33 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​បក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​រូប​លើកឡើង​ថា ប្រសិនបើ​សមាជិក​បក្ស​ប្រឆាំង​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក​នោះ ពួកគេ​នឹង​អាច​ដឹង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​សញ្ញា​ឲ្យ​គ្នា​ទៅវិញ​ទៅមក។

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ ទំនង​អាច​ជា​ការ​ចោទប្រកាន់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា​លោក ហ៊ុន សែន បាន​ប្រើប្រាស់​ជា​ជន​បង្កប់​ក្នុង​បក្ស​ប្រឆាំង ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ​ខ្មែរ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ការ​លួច​បញ្ចេញ​ព័ត៌មាន​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​ទៅ​ឱ្យ​មេ​បក្ស​កាន់​អំណាច​រហូត​មក។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប​រូប​នេះ​អះអាង​ថា គោលដៅ​ចុងក្រោយ​របស់​លោក ហ៊ុន សែន គឺ​ការ​ផ្តាច់​ផ្លូវ​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំង​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​សក្ដានុពល​ទាំងអស់​ជំនាន់​ក្រោយៗ​ទៀត ដើម្បី​រក្សា​ជំហរ​នយោបាយ​ផ្ទេរ​អំណាច​របស់​ខ្លួន។

លោក ប៉ុន សៅរី បញ្ជាក់​ថា លទ្ធផល​កិច្ចការ​ចុងក្រោយ​របស់​ជន​បង្កប់ និង​លោក ហ៊ុន សែន សង្ឃឹម​ថា​នឹង​ទទួល​បាន​នូវ​ជ័យជម្នះ​ក្រោម​ការ​ឈឺចាប់​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំង​អ្នក​ប្រជាធិបតេយ្យ​ពិតប្រាកដ​ផ្សេង​ទៀត​ផង​ដែរ ប៉ុន្តែ​ពួកគេ​នៅ​ភ្លេច​គិត​ថា ពលរដ្ឋ​ខ្មែរ​ទៅវិញ​ទេ​ដែល​មាន​សិទ្ធិ​សម្រេច​លើ​វាសនា​នយោបាយ​របស់​ជន​បង្កប់ និង​មេដឹកនាំ​បក្ស​កាន់​អំណាច​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​នៅ​ក្នុង​ចេតនា​សំដៅ​រិះគន់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​គេ​ចោទ​ថា​បាន​បង្កប់​ខ្លួន​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សហការ​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច ក្នុង​បំណង​រំលាយ​កម្លាំង​ក្រុម​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​សព្វថ្ងៃ​នេះ។

កាលពី​អំឡុង​ឆ្នាំ​២០១៩ ក្នុង​ពេល​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី នាំគ្នា​ចាកចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស បន្ទាប់ពី​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ មក។

លោក អេង ឆៃអ៊ាង ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​សង្ស័យ​ផង​ដែរ​ថា ជា​សេណារីយ៉ូ​បង្កប់​របស់​លោក ហ៊ុន សែន ដើម្បី​បំបែកបំបាក់​កម្លាំង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក។ ការ​សង្ស័យ​នេះ គឺ​ដោយសារ​តែ​យុទ្ធសាស្ត្រ​នយោបាយ​របស់​ក្រុម​ប្រឆាំង​ដើម្បី​យក​ឈ្នះ​បក្ស​កាន់​អំណាច ដែល​លោក សម រង្ស៊ី យក​ទៅ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក អេង ឆៃអ៊ាង កន្លងមក ត្រូវ​បរាជ័យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បញ្ហា​នេះ​នៅ​មិនទាន់​មាន​ភស្តុតាង​ជាក់ស្តែង​ណា​មួយ​ត្រូវ​បាន​លាតត្រដាង​នៅឡើយ​ទេ។

ទោះ​ជា​មាន​ការ​ចោទប្រកាន់​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​សុំ​សេចក្តី​ប្រតិកម្ម​ពី​លោក អេង ឆៃអ៊ាង បាន​នៅឡើយ​ទេ គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អតីត​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន ធ្លាប់​បាន​រិះគន់​អនុប្រធាន​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង កាលពី​ពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា ការ​បែកបាក់​កម្លាំង​នយោបាយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ជា​ស្នាដៃ​របស់​លោក អេង ឆៃអ៊ាង ទាំងស្រុង។

ប្រភព​ដដែល​លើកឡើង​ថា កាលពី​ឆ្នាំ​២០១៨ មុន​ការ​បោះឆ្នោត​ជាតិ​មកដល់ ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ពី​យុទ្ធសាស្ត្រ​នយោបាយ​បើក​ផ្លូវ​ឈាម ដែល​មាន​គោលដៅ​ធ្វើ​យុទ្ធនាការ​រាំង​ខ្ទប់​ដំណើរការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កាន់​អំណាច​នៅ​ពេល​នោះ​ឱ្យ​បរាជ័យ​តែម្តង ដោយ​ការ​ស្រែក​ទាមទារ​រក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មណ្ឌល​បោះឆ្នោត​ទូទាំង​ប្រទេស​ព្រមៗ​គ្នា ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ត្រូវ​លោក អេង ឆៃអ៊ាង បដិសេធ និង​ប្រកាស​យុទ្ធនាការ «ដេក​ផ្ទះ​ឈ្នះ​ឯង» រហូត​បណ្តាល​ឱ្យ​បក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ដោយ​រលូត​នៅ​ពេល​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស