26 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ល្បែង​ភ្នាល់​នយោបាយ​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ គួរតែ​បញ្ឈប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ និង​សង្គម ផ្ដល់​យោបល់​ឱ្យ​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ឈប់​បង្ក​ទំនាស់​ជាមួយ​ជាតិសាសន៍​ខ្លួនឯង ដោយ​ការ​លេង​ល្បែង​ភ្នាល់​ដែល​លោក​បាន​បង្កើត​ឡើង​នោះ​ទៅ។ ចំណែក​ក្រុម​អ្នក​រិះគន់​ថា អ្នក​នយោបាយ​ជំនាន់​ថ្មី​ក៏​មិន​ត្រូវ​យក​ល្បែង​នយោបាយ​ភ្នាល់​គ្នា​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​បែប​នេះ​មក​លេង​ដូច​អ្នក​នយោបាយ​ជំនាន់​មុន​នោះ​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ​ថា បើ​លោក ហ៊ុន ម៉ាណែត ចាត់ទុក​ថា​ខ្លួនឯង​ជា​អ្នក​មាន​គំនិត​បញ្ញា​ខ្ពស់ ប៉ុន្តែ​បែរជា​មក​ទាស់ទែង​គ្នា​ដោយ​ការ​ភ្នាល់​បែប​នេះ គឺ​មិន​ស័ក្ដិសម​នឹង​កម្រិត​ដែល​ខ្លួន​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​បរទេស​នោះ​ទេ ហើយ​ការ​ភ្នាល់​បែប​នេះ​ក៏​មិន​មាន​ប្រយោជន៍​សម្រាប់​ជាតិ​ដែរ ព្រោះ​គ្រាន់តែ​ជា​ការ​ទាស់​គ្នា​ជា​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ដើម្បី​ប្រយោជន៍​ជាតិ អ្នក​នយោបាយ​ទាំងនោះ​គួរតែ​ប្រកួត​គ្នា​អំពី​គោលនយោបាយ​ជាតិ ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ដោះស្រាយ​វិបត្តិ​ជាតិ​ដែល​កំពុង​ប្រឈម ឆ្ពោះ​ទៅ​រក​ការ​កសាង និង​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​បាន​រីកចម្រើន ដូចជា​ការ​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ឱ្យ​រស់នៅ​ប្រកប​ដោយ​សុខមាលភាព និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន​វិញ​ប្រសើរ​ជាង។

បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា ម្នាក់ៗ​សុទ្ធតែ​អួត​ពី​សញ្ញាបត្រ​ធំៗ​ល្បីៗ​ពី​ប្រទេស​ជឿនលឿន​រៀងៗ​ខ្លួន ដែល​នឹង​អាច​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​អនាគត តែ​បែរជា​ទៅ​ទាស់ទែង​វាយប្រហារ​គ្នា​ដែល​ជា​រឿង​ឯកជន​ទៅវិញ។

បណ្ឌិត ឡៅ ម៉ុងហៃ បាន​រិះគន់​បែប​នេះ​បន្ទាប់ពី​អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ជា​កូនប្រុស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច បបួល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ភ្នាល់​គ្នា ក្រោយ​លោក សម រង្ស៊ី ចោទ​ថា​លោក ហ៊ុន ម៉ាណែត ប្រើ​សញ្ញាបត្រ​មិន​ពេញ​លក្ខណៈ ឬ​សញ្ញាបត្រ​យោគយល់​ពី​បរទេស។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ​ថា ពលរដ្ឋ​ខ្មែរ​មិន​ត្រូវការ​ល្បែង​ភ្នាល់​របស់​អ្នក​នយោបាយ​ទាំងនោះ​ទេ តែ​ពលរដ្ឋ​ខ្មែរ​ត្រូវការ​ឲ្យ​អ្នក​នយោបាយ​ដោះស្រាយ​បញ្ហា​វិនិយោគ​ខ្វះ​តម្លាភាព បញ្ហា​អន្តោប្រវេសន៍​បែប​និគម​ជន​បរទេស​ឈ្លានពាន បញ្ហា​អសន្តិសុខ​ជាតិ​ដែល​បរទេស​កំពុង​ឈ្លានពាន និង​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ ជាដើម។

លោក គឹម សុខ ផ្តល់​យោបល់​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​រៀន​ស្គាល់​ពី​តួនាទី​របស់​ខ្លួន ជាជាង​លេង​ល្បែង​ភ្នាល់​ដូច​ឪពុក​របស់​លោក ក្នុង​នោះ លោក ហ៊ុន ម៉ាណែត ត្រូវ​បំពេញ​តួនាទី​ជា​មេទ័ព​ដែល​មាន​សមត្ថភាព​ការពារ​ជាតិ យល់ដឹង​ឱ្យ​បាន​ច្បាស់​ពី​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ​ជាតិ ប្រឹង​សាង​ស្នាដៃ​ទៅ​កាន់កាប់​អំណាច​ដោយ​ភាព​ត្រឹមត្រូវ​តាម​សមត្ថភាព​ខ្លួនឯង ដោយ​មិន​ពឹង​ឪពុក​រៀបចំ​ឱ្យ ឬ​ពឹងផ្អែក​លើ​បរទេស​ដូច​ឪពុក​របស់​ខ្លួន​នោះ​ដែរ។ លោក​បញ្ជាក់​ថា ការ​ភ្នាល់​នេះ​គ្មាន​ប្រយោជន៍​អ្វី​ចំពោះ​ជាតិ​កម្ពុជា​ទេ ព្រោះ​វា​ជា​រឿង​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ។

ចំណែក​ប្រធាន​គណបក្ស​ឯកភាព​ជាតិ​ខ្មែរ លោក ជឹម អ៊ុន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ​ដែរ​ថា អ្នក​នយោបាយ​ជើង​ចាស់ និង​អ្នក​នយោបាយ​ជំនាន់​ក្រោយ គួរតែ​ចេះ​ឲ្យ​តម្លៃ​គ្នា គោរព​គុណធម៌ សីលធម៌ និង​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក នោះ​ទើប​ប្រទេស​ជាតិ​មើល​ឃើញ​ពន្លឺ​នៃ​សេចក្តី​សុខ និង​ភាព​រីកចម្រើន។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ស្ថានភាព​របស់​កម្ពុជា​ធ្លាក់​ដល់​កម្រិត​ជាប់​គាំង​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ​ដូច​សព្វថ្ងៃ​នេះ គឺ​កើតឡើង​ដោយសារតែ​ល្បែង​របស់​អ្នក​នយោបាយ​ដែល​កំពុង​កាន់​អំណាច និង​កំពុង​ប្រឆាំង​សព្វថ្ងៃ​នេះ នោះ​គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី តែម្តង។

ប្រភព​ដដែល​លើកឡើង​ទៀត​ថា ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ឈ្នះ​ល្បែង​ភ្នាល់​នយោបាយ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​កំណត់​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ បន្ទាប់ពី​លោក សម រង្ស៊ី ចោទ​ថា​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​សញ្ជាតិ​ពីរ ក្បត់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ល្បែង​របស់​អ្នក​នយោបាយ​ទាំងនោះ​ត្រូវ​គេ​រិះគន់​ថា មិន​មាន​ផលប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ មាន​តែ​ការ​ឈ្នះ​ចាញ់​របស់​ពួកគេ​តែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស