អតីតប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ប៉ាក ហ្គឺនហេ (Park Geun-hye) ត្រូវបានអាជ្ញាធរដោះលែងចេញពីពន្ធនាគារទាំងកណ្តាលយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ នេះ។ ការដោះលែងនេះ គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកស្រីទទួលបានការលើកលែងទោសពីលោកប្រធានាធិបតី មូន ចេអ៊ីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ នេះ។
កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានសម្រេចផ្តល់ការលើកលែងទោសពិសេសមួយដល់អ្នកស្រី ប៉ាក ហ្គឺនហេ ដោយយោងលើមូលហេតុចម្បងៗចំនួន២ គឺអ្នកស្រីកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងដើម្បីជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងអាណត្តិថ្មី នឹងឈានចូលមកដល់នៅក្នុងពេលឆាប់ៗ គឺនៅខែមីនា ឆ្នាំ២០២២។
កាលពីខែមករា ដើមឆ្នាំ២០២១ តុលាការកំពូលកូរ៉េខាងត្បូង បានទម្លាក់ចោលនូវការផ្ដន្ទាទោសអ្នកស្រី ប៉ាក ហ្គឺនហេ ដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំពីបទពុករលួយ ដោយផ្តល់ឱកាសជាលើកដំបូងឲ្យអ្នកស្រីបញ្ចប់ដំណើរការតតាំងតាមផ្លូវច្បាប់ ដែលកាលណោះត្រូវបានគេមើលឃើញថាអ្នកស្រីអាចនឹងទទួលបានការលើកលែងទោស។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានថ្លែងថា ដើម្បីពង្រឹងការឯកភាពជាតិ គឺការលើកលែងទោសជូនអ្នកនយោបាយជាការចាំបាច់។ លោកប្រធានាធិបតីបានសម្រេចកាន់ស្លាបប៉ាកកាចុះហត្ថលេខាលើកលែងទោសអ្នកស្រី ប៉ាក ហ្គឺនហេ ឱ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី២៤ ធ្នូ នៅក្រោមទស្សនៈមួយដែលលោកបានបញ្ចេញតាមសេចក្ដីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតីហៅថាវិមានខៀវ គឺជាការអត់ឱន ការខន្ដីនៅជាមួយនឹងការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ហើយសំដៅធ្វើឱ្យកូរ៉េខាងត្បូងមានការឯកភាពជាតិមួយរឹងមាំក្នុងស្ថានភាពនាពេលនេះដែលចាំបាច់បំផុត។
នេះជាសម្ដីរបស់លោក មូន ចេអ៊ីន ដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន NK NEWS។ ទស្សនៈរបស់លោក មូន ចេអ៊ីន ក្នុងនាមលោកជាប្រធានាធិបតី ធ្វើឱ្យមានការរន្ធត់ចិត្តជាខ្លាំង និងមានការអបអរសាទរចំពោះជនរួមជាតិកូរ៉េខាងត្បូង ដែលភាគច្រើនចង់បានការឯកភាពជាតិឡើងវិញក្នុងកាលៈទេសៈដែលរួមកម្លាំងគ្នាប្រឈមមុខនឹងបញ្ហាជាច្រើនដែលកើតមានលើសង្គមកូរ៉េខាងត្បូង។
តាមប្រភពព័ត៌មានដដែលនេះ គឺលោក មូន ចេអ៊ីន បានចុះក្រឹត្យមួយក្នុងឋានៈជាប្រធានាធិបតីរបស់សាធារណរដ្ឋមួយនេះ ដោយធ្វើការលើកលែងទោសដ៏ភ្ញាក់ផ្អើលជូនដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូង គឺអ្នកស្រី ប៉ាក ហ្គឺនហេ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ រួមនឹងអ្នកទោស ២០៩៤នាក់ផ្សេងទៀត។
ក្នុងចំណោមអ្នកទោសត្រូវបានលើកលែងទោស គឺអ្នកតំណាងរាស្ត្រម្នាក់ទៀតដែលស្និទ្ធនឹងរបបកុម្មុយនីស្តកូរ៉េខាងជើង ក៏ទទួលបានការលើកលែងទោសផងដែរ គឺលោក Lee Seok-ki។ អតីតអ្នកតំណាងរាស្ត្ររូបនេះត្រូវបានកាត់ទោសកាលពីឆ្នាំ២០១៤ ឱ្យមានទោសជិត ១០ឆ្នាំ ក្រោមបទចោទថាមានផែនការបង្កើតកម្លាំងឧទ្ទាមផ្ដួលរំលំរដ្ឋាភិបាល។
យ៉ាងណា គេនៅរង់ចាំការសម្រេចមួយទៀតរបស់ប្រធានាធិបតី ដែលរំពឹងថានឹងបានទទួលសំណើសុំឱ្យមានការលើកលែងទោសផងដែរដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ទៀត គឺលោក លី ម្យុងបាក់ (Lee Myung-bak)។

លោក លី ម្យុងបាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៧ឆ្នាំក្នុងករណីពុករលួយ។ ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីយុត្តិធម៌កូរ៉េខាងត្បូង លោក Park Beom-kye បានថ្លែងថា ស្ថានភាពក្នុងការលើកលែងទោសរវាងអ្នកស្រី ប៉ាក និងលោក លី គឺខុសគ្នា ប៉ុន្តែរដ្ឋាភិបាលនឹងពិនិត្យបន្ថែមទៀតលើការលើកលែងទោសអតីតមេដឹកនាំកូរ៉េខាងត្បូងម្នាក់ទៀតនេះ។
អ្នកសង្កេតការណ៍គិតថា ការដោះលែងអ្នកស្រី ប៉ាក អាចនឹងជះឥទ្ធិពលដល់ការបោះឆ្នោតនៅឆ្នាំក្រោយ ព្រោះអ្នកគាំទ្រគណបក្សអំណាចប្រជាជន (PPP) បានអំពាវនាវឱ្យដោះលែងអ្នកស្រី ប៉ាក មុនការបោះឆ្នោតប្រធានាធិបតី ដែលមើលទៅបក្សនេះអាចត្រូវការសំឡេងរបស់អ្នកគាំទ្រអ្នកស្រី ប៉ាក។
ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលជាការបោះឆ្នោតប្រធានាធិបតីលើកទី២០។
អ្នកសង្កេតការណ៍មើលឃើញថា តម្លៃយុត្តិធម៌កើតឡើងជាមួយនឹងការអត់ឱន និងការផ្សះផ្សាជាតិ គឺជារឿងចាំបាច់សម្រាប់អ្នកនយោបាយដែលមានការអាណិតអាសូរគ្នា។
តាមទម្លាប់ ប្រធានាធិបតីមុនៗកម្រនឹងមានការធ្វើសេចក្ដីសម្រេចដូចលោក មូន ចេអ៊ីន ឡើយ ហើយភាគច្រើនប្រធានាធិបតីកូរ៉េខាងត្បូងដែលដាក់ឱ្យចូលនិវត្តន៍ គឺសឹងតែជៀសពុំរួចនឹងការកាត់ទោស។

ហេតុអ្វីបានជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងភាគច្រើនមិនអាចរួចខ្លួនពីអំណាចរបស់តុលាការ?
លោក លី ម្យុងបាក់ អតីតប្រធានាធិបតីកូរ៉េខាងត្បូងមុនអាណត្តិរបស់អ្នកស្រី ប៉ាក ហ្គឺនហេ ត្រូវបានរដ្ឋអាជ្ញាកូរ៉េខាងត្បូងកោះហៅឲ្យទៅឆ្លើយបំភ្លឺក្នុងនាមជាជនសង្ស័យប្រព្រឹត្តអំពើពុករលួយ ទទួលសំណូកសូកប៉ាន់នៅក្នុងពេលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ ដីកាកោះហៅលោក លី ម្យុងបាក់ ធ្វើឡើងដោយរដ្ឋអាជ្ញាកូរ៉េខាងត្បូង ឆ្លុះបញ្ចាំងឲ្យឃើញថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងទាំងអស់សុទ្ធតែជាប់ក្នុងសំណាញ់របស់តុលាការ ក្នុងសំណុំរឿងពុករលួយ ពោលគឺបើមិនត្រឹមជាប់សង្ស័យទេ ក៏ត្រូវជាប់ចោទ ឬត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារថែមទៀត។
ប្រធានាធិបតីកូរ៉េខាងត្បូងភាគច្រើនប្រឈមនឹងទោសជាប់ពន្ធនាគារ ឬត្រូវក្ស័យជីវិតនៅក្រោយពេលខ្លួនអស់អាណត្តិជាប្រធានាធិបតី ជាពិសេសនៅពេលដែលបក្សគូប្រជែងរបស់ពួកគេឡើងកាន់អំណាចបន្ត។
លោក រ៉ូ មូយុន អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើអត្តឃាតសម្លាប់ខ្លួននៅក្រោយតុលាការនៅក្នុងអាណត្តិរបស់លោក លី ម្យុងបាក់ កោះហៅឲ្យទៅឆ្លើយបំភ្លឺពីសំណុំរឿងពុករលួយ ដែលមានជាប់ពាក់ព័ន្ធគ្រួសារសាច់ញាតិរបស់ប្រធានាធិបតី។ មានតែអ្នកស្រី ប៉ាក ហ្គឺនហេ មួយគត់ត្រូវបានទម្លាក់ពីអំណាច ខណៈអ្នកស្រីកំពុងកាន់អំណាចណែនក្នុងដៃក្នុងឋានៈជាប្រធានាធិបតី។ អ្នកស្រី ប៉ាក បច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ។ អ្នកស្រីក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែងពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការឃុបឃិតជាមួយមនុស្សជំនិតក្នុងការទទួលបានប្រាក់មូលនិធិរាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារ។
ជាការកត់សម្គាល់ នៅកូរ៉េខាងត្បូង ប្រធានាធិបតីទាំងអស់សុទ្ធតែរងការចោទប្រកាន់ដោយតុលាការក្នុងរឿងប្រព្រឹត្តអំពើពុករលួយ នៅក្នុងពេលកាន់តំណែងជាប្រធានាធិបតី បើសិនមិនធ្វើផ្ទាល់ ក៏មានបងប្អូនសាច់ញាតិដែលប្រើអំណាចរបស់ប្រធានាធិបតីដើម្បីទទួលសំណូកសូកប៉ាន់ពីក្រុមហ៊ុនឯកជន។
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្នមកពីគណបក្សឆ្វេងនិយម ដែលធ្លាប់ជាគូប្រជែងនៃគណបក្សស្តាំនិយមរបស់លោក លី ម្យុងបាក់ និងអ្នកស្រី ប៉ាក ហ្គឺនហេ គឺលោកធ្លាប់បានសន្យាកែកំហុសឆ្គងរបស់អតីតមេដឹកនាំកូរ៉េខាងត្បូង ដែលពេលនោះលោកជាមេដឹកនាំបក្សប្រឆាំង៕