តើការប្រកាសផ្អាកប្រារព្ធទិវាជ័យជម្នះ ថ្ងៃ៧មករា របស់មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន គឺជាចំណុចចាប់ផ្តើមនៃការធ្វើសង្គ្រាមនយោបាយការទូតជាមួយវៀតណាម ឬយ៉ាងណា ខណៈកម្ពុជានៅពេលនេះមានមហាយក្សចិនជាខ្នងបង្អែករបស់ខ្លួនទៅហើយនោះ?
មេដឹកនាំខ្មែរដែលតែងលើកតម្កើងទិវាជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ លោក ហ៊ុន សែន អះអាងក្នុងពិធីសម្ពោធអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថា សម្រាប់ឆ្នាំ២០២២ ខាងមុខ នឹងមិនមានការប្រារព្ធពិធីអបអរសាទរខួបថ្ងៃជ័យជម្នះ ៧មករា នោះទេ ប៉ុន្តែលោកនឹងយកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ខាងមុខនេះទៅជួបជាមួយមេដឹកនាំយោធាផ្ដាច់ការភូមា មីន អ៊ុងឡាំង ជំនួសវិញ ដែលជំនួបនេះត្រូវគេមើលឃើញថាជាការរៀបចំរបស់បងធំកុម្មុយនីស្តចិនទាំងស្រុងតែម្តង។
ការប្រកាសឈប់ធ្វើពិធីអបអរសាទរទិវាជ័យជម្នះ ថ្ងៃ៧មករា របស់មេដឹកនាំបក្សកាន់អំណាចនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីថ្មីរបស់វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី២១ និងទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនោះ។
អ្នកសង្កេតការណ៍លើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ង្វៀន ស៊ួនហ្វុក នេះ ធ្វើឡើងចំព្រឹត្តិការណ៍នៃថ្ងៃដែលកងទ័ពវៀតណាម បានចូលឈ្លានពានកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨។ ដូច្នេះ ដំណើរទស្សនកិច្ចនេះទំនងជាការដាស់តឿនលោក ហ៊ុន សែន ឲ្យជួយសម្រួលមហិច្ឆតារបស់វៀតណាម ក្នុងការរំលោភទឹកដីកម្ពុជាបន្ថែមទៀត ក្រោយមេដឹកនាំវៀតណាមរូបនេះត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់ក្រុងហាណូយ កាលពីថ្មីៗនេះ។

ក្នុងថ្ងៃទស្សនកិច្ចផ្លូវរដ្ឋចុងក្រោយនៅកម្ពុជាកាលពីថ្ងៃទី២២ ខែធ្នូ សប្តាហ៍កន្លងទៅនេះ លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) និយាយទៅកាន់មន្ត្រីទូត តំណាងពាណិជ្ជករ និងតំណាងសហគមន៍វៀតណាម នៅឯស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានវៀតណាម VN EXPRESS ថា នៅកម្ពុជាគ្មានសហគមន៍ណាដែលជួបការលំបាកច្រើនដូចសហគមន៍ជនជាតិវៀតណាមនោះទេ គឺដោយសារពួកគេមានស្ថានភាពមិនច្បាស់លាស់អំពីភាពស្របច្បាប់ ហើយភាគច្រើនជនជាតិវៀតណាមទាំងនោះមិនមានឯកសារសម្គាល់ខ្លួន ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែននោះឡើយ។
ជុំវិញបញ្ហានេះ នាយកសារព័ត៌មានដើមអំពិល DAP NEWS ដែលស្និទ្ធនឹងលោក ហ៊ុន សែន គឺលោក សយ សុភាព បានសរសេរឌឺដងលើបណ្ដាញសង្គម Facebook ទៅកាន់មេដឹកនាំវៀតណាម កាលពីថ្ងៃទី២៥ ខែធ្នូ ដោយចោទជាសំណួរថា «បើដឹងថាទៅរស់នៅស្រុកគេជួបការលំបាកហើយ ហេតុអ្វីក៏មិនប្រមូលយកជនជាតិរបស់ខ្លួនដែលកំពុងរស់នៅដោយខុសច្បាប់លើទឹកដីកម្ពុជា ត្រឡប់ទៅវិញទៅ?»។
ចំណែកអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ថា ការលើកឡើងរបស់មេដឹកនាំវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) គឺជាការចំអក និងជាការមើលងាយយ៉ាងធ្ងន់ធ្ងរដល់មេដឹកនាំខ្មែរ ស្របពេលដែលជនជាតិវៀតណាមទាំងនោះរស់នៅដោយខុសច្បាប់អន្តោប្រវេសន៍របស់កម្ពុជា។
លោក គឹម សុខ លើកឡើងថា ការត្អូញត្អែរបែបចំអកឲ្យមេដឹកនាំខ្មែរ លោក ហ៊ុន សែន ទាក់ទងនឹងការមិនបានផ្តល់ភាពស្របច្បាប់ដល់និគមជនវៀតណាម ដែលកំពុងរស់នៅកម្ពុជាដោយខុសច្បាប់សព្វថ្ងៃនេះ មិនមែនជាការផ្សារភ្ជាប់ទំនាក់ទំនងនយោបាយបែបការទូតរបស់មេដឹកនាំនៃប្រទេសមួយនិយាយទៅកាន់មេដឹកនាំនៃប្រទេសមួយទៀតនោះទេ តែគឺជាការមើលស្រាលលើអធិបតេយ្យភាពជាតិកម្ពុជា លើមេដឹកនាំកម្ពុជា និងជាពិសេសជាការមើលស្រាលពលរដ្ឋកម្ពុជាតែម្តង។
ការប្រកាសផ្អាកប្រារព្ធទិវាជ័យជម្នះ ថ្ងៃ៧មករា ដែលជាទិវាបង្ហាញការដឹងគុណកងទ័ពវៀតណាម មិនមែនជាលើកទីមួយនោះទេ កាលពីឆ្នាំ២០២០ បក្សកាន់អំណាចរបស់លោក ហ៊ុន សែន ក៏បានប្រកាសផ្អាកពិធីនេះម្តងរួចមកហើយ ដោយយកលេសការពារនៃការឆ្លងរាលដាលនៃជំងឺ Covid-19។

ក្រុមអ្នកសង្កេតការណ៍និយាយថា ការដែលលោក ហ៊ុន សែន ចាប់ផ្តើមបង្ហាញនូវនយោបាយការទូតមិនចំណុះឲ្យរដ្ឋាភិបាលក្រុងហាណូយ ដូចដែលខ្លួនធ្លាប់លន់តួអស់រយៈពេលជាង ៤០ឆ្នាំកន្លងមកនោះ ព្រោះលោក ហ៊ុន សែន ទំនងជាសម្រេចចិត្តដឹកនាំនយោបាយក្រោមស្លាបរបស់មហាអំណាចកុម្មុយនីស្តចិនទាំងស្រុង ខណៈមហាយក្សចិន តែងប្រកាសទំនាក់ទំនងមិត្តដែកថែបជាមួយកម្ពុជា។
ជុំវិញការផ្អាកទិវាដ៏សំខាន់របស់បក្សកាន់អំណាចដែលគេតែងប្រារព្ធជាង ៤០ឆ្នាំកន្លងមកនេះ ត្រូវគេមើលឃើញថា ក៏ផ្តើមចេញពីប្រភពជម្លោះដណ្តើមផលប្រយោជន៍រវាងប្រទេសវៀតណាម និងមហាអំណាចចិន លើតំបន់ឆ្នេររាម ដែលត្រូវគេលាតត្រដាងនូវភស្តុតាងជាហូរហែដែលថាកម្ពុជាបានផ្តល់ឆ្នេររាមធ្វើជាទីតាំងមូលដ្ឋានកងទ័ពជើងទឹកឲ្យមហាអំណាចចិនឈរជើង ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ប្រទេសវៀតណាម យ៉ាងធំធេង។

ដោយសារតែបញ្ហានេះ ក៏ត្រូវគេសង្ស័យផងដែរថា ចារកម្មវៀតណាម បានទម្លាយឯកសារទាក់ទិននឹងកិច្ចសន្យាដែលកម្ពុជាបានប្រគល់ឆ្នេររាមឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិនរាប់សិបឆ្នាំ ឲ្យទៅមហាអំណាចលោកសេរីជាបន្តបន្ទាប់ ដូច្នេះហើយទើបសហរដ្ឋអាមេរិកចេះតែជំរុញឲ្យកម្ពុជាសម្ដែងភាពភាពស្មោះត្រង់លើបញ្ហានេះរហូតឈានដល់ការគំរាមដាក់ទណ្ឌកម្មថែមទៀត។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់បានអះអាងក្នុងកិច្ចប្រជុំអនាគតរបស់អាស៊ីទៅកាន់ពិភពលោក ជាពិសេសមហាអំណាចសហរដ្ឋអាមេរិកថា បើមិនឲ្យកម្ពុជាពឹងមហាយក្សចិន តើឱ្យកម្ពុជាទៅពឹងមហាអំណាចមួយណា? ខណៈជំនួយចិន អាចឲ្យកម្ពុជាឯករាជ្យទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួនដូចសព្វថ្ងៃនេះ៕