បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា ប្រសិនបើកូនប្រុសច្បងលោក ហ៊ុន សែន ត្រឹមតែជាកូនប្រុសម្នាក់ជាប់ជាបេក្ខភាពនាយករដ្ឋមន្ត្រីក្រោមការរៀបចំពីឪពុករបស់ខ្លួនដែលមិនមានសមត្ថភាពដោះស្រាយបញ្ហាប្រទេសបានទេ នោះពលរដ្ឋនឹងមើលឃើញថា លោក ហ៊ុន ម៉ាណែត មិនមែនជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ពលរដ្ឋខ្មែរនោះទេ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣០ ខែធ្នូ នេះថា បេក្ខជននាយករដ្ឋមន្ត្រីអនាគត លោក ហ៊ុន ម៉ាណែត គួរបង្ហាញសមត្ថភាពដោះស្រាយបញ្ហាជូនពលរដ្ឋ ដូចជាជម្លោះរវាងកម្មករនិយោជិតជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) ដែលកំពុងជាប់គាំងដោះស្រាយមិនចេញនៅពេលនេះ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនមុននឹងក្លាយជានាយករដ្ឋមន្ត្រីពិតប្រាកដនៅថ្ងៃអនាគត។
លោក គឹម សុខ អះអាងថា ដើម្បីឡើងកាន់តំណែងនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគតឱ្យស័ក្ដិសម ដែលឪពុករបស់ខ្លួនខំជួយលើកស្ទួយដោយការគំរាមកំហែងអ្នកដទៃ លោក ហ៊ុន ម៉ាណែត គួរតែចេញមុខបង្ហាញស្នាដៃដោះស្រាយវិបត្តិរបស់ពលរដ្ឋជាច្រើនទៀតដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ ក្រោមការដឹកនាំរបស់ឪពុកលោកសព្វថ្ងៃនេះ ដូចជាទំនាស់ដីធ្លីដែលកំពុងផ្ទុះឡើងស្ទើរពេញផ្ទៃប្រទេស និងបង្ហាញអំពីការធ្វើកំណែទម្រង់ស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលរដ្ឋាភិបាលរបស់ឪពុកលោកកំពុងជាន់ពន្លិចបច្ចុប្បន្ននេះផងដែរ។
អ្នកវិភាគរូបនេះបញ្ជាក់ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនមានសមត្ថភាពដោះស្រាយបញ្ហាជូនពលរដ្ឋបានទេ តំណែងដែលឪពុករបស់លោកខំលើកស្ទួយនេះ គ្រាន់តែដើម្បីបំបាក់មុខឪពុកខ្លួនឯង និងបង្ហាញពីការអសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះ។ ដូច្នេះ តំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតនេះ មិនបានផ្តល់ក្តីសង្ឃឹមអ្វីដល់ពលរដ្ឋក្នុងការកសាងជាតិនោះទេ ហើយបេក្ខភាពនេះគ្រាន់តែជាតំណែងរក្សាអំណាចត្រកូល ហ៊ុន បន្តពីឪពុកខ្លួនប៉ុណ្ណោះ។
កាលពីដើមខែធ្នូ ឆ្នាំ២០២១ កន្លងទៅ លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់ខ្លួន គឺលោក ហ៊ុន សែន ប្រកាសគាំទ្រជាបេក្ខភាពជានាយករដ្ឋមន្ត្រីអនាគតរបស់កម្ពុជា ខណៈគណបក្សកាន់អំណាចបានបោះឆ្នោតគាំទ្របេក្ខភាពនេះកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅផងដែរ។ ប៉ុន្តែការជាប់ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីឪពុកខ្លួនឯងនេះ ត្រូវគេរិះគន់ថា ធ្វើឡើងក្រោមការគំរាមកំហែង និងទិញទឹកចិត្តសមាជិកបក្សប្រជាជនកម្ពុជារបស់ខ្លួន គឺមិនមែនព្រោះតែលោក ហ៊ុន ម៉ាណែត មានសមត្ថភាពដឹកនាំប្រទេសនោះឡើយ។
ក្រុមអ្នកសង្កេតការណ៍សម្ដែងការសោកស្តាយដែលកម្ពុជានឹងទទួលបាននាយករដ្ឋមន្ត្រីគ្មានសមត្ថភាព និងគ្មានការគាំទ្រពីពលរដ្ឋ។ ផ្ទុយទៅវិញ ជាអនាគតនាយករដ្ឋមន្ត្រីដែលឡើងកាន់តំណែងដោយសារឪពុកជាអ្នករៀបចំឲ្យ ហើយគ្មានសមត្ថភាពដឹកនាំប្រទេសទៅរកការរីកចម្រើន ប៉ុន្តែចេះតែលេងល្បែងភ្នាល់ជាមួយអ្នកនយោបាយដែលកំពុងអស់ផ្លូវចូលស្រុកប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា សមាជិកបក្សកាន់អំណាចដែលគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអនាគតនោះ មិនមែនដោយសារមើលឃើញពីគុណសម្បត្តិ ឬសមត្ថភាពដឹកនាំប្រទេសរបស់លោក ហ៊ុន ម៉ាណែត នោះទេ គឺដោយសារលោក ហ៊ុន សែន ទិញទឹកចិត្តពួកគេប៉ុណ្ណោះ និងក្រោមការសន្យាថាផ្តល់តំណែងខ្ពស់ៗក្នុងជួររដ្ឋាភិបាលដល់កូនមន្ត្រីសំខាន់ៗមួយចំនួន ដូចជាលោក ស ខេង លោក សាយ ឈុំ លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ជាដើម។
ជុំវិញបញ្ហានេះ កាលពីដើមខែធ្នូ ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាចដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន គំរាមថា អ្នកដែលចង់ដណ្តើមតំណែងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីពីកូនប្រុសរបស់លោក ត្រូវតែធ្វើឃាតលោកជាមុនសិន ប៉ុន្តែបុរសខ្លាំងនៅកម្ពុជារូបនេះព្រមានថា អ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនមានជីវិតរស់នៅដែរ ហើយសង្គ្រាមច្បាស់ជានឹងផ្ទុះឡើងជាមិនខាន៕