មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា តំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកប្រចាំរដ្ឋ California អ្នកស្រី យ៉ង់ គីម ក្នុងនាមតំណាងគណៈកម្មាធិការសន្តិសុខជាតិ និងកិច្ចការបរទេសនៃរដ្ឋសភាជាតិអាមេរិក ចង់ឃើញកម្ពុជាផ្តល់យុត្តិធម៌ជូនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យមានសេរីភាពពេញលេញ ដើម្បីបានចូលរួមធ្វើនយោបាយឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២ ធ្នូ នេះថា តំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក អ្នកស្រី យ៉ង់ គីម មកពីគណបក្សសាធារណរដ្ឋ សម្ដែងការនឹករឭក និងសួរសុខទុក្ខប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងត្រូវបិទសិទ្ធិសេរីភាពនយោបាយអស់រយៈពេលជាង ៤ឆ្នាំមកនេះ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា អ្នកស្រី យ៉ង់ គីម បានលើកឡើងថា អ្នកស្រីពិតជាមានអារម្មណ៍ក្តុកក្តួលណាស់ចំពោះករណីចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីឆ្នាំ២០១៧ និងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជានៅពេលនោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា តំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក អ្នកស្រី យ៉ង់ គីម ជំរុញឱ្យលោកបន្តបេសកកម្មការងារនយោបាយជួយទឹកដីខ្មែរ ក្នុងការសាបព្រោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីបង្រួបបង្រួមជាតិខ្មែរគ្រប់និន្នាការទាំងអស់ដែលចង់បានលទ្ធិប្រជាធិបតេយ្យ និងការផ្លាស់ប្ដូរដោយសន្តិវិធីបន្តទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានជួបជាមួយតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកដែលមកពីគណបក្សសាធារណរដ្ឋ អ្នកស្រី យ៉ង់ គីម កាលពីពេលថ្មីៗនេះ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះមានរយៈពេលជាង ៤ឆ្នាំហើយ ប្រធានបក្សប្រឆាំងនៅតែមានភាពស្អាតស្អំនៅឡើយ ព្រោះថាលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ខណៈតុលាការកម្ពុជានឹងបើកសវនាការលើករណីមេបក្សប្រឆាំងរូបនេះនៅអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្លាប់អះអាងកាលពីចុងខែមីនា ឆ្នាំ២០២១ ថា បណ្តាប្រទេសលោកសេរីនៅតែទទួលស្គាល់អំពីគុណតម្លៃរបស់លោកក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ថែមពីនេះ ពួកគេក៏បានទទួលស្គាល់នូវគោលជំហររបស់លោកដែលតែងប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងការស្វែងរកដំណោះស្រាយលើបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋខ្មែរផងដែរ។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា នយោបាយការបរទេសរបស់មេបក្សប្រឆាំង លោក កឹម សុខា គឺជាការងាររំលត់កម្ដៅនយោបាយ ស្វែងរកដំណោះស្រាយតាមបែបអហិង្សា មិនសម្ដែង មិនអួតអាង និងមិនឆ្កឹះឆ្កៀលឌឺដងបង្កជាអណ្ដាតភ្លើងបង្កើនកម្ដៅនយោបាយសម្រាប់កម្ពុជានោះទេ៕