែលសុទ្ធសឹងតែជាលក្ខខណ្ឌក្នុងការកាត់ទឹកដី និងដាក់អធិបតេយ្យភាពរបស់ខ្លួនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមទាំងស្រុង។
ការចុះហត្ថលេខាខុសច្បាប់ទាំងនោះរួមមាន៖
- កិច្ចព្រមព្រៀងស្ដីពីព្រំដែនទឹកឆ្នាំ១៩៨២
- សារាចរអនុញ្ញាតឲ្យជនជាតិវៀតណាម អាចចូលកម្ពុជាទាំងខុសច្បាប់អន្តោប្រវេសន៍របស់ខ្លួនកាលពីឆ្នាំ១៩៨៦
- កិច្ចព្រមព្រៀងស្ដីពីលក្ខន្តិកៈព្រំដែនរដ្ឋឆ្នាំ១៩៨៣
- សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាដើម។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រោមកិច្ចព្រមព្រៀងខុសច្បាប់ទាំងនេះ វៀតណាមបានកាត់ឆ្វៀលយកទឹកដីខ្មែរជាច្រើនអន្លើ ដូចជាចង្កោមកោះក្រចកសេះ គ្រប់គ្រងដែនអាកាស ព្រមទាំងដាក់ផ្ទៃសមុទ្រទំហំ ១ម៉ឺនគីឡូម៉ែត្រក្រឡាដែលជាកម្មសិទ្ធិរបស់កម្ពុជា ឲ្យទៅជាដែនទឹករួមគ្នាជាមួយវៀតណាម ផងដែរ។
យ៉ាងណាក៏ដោយ កាលពីខែកក្កដា ឆ្នាំ២០២០ អគ្គលេខាធិការមជ្ឈិមបក្សវៀតណាម និងជាប្រធានរដ្ឋវៀតណាម លោក ង្វៀន ភូទ្រង់ ធ្លាប់បានជំរុញឲ្យលោក ហ៊ុន សែន បន្តអនុវត្តកិច្ចសន្យារវាងកម្ពុជា-វៀតណាម ឲ្យបានល្អបន្តទៀតផងដែរ៕