បេក្ខភាពនាយករដ្ឋមន្ត្រីអនាគត លោក ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសមេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានបបួលអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ភ្នាល់ដាក់តំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ខ្លួន និងការចាកចេញពីឆាកនយោបាយរបស់លោក សម រង្ស៊ី ប្រសិនបើភាគីណាមួយចាញ់ល្បែងភ្នាល់នេះ។
មេដឹកនាំកម្ពុជាដែលឧស្សាហ៍គំរាមសម្លាប់គូប្រជែងនយោបាយរបស់ខ្លួន លោក ហ៊ុន សែន បានយកសំណេរកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត មកបង្ហោះលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះថា ប្រសិនបើអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី អាចស្នើឲ្យសាលាទាំងបីដែលលោក ហ៊ុន ម៉ាណែត បានសិក្សាចេញលិខិតបញ្ជាក់ថា សញ្ញាបត្រដែលកូនប្រុសច្បងរបស់លោក ហ៊ុន សែន ទទួលបាននោះគ្រាន់តែជាសញ្ញាបត្រយោគយល់ដូចការចោទប្រកាន់របស់លោក សម រង្ស៊ី មែននោះ លោក ហ៊ុន ម៉ាណែត នឹងលាឈប់ពីបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ខ្លួនភ្លាមៗ។
ប្រភពដដែលអះអាងថា ផ្ទុយទៅវិញ បើលោក សម រង្ស៊ី មិនអាចឲ្យសាលាដែលលោក ហ៊ុន ម៉ាណែត បានសិក្សា គឺសាលាបណ្ឌិតសភាយោធាអាមេរិក (West Point) សាកលវិទ្យាល័យញីវយ៉ក (New York University) និងសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) បញ្ជាក់ជាផ្លូវការថា សញ្ញាបត្រដែលសាលាទាំងនោះបានផ្តល់ឲ្យលោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រយោគយល់ទេនោះ លោក សម រង្ស៊ី ក៏គួរលាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅដែរ។
កូនប្រុសច្បងលោក ហ៊ុន សែន ចោទសួរថា តើលោក សម រង្ស៊ី ហ៊ានភ្នាល់ដែរឬទេ? លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពក្លាហានក្នុងការការពារនូវអំណះអំណាងរបស់ខ្លួនដែលបានលើកឡើងជាសាធារណៈម្តងហើយម្តងទៀត ដើម្បីវាយប្រហាររូបលោកទាក់ទិននឹងសញ្ញាបត្រដែលលោកទទួលបានពីសាលានៅបរទេសទាំងនោះ។
នេះជាលើកទីមួយហើយដែលលោក ហ៊ុន ម៉ាណែត បញ្ចេញប្រតិកម្ម និងឌឺដងឱ្យលោក សម រង្ស៊ី ក្រោយពេលដែលលោកទទួលបានការគាំទ្រពីផ្ទៃក្នុងបក្សជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងនាយករដ្ឋមន្ត្រីបន្តវេនទៅថ្ងៃអនាគត។

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានអះអាងថា សញ្ញាបត្រដែលមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន យកមកអួតអាងនោះ គឺច្រើនតែជាសញ្ញាបត្រក្លែងក្លាយ និងសញ្ញាបត្រយោគយល់តែប៉ុណ្ណោះ ព្រោះដោយសារលោក ហ៊ុន សែន មិនដឹងថាសញ្ញាបត្រណាមួយពិត និងណាមួយជាសញ្ញាបត្រក្លែងក្លាយនោះទេ។
ការរិះគន់របស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីបុរសខ្លាំងដែលគំរាមកាន់អំណាចបន្តត្រកូល លោក ហ៊ុន សែន បានលើកសរសើរកូនប្រុសខ្លួនឯងកាលពីពេលថ្មីៗនេះថា លោក ហ៊ុន ម៉ាណែត មានចំណេះដឹងទាំងផ្នែកសេដ្ឋកិច្ច នយោបាយ ផ្នែកយោធា និងប្រឡងជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យញីវយ៉ក ផងដែរ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនី Facebook របស់លោកនៅថ្ងៃទី២៨ ខែធ្នូ នេះថា អ្នកនយោបាយខ្មែរខ្លះគឺប្រៀបដូចជាជនសង្គមងងឹតដូច្នោះដែរ ព្រោះថាពួកគេចូលចិត្តលេងល្បែងភ្នាល់គ្នាយកឈ្នះចាញ់ជាលក្ខណៈបុគ្គល ដោយបន្សល់ទុកនូវគំនរឧបសគ្គឲ្យប្រទេសជាតិ និងពលរដ្ឋរាប់មិនអស់។
លោក គឹម សុខ លើកឡើងថា ដើម្បីបង្ហាញពីសមត្ថភាពពិតប្រាកដដែលពួកគេបានទទួលការបណ្តុះបណ្តាលពីក្រៅប្រទេស អ្នកនយោបាយទាំងនោះគួរតែបញ្ចេញសមត្ថភាពរបស់ខ្លួនដោះស្រាយបញ្ហាជូនជាតិមាតុភូមិដែលកំពុងជាប់គាំងបង្កការលំបាកដល់ពលរដ្ឋសព្វថ្ងៃនេះ ប្រសើរជាជាងគ្រាន់តែអួតសញ្ញាបត្រគ្នាធ្វើជាល្បែងភ្នាល់ ដែលគ្មានប្រយោជន៍សម្រាប់ជាតិសូម្បីតែបន្តិច។
ការលេងល្បែងនយោបាយសន្យាភ្នាល់គ្នារបស់លោក ហ៊ុន ម៉ាណែត ត្រូវគេរិះគន់ថា យកគំរូតាមឪពុករបស់លោក គឺលោក ហ៊ុន សែន ព្រោះថាមេដឹកនាំបក្សកាន់អំណាចសព្វថ្ងៃនេះក៏ចូលចិត្តលេងល្បែងភ្នាល់បែបនេះដែរ ប៉ុន្តែក៏ជាអ្នកលេងល្បែងភ្នាល់មួយរូបដែលមិនគោរពសន្យាដែរ។
ជាក់ស្តែង កាលពីឆ្នាំ២០១៥ លោក ហ៊ុន សែន ធ្លាប់បានភ្នាល់ថា លោកនឹងមិនចុះហត្ថលេខាលើលិខិតលើកលែងទោសឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញជាដាច់ខាត ហើយប្រសិនបើលោកចុះហត្ថលេខាលើលិខិតលើកលែងទោសឲ្យលោក សម រង្ស៊ី មែននោះ លោកនឹងកាត់ដៃស្តាំរបស់លោកគ្រវែងចោល តែនៅទីបំផុត លោក ហ៊ុន សែន បានចុះហត្ថលេខាលើកលែងទោសឲ្យលោក សម រង្ស៊ី មែន ហើយដៃស្តាំរបស់លោកក៏មិនដែលកាត់គ្រវែងចោលដែរ។ នៅមានករណីផ្សេងទៀត ដូចជាការភ្នាល់កាត់ក្បាលរបស់លោកចោល បើការពារព្រៃឈើមិនបាន ដែលរហូតមកទល់ពេលនេះ ក្បាលរបស់លោកនៅមិនទាន់ត្រូវបានកាត់នៅឡើយទេ ខណៈការបំផ្លាញព្រៃឈើកើតមានសឹងពាសពេញផ្ទៃប្រទេស ហើយលោក ហ៊ុន សែន នៅតែបរាជ័យបង្ក្រាបមិនបាន៕