ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ នៅប្រទេសភូមា កើតមានឡើង គឺបណ្ដាសមាជិកអាស៊ានភាគច្រើនបានថ្កោលទោសរបបសឹក។
អ្វីដែលធ្វើឱ្យសមាជិកអាស៊ានខកចិត្ត ព្រោះតែពួកយោធាមិនបានអនុវត្តផែនការប្រាំចំណុចរបស់មេដឹកនាំអាស៊ានកាលពីខែមេសា ដែលនាំឱ្យសមាជិកអាស៊ានរារាំងការចូលរួមរបស់ភូមា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងខែតុលា និងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ក្នុងខែវិច្ឆិកា។
ទោះបីជាមានការព្រួយបារម្ភដោយរដ្ឋអាស៊ានផ្សេងទៀតក៏ដោយ ក៏នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ពេលនេះកំពុងអំពាវនាវឱ្យមានការចូលរួមជាមួយយោធា ដោយលោកយល់ថាជាមធ្យោបាយឆ្ពោះទៅមុខ ដើម្បីដំណោះស្រាយ គឺមានតែជួបមេដឹកនាំភូមា។ គេបានឃើញទំនាក់ទំនងបានកើតមានឡើងដែលរដ្ឋមន្ត្រីក្រសួងការបរទេសដែលតែងតាំងដោយពួកយោធា គឺលោក Wunna Maung Lwin បានទៅទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ដោយភ្ជាប់ពាក្យសម្ដីជាមួយលោក ហ៊ុន សែន ហើយអញ្ជើញឱ្យលោក ហ៊ុន សែន ទៅកាន់ភូមា។ លោកក៏បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅភូមា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដើម្បីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ពួកយោធា រួមទាំងអគ្គមេបញ្ជាការ និងមេដឹកនាំរដ្ឋប្រហារ មីន អ៊ុងឡាំង (Min Aung Hlaing) នៅក្នុងអ្វីដែលនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកម្ពុជារូបនេះទៅចាប់ដៃជាមួយនឹងមេរដ្ឋប្រហារ។
Allegra Mendelson ដែលជាអ្នកព័ត៌មានជាន់ខ្ពស់នៃបណ្ដាញផ្សាយព័ត៌មាន Aljazeera បានសម្រង់វិភាគលើរឿងនេះ ដោយសួរនាំក្រុមអ្នកវិភាគអន្តរជាតិ និងអ្នកនយោបាយបរទេសជាច្រើនដូចតទៅ៖
លោក Charles Santiago ប្រធានអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដែលជាបណ្ដាញសមាជិកសភាតស៊ូមតិដើម្បីសិទ្ធិមនុស្សក្នុងតំបន់។ លោកបាននិយាយថា វិធីសាស្ត្ររបស់អាស៊ានចំពោះប្រទេសភូមា នៅឆ្នាំនេះ ប្រហែលមិនមែនជោគជ័យដ៏អស្ចារ្យទេ ប៉ុន្តែជាជោគជ័យរបស់លោក ហ៊ុន សែន ដែលបានជួបជាមួយមេរដ្ឋប្រហារនៅភូមាទៅវិញទេ។
អ្នកសង្កេតការណ៍អាស៊ានមួយចំនួនជឿថា ការផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយរដ្ឋាភិបាលយោធា ទំនងបានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ានមិនត្រូវការអ្នកពាក់ឯកសណ្ឋានយោធា មកប្រជុំជំនួសប្រជាជនភូមានោះទេ។
សម្រាប់ Aljazeera បានពិពណ៌នាថា ការប្រកាន់ជំហរនាពេលថ្មីៗនេះរបស់លោក ហ៊ុន សែន លើកិច្ចការការទូតដែលគេប្រដូចទៅនឹងពួក Cowboy ជាពាក្យសំដៅលើយុទ្ធសាស្ត្រការទូតដ៏ប្រថុយប្រថាន និងឃោរឃៅ បានធ្វើឱ្យដៃគូក្នុងតំបន់ជាច្រើនរបស់លោកមានការព្រួយបារម្ភ។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបាននិយាយយ៉ាងម៉ឺងម៉ាត់ថា សមាជិកគ្រួសាររបស់អាស៊ាន គឺភូមា ហើយប្រសិនបើមិនធ្វើការជាមួយអាជ្ញាធរក្នុងប្រទេសភូមា ថាតើត្រូវធ្វើការជាមួយអ្នកណា។ លោកបានជំទាស់ចំពោះអ្នករិះគន់ដែលបានចោទសួរការសម្រេចចិត្តរបស់លោក ក្នុងការជួបជាមួយយោធាភូមា ដោយប្រាប់ពួកគេថា សូមកុំរំខាន ហើយសូមផ្តល់ឱកាសឱ្យលោកដោះស្រាយបញ្ហានេះជាមុនសិន។

លោក Charles Dunst សមាជិកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បាននិយាយសំដៅលើតួនាទីរបស់លោក ហ៊ុន សែន ក្នុងការចរចានៅពេលចុងក្រោយរបស់លោកជាមួយក្រុមបំបែកខ្លួនទ័ពព្រៃខ្មែរក្រហម ដែលលោក ហ៊ុន សែន អះអាងថានេះជាបទពិសោធន៍របស់លោកនៅកម្ពុជាក្រោយសង្គ្រាម។
អ្នកវិភាគរូបនេះថា លោក ហ៊ុន សែន ជឿថាលោកជាអ្នកបង្កើតសន្តិភាព។
ទោះបីជារបបខ្មែរក្រហមដែលទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍លើអាយុជីវិតប្រជាជនប្រហែល ២លាននាក់ ត្រូវបានផ្តួលរំលំជាផ្លូវការនៅឆ្នាំ១៩៧៩ ដោយការលុកលុយរបស់កងកម្លាំងវៀតណាមក៏ដោយ ក៏របបនេះនៅតែរក្សាបាននូវទីតាំងរឹងមាំនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា។ លោក ហ៊ុន សែន បានអះអាងជាយូរមកហើយថា នេះជានយោបាយឈ្នះឈ្នះរបស់លោក ហើយក៏ជាយុទ្ធសាស្ត្រដែលលោកបានបង្កើតឡើង ដើម្បីលើកទឹកចិត្តការរត់ចោលជួរនៃកងទ័ពព្រៃខ្មែរក្រហម ដែលជាទីបញ្ចប់នៃការប្រយុទ្ធគ្នា ហើយមធ្យោបាយតែមួយគត់របស់លោកក្នុងការទប់ស្កាត់ករណីភូមា គឺតាមរយៈការចូលរួមជាមួយរបបយោធា ជាជាងដាក់ឱ្យពួកយោធានៅដាច់ឡែកពីគេ។ តែយ៉ាងណា ភាពជោគជ័យនេះ នឹងមិនអាចទាយទុកជាមុនបានទេ។ វាអាចជាការប្រថុយមួយដែរ ហើយស្ថានការណ៍នៅក្នុងប្រទេសភូមា អាចកាន់តែអាក្រក់ទៅក៏ថាបាន។
ចាប់តាំងពីរដ្ឋប្រហារមក របបយោធាភូមាបានសម្លាប់មនុស្សជាង ១៣៤០នាក់។ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដោយរបបនេះនៅតែបន្តបង្ក្រាបក្រុមបាតុករ និងប៉ះទង្គិចជាមួយចលនាតស៊ូប្រដាប់អាវុធដែលកំពុងកើនឡើង។
សម្រាប់បណ្ដាញផ្សាយព័ត៌មាន Aljazeera យល់ឃើញថា ការទូតបែបកម្ពុជានេះ បានធ្វើឱ្យមនុស្សជាច្រើនមានបញ្ហានៅក្នុងលក្ខណៈសម្បត្តិរបស់អាស៊ាន ជាមួយនឹងការអះអាងថា មេដឹកនាំកម្ពុជាដែលគេហៅថាបុរសខ្លាំង កំពុងធ្វើសកម្មភាពដោយខ្លួនឯងដោយមិនស្តាប់អ្នកដទៃនៅក្នុងសមាគមឡើយ។

សមាជិកសភាប្រទេសម៉ាឡេស៊ី លោក Santiago មានការព្រួយបារម្ភជាពិសេសចំពោះការខ្វះតម្លាភាពជុំវិញការលើកទឹកចិត្តរបស់លោក ហ៊ុន សែន និងសមត្ថភាពដែលលោកកំពុងប្រតិបត្តិការ ជាពិសេសពេលលោកត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចនៅភូមា។ អ្នកនយោបាយរូបនេះថាលោក ហ៊ុន សែន កំពុងធ្វើរឿងនេះជាឯកតោភាគី។
លោក Santiago សួរថា តើនរណាបានផ្តល់សិទ្ធិអំណាចឱ្យបុរសនេះធ្វើដូចនេះ? តើលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅភូមា ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសមត្ថភាពផ្ទាល់ខ្លួន ឬក៏តំណាងឱ្យអាស៊ាន? ជំហររបស់លោកត្រូវតែមានភាពច្បាស់លាស់ ហើយលោកត្រូវតែនិយាយជាសាធារណៈថា តើមានការគាំទ្រពីអាស៊ានសម្រាប់កិច្ចប្រជុំនោះដែរទេ? បើមិនដូច្នេះទេ នេះគឺជាបញ្ហារបស់អាស៊ាន។
លោក Santiago បន្តថា អ្នកដែលគួរទៅមិនមែនជាលោក ហ៊ុន សែន ទេ។ អ្នកដែលគួរធ្វើដំណើរទៅកាន់ប្រទេសភូមា គឺជាបេសកជនពិសេសរបស់អាស៊ាន។
កម្ពុជាបានប្រកាសកាលពីថ្ងៃទី១៥ ខែធ្នូ ដោយតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេស គឺលោក ប្រាក់ សុខុន ជាបេសកជនពិសេសអាស៊ានថ្មីប្រចាំប្រទេសភូមា តាមការសម្រេចជាឯកតោភាគីរបស់លោក ហ៊ុន សែន។ មានការសង្កេតឃើញថា លោក ប្រាក់ សុខុន បានដើរតាមការដឹកនាំរបស់លោក ហ៊ុន សែន លើប្រទេសភូមា តាំងពីដើមដំបូងមក ដែលថ្មីៗនេះដោយបានជួបផ្ទាល់ជាមួយលោក Wunna Maung Lwin។
ការខ្វែងគំនិតរបស់កម្ពុជាអំពីជំហរអាស៊ាន បានបង្កឱ្យមានការព្រួយបារម្ភផងដែរថា តើព្រះរាជាណាចក្រកម្ពុជា នឹងរក្សាផែនការសន្តិភាពចំនួនប្រាំចំណុចដែលត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា ដែរឬទេ។
ចំណុចទាំងប្រាំនៃមតិឯកភាពចែងថា បេសកជនពិសេស និងគណៈប្រតិភូនឹងជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ រហូតមកដល់ពេលនេះ កម្ពុជាទើបតែបានផ្ដួចផ្ដើមការផ្សព្វផ្សាយជាមួយយោធា ដោយបានព្រងើយកន្តើយចំពោះរដ្ឋាភិបាលរួបរួមជាតិដែលជាក្រុមជនស៊ីវិលធ្វើការតស៊ូ ដើម្បីទទួលបានការទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសភូមា ដែលក្រុមនេះត្រូវបានទទួលស្គាល់ដោយសហគមន៍ធំៗ ដូចជាសហភាពអឺរ៉ុប សភាអន្តរជាតិ IPU សហរដ្ឋអាមេរិក រហូតដល់មហាសន្និបាតនៃអង្គការសហប្រជាជាតិទៀតផង។
ជាមួយគ្នានេះ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជួបពិភាក្សាជាមួយលោក Min Aung Hlaing កាលពីថ្ងៃទី៨ ខែធ្នូ តាមរយៈការហៅតាមវីដេអូ គឺលោក វង្ស ពិសេន បានអញ្ជើញមេដឹកនាំរដ្ឋប្រហារចូលរួមក្នុងកិច្ចប្រជុំជាមួយប្រមុខកងកម្លាំងការពារជាតិអាស៊ាន ដែលនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២២។ ត្រង់ចំណុចនេះហើយដែល Joanne Lin ជាអ្នកស្រាវជ្រាវនាំមុខគេក្នុងកិច្ចការនយោបាយ-សន្តិសុខនៅមជ្ឈមណ្ឌលសិក្សាអាស៊ាន វិទ្យាស្ថាន ISEAS-Yusof Ishak និយាយថា លោក ហ៊ុន សែន មានបំណងចង់ឱ្យភូមាចូលរួមក្នុងកិច្ចប្រជុំទាំងអស់របស់អាស៊ាន ហើយកម្ពុជាអាចចូលរួមបានយ៉ាងល្អជាមួយយោធា ប៉ុន្តែនេះមិនមែនជាអ្វីដែលអាស៊ានកំពុងស្វែងរកនោះទេ។
ការសម្រេចចិត្តរបស់កម្ពុជាលើប្រទេសភូមា ក៏បានជំរុញឱ្យមានចម្ងល់ថា តើព្រះរាជាណាចក្រកម្ពុជាកំពុងរងឥទ្ធិពលពីតួអង្គខាងក្រៅដែរឬទេ ដែលគេសង្ស័យច្រើនទៅលើប្រទេសចិន ជាជាងប្រទេសជប៉ុន ដែលលោក ហ៊ុន សែន បានលើកឡើងថា លោកបានពិភាក្សាអំពីការសម្រេចចិត្តជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពហុភាគី។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ជំហររបស់លោក ហ៊ុន សែន ចំពោះប្រទេសភូមា បានកើតឡើងបន្ទាប់ពីបេសកជនពិសេសរបស់ចិន លោក Sun Guoxiang បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងប្រ៊ុយណេ ដើម្បីបញ្ចុះបញ្ចូលឱ្យយល់ព្រមយកមេរដ្ឋប្រហារភូមា មីន អ៊ុងឡាំង ចូលរួមក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ាន កាលពីខែវិច្ឆិកា ប៉ុន្តែចិនបរាជ័យ ដោយសារមានការជំទាស់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
ព្រោះតែចិនកំពុងគាំទ្ររបបយោធាដើម្បីការពារការវិនិយោគ និងផលប្រយោជន៍របស់ចិន គឺពិតណាស់ដែលចិនត្រូវជំរុញកម្ពុជាឱ្យផ្លាស់ប្ដូរជំហរឡើងវិញចំពោះរបបសឹកភូមា។ តែបើទៅមិនរួចទេ សូមកម្ពុជាព្យាយាមប្រញាប់ដកខ្លួនវិញ ពីព្រោះអាចធ្វើឲ្យអាស៊ានបែកបាក់សាមគ្គីគ្នាដោយសារកម្ពុជា៕