បុរសសម្ដីផ្អែម មុខមាំ ម៉ឺងម៉ាត់ ប្រកបដោយទេពកោសល្យខ្ពស់ និងវោហារសព្ទពេញខ្លួនដែលហ៊ានចេញមុខដោះស្រាយបញ្ហារបស់ពលរដ្ឋថ្នាក់មូលដ្ឋាន គឺលោក ម៉ៅ ធនិន។ មូលហេតុអ្វីបានជាលោក ម៉ៅ ធនិន អាចមានសិទ្ធិ និងមានអំណាចអាចដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាន? តើបុរសរូបនេះជានរណាឲ្យប្រាកដ?
លោក ម៉ៅ ធនិន បច្ចុប្បន្ននេះជាអភិបាលខេត្តកំពត ទើបបានតែងតាំងថ្មីជំនួសលោក ជាវ តាយ ដែលត្រូវផ្ទេរភារកិច្ចទៅខេត្តពោធិ៍សាត់ វិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ម៉ៅ ធនិន បានឆក់យកបេះដូងពលរដ្ឋ ជាពិសេសអ្នកនៅតាមមូលដ្ឋានមិនចាញ់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មាននោះទេ ដោយសារតែវោហារសព្ទរបស់លោក។ គេអាចនិយាយបានតាមមួយបែបទៀតថា ក្នុងចំណោមអភិបាលខេត្តទាំង ២៥រាជធានី-ខេត្ត ស្ទើរតែពុំមានអភិបាលខេត្តណាម្នាក់អាចទាក់ទាញប្រជាប្រិយភាពស្មើលោកបាននៅឡើយដែររហូតមកដល់ពេលនេះ។
លោក ម៉ៅ ធនិន ចាប់ប្រើប្រាស់ជំនាញរបស់លោកក្នុងតួនាទីជាប្រធានគណៈកម្មាធិការសុរិយោដីថ្នាក់ខេត្ត ដោះស្រាយបញ្ហាប្រឈមនានាកម្រិតមូលដ្ឋានជូនពលរដ្ឋ ក្រោយពីលោកឡើងជាអភិបាលខេត្តពោធិ៍សាត់។
នៅចំពោះមុខបញ្ហាដែលលោកដោះស្រាយបញ្ចប់រឿងវិវាទ គេសង្កេតឃើញថា ភាគច្រើនគឺជារឿងក្តីក្នុងគ្រួសារច្រើនជាងបញ្ហាដែលប្រឈមជាលក្ខណៈទ្រង់ទ្រាយធំ ដូចជាទំនាស់ដីសមូហភាព ឬដីសហគមន៍ ជាដើម។ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបែបនេះ នាំឱ្យលោក ម៉ៅ ធនិន អាចទទួលបានការស្វាគមន៍ និងសាទរមិនតិចណាស់ទេពីមហាជនទូទៅ។

តាមពិតទៅ យន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ ក៏ត្រូវបានកំណត់ដោយច្បាប់ និងយន្តការមួយចំនួនទៀតដែរ។ គោលការណ៍នេះ ក៏វាមិនខុសគ្នាទៅនឹងនីតិវិធីមួយចំនួន ដូចមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសស្ដីពីសមាជជាតិ។
ប្រហែលស្ថិតក្រោមនីតិវិធីទាំងនេះហើយទើបអាចជាដើមចមដែលនាំឱ្យលោក ម៉ៅ ធនិន ប្រើប្រាស់យន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ យមមកអនុវត្តក្នុងដែនសមត្ថកិច្ចរបស់លោកដែលអាចធ្វើបាន។ បើគេពិនិត្យមើលទៅភាពអំណោយផលរបស់លោក ម៉ៅ ធនិន នៅពេលនេះ អាចមានករណីពិសេសផ្សេងពីនេះផងក៏ថាបាន បើធៀបទៅនឹងចៅហ្វាយខេត្តដទៃទៀត។
គេពិតជាពិបាកប្រកែកបានណាស់ថា គ្រប់ចៅហ្វាយខេត្ត និងគ្រប់អាណត្តិនៃការផ្ទេរខេត្តគ្នាកាន់ សុទ្ធតែមានលទ្ធភាពដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានដូចលោក ម៉ៅ ធនិន ណាស់។ បញ្ហានេះ បង្កើតបានជាសំណួរជាច្រើនថា តើមូលហេតុអ្វីទើបលោក ម៉ៅ ធនិន អាចមានសិទ្ធិជ្រើសរើសយន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះបាន? ហើយហេតុអ្វីបានជាចៅហ្វាយខេត្តផ្សេងទៀតមិនអនុវត្តដូចចៅហ្វាយខេត្តកំពត ដែលទើបត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ទេរភារកិច្ចថ្មីនេះដែរទៅ?
មានដើមកំណើតនៅខណ្ឌច្បារអំពៅ ទីក្រុងភ្នំពេញ ហើយម្តាយជាគ្រូពេទ្យ លោក ម៉ៅ ធនិន បានរៀបការជាមួយអ្នកស្រី ហ៊ុន ចាន់ធី ដែលត្រូវជាកូនស្រីបង្កើតរបស់អ្នកស្រី ហ៊ុន ប៊ុនធឿន។ អ្នកស្រី ហ៊ុន ប៊ុនធឿន គឺជាប្អូនស្រីពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើនិយាយទៅ អភិបាលខេត្តកំពត នៅពេលនេះ គឺជាក្មួយប្រសារបស់លោក ហ៊ុន សែន តែម្តង។

ភាពលេចធ្លោរបស់លោក ម៉ៅ ធនិន នេះវាអាចគួបផ្សំនឹងទេពកោសល្យរបស់លោកដែរ។ បើពិនិត្យរាល់ការសម្រេចក្តីម្តងៗដែលមហាជនផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម លោកហាក់មានសិល្បៈក្នុងការបញ្ចុះបញ្ចូល និងសម្របសម្រួលភាគីទំនាស់ទាំងសងខាងបានយ៉ាងល្អ។ ករណីនេះទំនងផ្តើមចេញពីការផ្សះផ្សាវិវាទដែលមិនរំលោភនឹងគោលនយោបាយបែបនេះហើយ ទើបរដ្ឋាភិបាលនៅបន្តឱ្យលោក ម៉ៅ ធនិន ប្រើប្រាស់យន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះរហូតដល់ខេត្តកំពត ទៀត។
យ៉ាងណា បើគិតឱ្យបានសមហេតុផល (Logical) រដ្ឋាភិបាល ពិសេសគណបក្សប្រជាជនកម្ពុជា ក៏ទទួលបានសំឡេងគាំទ្រមិនណយប៉ុន្មានដែរតាមរយៈវេទិកាដែលលោក ម៉ៅ ធនិន ប្រើប្រាស់នេះ។ មែនទែនទៅ បើទោះជាវេទិកានេះមើលទៅហាក់សាមញ្ញបន្តិចមែន ហើយបញ្ហាដែលបានលើកយកមកដោះស្រាយ វាដូចជាធម្មតា ប៉ុន្តែនេះជាជីវិតស្លាប់រស់របស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលពួកគាត់បានជួបផ្ទាល់ក្នុងជីវិតប្រចាំថ្ងៃ។
ដោយសារបញ្ហាអសកម្ម ឬអយុត្តិធម៌តូចៗកើតឡើងនេះហើយ ដែលធ្វើឱ្យសំឡេងឆ្នោតរបស់បក្សប្រជាជនកម្ពុជា ត្រូវដាំក្បាលចុះស្ទើរហៅលែងឮនៅតំបន់ខ្លះ ក្នុងពេលដែលបក្សប្រឆាំងមិនទាន់ត្រូវបានរំលាយ។

គេនៅចាំបានថា លោក ហ៊ុន សែន មានប្រតិកម្មខ្លាំងចំពោះលោក ម៉ៅ ធនិន ដោយសារសំឡេងឆ្នោតនៅតំបន់មួយក្នុងភូមិសាស្ត្រឃុំឡពាង ត្រូវបាត់បង់។ ការធ្លាក់ចុះសំឡេងគាំទ្រនេះ ទំនងជាលោក ហ៊ុន សែន មើលឃើញថាផ្តើមចេញពីជម្លោះដីធ្លីដែលបង្កឡើងដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺលោក ស៊ុយ សែម បណ្តាលឱ្យពលរដ្ឋខឹងសម្បា។ ក្រោយមក គេសង្កេតឃើញវេទិកាសាធារណៈមួយបានផុសឡើង។ ក្នុងតំណែងជាចៅហ្វាយខេត្តប្រមាណ ៧ឆ្នាំនៅឯខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ក្នុងរយៈពេលចុងក្រោយហាក់ទទួលបានការស្វាគមន៍មកវិញពីពលរដ្ឋនៅទីនោះ។ ចាប់តាំងពីពេលនោះហើយ លោក ម៉ៅ ធនិន ចាប់មានកេរ្តិ៍ឈ្មោះ ហើយបានឆក់យកទឹកចិត្តរបស់ពលរដ្ឋ បន្ទាប់ពីរឿងក្តីមួយចំនួនត្រូវបានដោះស្រាយជាបន្តបន្ទាប់។ ភាពជោគជ័យនេះ លោកបានយកមកសាបព្រោះបន្តរហូតដល់ខេត្តកំពត ទៀត។
លោក ម៉ៅ ធនិន ធ្លាប់ជាអភិបាលរងខេត្តស្ទឹងត្រែង ប្រមាណ ៣ឆ្នាំ មុននឹងលោកត្រូវផ្លាស់មកជាចៅហ្វាយខេត្តពោធិ៍សាត់។ ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យនេះ នៅពីក្រោយជីវិតឯកជនរបស់លោក ក៏មានរឿងអាស្រូវជាច្រើនផងដែរ។
អំឡុងពេលជាអភិបាលរងខេត្ត លោក ម៉ៅ ធនិន បានសាងសង់ភូមិគ្រឹះដែលធ្វើពីឈើប្រណិតមិនចាញ់ភូមិគ្រឹះរបស់លោកនៅម្តុំបុប្ផាព្រែកឯងប៉ុន្មានដែរ។ ថ្វីត្បិតភូមិគ្រឹះដែលធ្វើពីឈើក៏ពិតមែន ប៉ុន្តែសុទ្ធតែជាប្រភេទឈើប្រណិត ត្រូវបានគេប៉ាន់ប្រមាណតម្លៃថា ភូមិគ្រឹះនៅស្ទឹងត្រែងនោះធ្វើអស់តម្លៃរាប់លានដុល្លារអាមេរិក ហើយជាភូមិគ្រឹះដែលនៅជាប់នឹងទន្លេសេកុងតែម្តង។
ចំណែកភូមិគ្រឹះដែលដាក់ឈ្មោះថា «ធនិន នរបតី» ជំនាន់ទី២ ឯណេះវិញ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ៥ហិកតារ។ ទីតាំងថ្មីមួយទៀតនេះស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាប់នឹងទន្លេបាសាក់ រាជធានីភ្នំពេញ។ ទីតាំងភូមិគ្រឹះថ្មីដែលមើលទៅបំពាក់ដោយឈើប្រណិតរំលេចដោយក្បូរក្បាច់ និងប្រក់ដោយក្បឿង ហើយមានរចនាបថតាមបែបខ្មែរបុរាណពីអតីតកាលផងនោះ ត្រូវបានគេឃើញជាលើកដំបូងតាមរយៈវីដេអូខ្នាតខ្លីមួយនៅក្នុងបណ្ដាញសង្គម នៅចំថ្ងៃភ្ជាប់ពាក្យកូនស្រីច្បងរបស់លោក កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ។

លោក ម៉ៅ ធនិន និងភរិយា អ្នកស្រី ហ៊ុន ចាន់ធី មានកូន ៣នាក់នៅក្នុងបន្ទុក គឺស្រី២ និងប្រុសម្នាក់។ កូនស្រីច្បងរបស់លោកឈ្មោះ ម៉ៅ នរនាថ ត្រូវបានផ្គូផ្គងជាមួយនឹងលោក នាវ ស៊ីចាន់ ត្រូវជាកូនប្រុសរបស់អតីតចៅហ្វាយខេត្តកំពង់ស្ពឺ លោក នាវ ស៊ីថុង និងអ្នកស្រី នាវ ចន្ទថាណា អតីតអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍កូតាមកពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយបច្ចុប្បន្នអ្នកស្រីជាទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
ការផ្សាសាច់ឈាមប៉ះចំកន្លែងខ្លាញ់ដូចនេះហើយ ទើបគេឃើញនៅថ្ងៃភ្ជាប់ពាក្យដំបូង ក្រុមគ្រួសារខាងកូនកំលោះបានផ្តល់មាសសុទ្ធទម្ងន់ ៥គីឡូក្រាមជាថ្លៃបណ្ណាការ និងទុកជាចំណងដៃ។
លោក ម៉ៅ ធនិន បានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ឬហៅថាបាក់ឌុប (Bac II) នៅអំឡុងឆ្នាំ១៩៨៩ និងបន្តការសិក្សានៅរុស្ស៊ី។ បើតាមប្រវត្តិការសិក្សានៅលើទឹកដីប្រទេសកុម្មុយនីស្តមួយនេះ លោកសិក្សាមិនបានគ្រប់ឆ្នាំទេ ហើយក៏ត្រឡប់មកស្រុកវិញ។
សព្វថ្ងៃនេះ លោក ម៉ៅ ធនិន ក្រៅពីមានតួនាទីជាចៅហ្វាយខេត្តកំពត លោកក៏មានតួនាទីនៅក្នុងបក្សមួយទៀត ជាសមាជិកមជ្ឈិមបក្សប្រជាជនកម្ពុជាផងដែរ។ ចំណែកភរិយារបស់លោក គឺអ្នកស្រី ហ៊ុន ចាន់ធី មានឋានៈជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

យ៉ាងណា ការបញ្ចេញមន្ត្រីមានវោហារសព្ទទៅតាមមូលដ្ឋានមួយក្ដារនេះ ទំនងជារដ្ឋាភិបាលឯកបក្សចង់ស្វះស្វែងរកការជឿទុកចិត្តពីមហាជនខ្លះៗមកវិញប៉ុណ្ណោះ ក្នុងពេលប្រជាប្រិយភាពនេះត្រូវគេមើលឃើញថា ហាក់ស្រកស្រុតចុះខ្លាំងនៅថ្នាក់មូលដ្ឋាន។ បើទោះបីជារដ្ឋាភិបាល ជាពិសេសគណបក្សប្រជាជនកម្ពុជា ពិតជាមិនចង់មានតួអង្គណាដែលលេចធ្លោជាងលោក ហ៊ុន សែន ឬកូនចៅរបស់គាត់ផ្ទាល់ឡើយ៕