មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី២៩ ខែធ្នូ នេះ បានចេញមុខព្រមានថា ចិននឹងប្រើវិធានការក្តៅភ្លាមៗប្រសិនបើតៃវ៉ាន់ហ៊ានធ្វើសកម្មភាពសំដៅទៅរកការប្រកាសឯករាជ្យ ដោយបង្ហើបថា បញ្ហាតៃវ៉ាន់អាចនឹងតានតឹងខ្លាំងថែមទៀតនៅក្នុងឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៩ ធ្នូ នេះថា លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃរដ្ឋាភិបាលចិន បានថ្លែងថា ប្រទេសចិនខិតខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកការបង្រួបបង្រួមគ្នាជាមួយដែនកោះតៃវ៉ាន់ដោយសន្តិវិធី ក៏ប៉ុន្តែនឹងចាត់វិធានការក្តៅភ្លាមៗប្រសិនបើតៃវ៉ាន់ហ៊ានដើររំលងបន្ទាត់ក្រហម ហើយសំដៅទៅរកការប្រកាសឯករាជ្យ។
លោក ម៉ា បានបន្តថា ការបង្កហេតុដោយកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់ រួមជាមួយការជ្រៀតជ្រែកពីខាងក្រៅ អាចនឹងកើនឡើងខ្លាំង ហើយកាន់តែតានតឹងថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខ ពោលគឺនៅឆ្នាំក្រោយនេះ។ លោកបង្ហើបថា ស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ នឹងកាន់តែមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរថែមទៀត។
ដោយឆ្លើយតបនឹងសម្ពាធរបស់ចិនកាន់តែខ្លាំងឡើងៗដាក់ទៅលើកោះតៃវ៉ាន់ គឺកាលពីថ្ងៃទី២៧ ធ្នូ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចចុះហត្ថលេខាលើឯកសារច្បាប់មួយដ៏សំខាន់ ដើម្បីជួយកោះតៃវ៉ាន់ គឺច្បាប់ស្ដីពីការពង្រឹងសមត្ថភាពទ័ពតៃវ៉ាន់ ដែលហៅថា RIMPAC។
ច្បាប់នេះបើកឱកាសឱ្យមន្ទីរប៉ុងតាហ្គោន (Pentagon) ស្នើរដ្ឋាភិបាលតៃវ៉ាន់ ឱ្យបញ្ជូនកងទ័ពរបស់ដែនកោះនេះទៅធ្វើសមយុទ្ធជាមួយកងទ័ពអាមេរិក និងសម្ពន្ធមិត្តរបស់អាមេរិកនៅឆកសមុទ្ររដ្ឋហាវៃ (Hawai) របស់សហរដ្ឋអាមេរិក និងទីតាំងផ្សេងៗទៀតនៃលំហសមុទ្រ។ ក្រៅពីនេះ RIMPAC សំដៅពង្រឹងសហប្រតិបត្តិការជាមួយកោះតៃវ៉ាន់លើវិស័យសន្តិសុខ និងការពារដែនកោះនេះទៀតផង។
ច្បាប់ RIMPAC ក៏ជាផ្នែកមួយនៃច្បាប់ការពារជាតិរបស់សហរដ្ឋអាមេរិក ហៅកាត់ថា NDAA ដែលលោក ចូ បៃដិន បានចុះហត្ថលេខាឱ្យក្លាយជាច្បាប់សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២២ គឺមានសាច់ប្រាក់សរុប ៧៧០ពាន់លានដុល្លារអាមេរិក។ សម្រាប់ដែនកោះតៃវ៉ាន់ ច្បាប់នេះបើកផ្លូវឱ្យក្រុងវ៉ាស៊ីនតោន បន្តគាំទ្រតៃវ៉ាន់គ្រប់កាលៈទេសៈ សំដៅធ្វើឱ្យដែនកោះមួយនេះមានសមត្ថភាពរឹងមាំក្នុងការការពារខ្លួនទប់ទល់នឹងឥទ្ធិពលយោធាពីសំណាក់ប្រទេសណាមួយក្នុងតំបន់។
តាមច្បាប់ RIMPAC សហរដ្ឋអាមេរិក គឺជាអ្នកចាត់ចែងឱ្យមានការធ្វើសមយុទ្ធកងទ័ពជាមួយកោះតៃវ៉ាន់នៅក្នុងឆកសមុទ្ររដ្ឋហាវៃ ដែនដីអាមេរិក ហើយសមយុទ្ធនេះធ្វើឡើងដោយទ្រង់ទ្រាយធំជាកម្រិតអន្តរជាតិដែលមានរៀងរាល់ ២ឆ្នាំម្ដង។ តាមច្បាប់នេះ គឺសហរដ្ឋអាមេរិកត្រូវជួយតៃវ៉ាន់ និងការពារសន្តិសុខច្រកសមុទ្រតៃវ៉ាន់ដោយធានាឱ្យមានសន្តិភាពរឹងមាំ។
កោះតៃវ៉ាន់ ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកជាខេត្តមួយរបស់ក្រុងប៉េកាំង ប៉ុន្តែក្នុងរយៈពេលជិត ២ឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសម្ពាធផ្នែកយោធា និងការទូតជាខ្លាំងទៅលើដែនកោះនេះ ដែលជាហេតុបង្កឲ្យតៃវ៉ាន់សម្ដែងក្តីបារម្ភអំពីការឈ្លានពានដែនកោះ។ ក្នុងហេតុនេះ តៃវ៉ាន់បានស្នើឱ្យសហរដ្ឋអាមេរិកដែលជាខ្នងបង្អែកធំបំផុតរបស់ខ្លួន ជួយការពារដែនកោះដោយទប់ទល់នឹងអនុត្តរភាពរបស់មហាយក្សចិន។
សម្រាប់កោះតៃវ៉ាន់ផ្ទាល់ បានបង្កើនកងទ័ពសកម្មដល់ទៅ ៣០ម៉ឺននាក់ ដោយតួលេខនេះបានហក់ឡើងខ្លាំងនៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ Chiu Kuo-cheng បានព្យាករថា នៅឆ្នាំ២០២៥ ទំនងចិននឹងលើកកងទ័ពចូលកាន់កាប់កោះតៃវ៉ាន់។ លោកបង្ហើបថា ចិនមានផែនការលើកទ័ពវាយដែនកោះដោយទ្រង់ទ្រាយធំ គឺវាយគ្រប់ជ្រុងទាំងអស់សំដៅកាន់កាប់ឱ្យបានក្នុងរយៈពេលមួយដ៏ខ្លី។ ប៉ុន្តែលោករដ្ឋមន្ត្រីបានតបដោយអះអាងថា ចំនួនកងទ័ពតៃវ៉ាន់ទោះជាមិនអាចប្រៀបធៀបនឹងកងទ័ពចិនក៏ពិតមែន តែច្បាស់ណាស់នឹងវាយបកឱ្យទាន់សភាពការណ៍ដោយមិនឱនក្បាលសុំសន្តិភាពឡើយ។ លោកបានប្រាប់សមាជិកសភាតៃវ៉ាន់កាលពីពេលថ្មីៗនេះថា កងទ័ពបានត្រៀមរួចរាល់ហើយដើម្បីការពារដែនកោះរបស់ខ្លួន ដោយបំពាក់អាវុធទំនើបៗដែលទើបយកពីសហរដ្ឋអាមេរិក។ តៃវ៉ាន់ និងចិន គឺសាច់ឈាមតែមួយ។
ដែនដីបងប្អូននឹងគ្នានេះ បានបែកបាក់គ្នាក្រោយការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩។ រដ្ឋាភិបាលក្រុងប៉េកាំង ដែលរត់មកទើរលើដែនកោះតៃវ៉ាន់ គឺជាម្ចាស់ក្រុងប៉េកាំង គឺជារដ្ឋាភិបាលសាធារណរដ្ឋចិន ដែលអាជ្ញាធរតៃវ៉ាន់បានរក្សាទុកមកដល់សព្វថ្ងៃនេះ។ ដែនកោះនេះកំពុងស្វែងរកចំណងមិត្តភាព និងកិច្ចសហការផ្នែកយោធាជាមួយនឹងប្រទេសដែលមានសក្ដានុពលយោធា ដូចជា ជប៉ុន អូស្ត្រាលី អង់គ្លេស ឥណ្ឌា ជាដើម។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក គឺជាមិត្តស្លាប់រស់ជាមួយនឹងតៃវ៉ាន់ ដោយផ្អែកលើច្បាប់ទំនាក់ទំនងតៃវ៉ាន់-អាមេរិក ឆ្នាំ១៩៧៩ ជាច្បាប់ដែលអាមេរិកចាត់ទុកតៃវ៉ាន់ជាសម្ពន្ធមិត្តមិនអាចខ្វះបានសម្រាប់សន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក៕