28.4 C
Phnom Penh

ជម្លោះ​រវាង​អាមេរិក​ជាមួយ​សហភាព​សូវៀត​និង​ចិន នាំ​ឱ្យ​ឧបទ្វីប​កូរ៉េ​បែកបាក់​គ្នា​មក​ដល់​សព្វថ្ងៃ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូរ៉េ គឺជា​ប្រទេស​មួយ​មាន​ជាតិសាសន៍​ក្នុង​ទ្វីប​អាស៊ី ដែល​កើត​មាន​យូរលង់​ណាស់​មក​ហើយ និង​ជា​ប្រទេស​មាន​ខឿន​វប្បធម៌​ដ៏​ចំណាស់​លើ​ទឹកដី​អាស៊ី​ភាគ​ខាងកើត។ ប៉ុន្តែ​កូរ៉េ​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ក្រោម​សម្ពាធ​នៃ​ក្រុម​មហាអំណាច ជួប​តែ​ការ​បែកបាក់​រហូត​ស្ទើរ​អស់សង្ឃឹម​នឹង​ការ​រួបរួម​គ្នា​ឡើងវិញ។

នៅ​រវាង​ឆ្នាំ​១៩៤៥ ភ្នក់ភ្លើង​សង្គ្រាម​ត្រូវ​បាន​បញ្ឈួល​ឡើង​នៅ​គ្រប់​តំបន់​អាស៊ី ដែល​គេ​ហៅថា​សង្គ្រាម​ខ្ចី​ដៃ​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​សហភាព​សូវៀត ហើយ​និង​ចិន។ សង្គ្រាម​នៅ​គ្រា​នោះ​គេ​ហៅ​ម្យ៉ាង​ថា​ជា​សង្គ្រាម​ត្រជាក់ ដោយ​ចាប់ផ្ដើម​រត់​ប្រណាំង​សព្វាវុធ​រវាង​ប្លុក​សេរី និង​កុម្មុយនិស្ត។ ដោយ​ភ្នក់ភ្លើង​សង្គ្រាម​ត្រជាក់​ឆាបឆេះ​ឡើង​នៅ​ពាសពេញ​អាស៊ី និង​ពិភពលោក ប្រទេស​កូរ៉េ​ដែល​ពុំ​អាច​បញ្ចៀស​សង្គ្រាម​នេះ​បាន ក៏​ក្លាយ​ជា​ទីលាន​វាយ​ប្រយុទ្ធ​គ្នា​ហែក​សាច់ឈាម​បងប្អូន​ខ្លួនឯង​ដែរ។

កូរ៉េ​ខាងជើង ទទួល​ឥទ្ធិពល​ពី​របប​កុម្មុយនីស្ត​នៃ​សហភាព​សូវៀត​ផង និង​កុម្មុយនីស្ត​ចិន​ម៉ៅសេទុង​ផង ក៏​បង្កើត​បាន​ក្រុម​បដិវត្តន៍​ប្រដាប់​អាវុធ​ដឹកនាំ​ដោយ​ជីតា​របស់​លោក គីម ជុងអ៊ុន គឺ​មគ្គុទ្ទេសក៍ គីម អ៊ីលស៊ុង។ កូរ៉េ​ខាងត្បូង ជា​រដ្ឋាភិបាល​គ្រប់គ្រង​ប្រទេស​ទាំងមូល​ដែល​មាន​រដ្ឋាភិបាល​កណ្ដាល​នៅ​រដ្ឋធានី​សេអ៊ូល ក៏​បង្កើន​កម្លាំង​ទ័ព​ការពារ​របប​សេរី និង​ប្រជាធិបតេយ្យ​របស់​ខ្លួន។

នៅ​ឆ្នាំ​១៩៥០ សង្គ្រាម​ជាតិសាសន៍​ខ្លួនឯង​ដែល​ពួក​មហាអំណាច​កុម្មុយនីស្ត​សហភាព​សូវៀត និង​ចិន​នៅ​ពីក្រោយ​ក្រុម​ផ្ដាច់​ខ្លួន​កូរ៉េ​ខាងជើង ហើយ​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​កូរ៉េ​ខាងត្បូង ក៏​ផ្ទុះ​សង្គ្រាម​ឡើង​កាន់តែ​សន្ធោសន្ធៅ​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត។ អំឡុង​ពេល​នោះ គេ​ដឹង​ថា​មាន​ទ័ព​អាមេរិក​រាប់​ម៉ឺន​នាក់​ចូល​ជួយ​កងទ័ព​កូរ៉េ​ខាងត្បូង។ រីឯ​កូរ៉េ​ខាងជើង គេ​ដឹង​ថា​មាន​កងទ័ព​ចិន​រាប់​សែន​នាក់​ចូល​ជួយ ហើយ​មាន​ទ័ព​សហភាព​សូវៀត​ជា​ជំនួយ​ទៀត​ផង។ ទម្រាំ​នឹង​បញ្ចប់​សង្គ្រាម គឺ​កងទ័ព​ទាំង​សងខាង​បាន​ស្លាប់​រាប់​ម៉ឺន​នាក់។ តែ​កងទ័ព​ចិន ជា​ទ័ព​ជំនួយ​ផ្ទាល់​របស់​ទ័ព​ឧទ្ទាម​បំបែក​ខ្លួន​កូរ៉េ​ខាងជើង ស្លាប់​ដល់​ទៅ​រាប់​សែន​នាក់​ឯណោះ។

ទីបំផុត សង្គ្រាម​បងប្អូន​នឹង​គ្នា​ដែល​ញុះញង់​ដោយ​ពួក​មហាអំណាច បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៥៣ ដោយ​ភាគី​ច្បាំង​គ្នា​ជាតិសាសន៍​តែ​មួយ យល់ព្រម​ឱ្យ​មាន​យុទ្ធសន្តិភាព​ដែល​គេ​ហៅថា​យុទ្ធសន្តិភាព ប៉ានមុនយ៉ុម នៅ​ក្រោម​ការ​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ។ តែ​បើ​គេ​និយាយ​អំពី​ទុក្ខវេទនា​របស់​ប្រជាជន​កូរ៉េ គឺ​គេ​ត្រូវ​រំឭក​ពី​សម័យកាល​ចក្រព័ត្រ​បែប​អាណានិគម​និយម​គ្រប់គ្រង​រដ្ឋបាល​បឺត​ជញ្ជក់​យក​សេដ្ឋកិច្ច​ពី​លើ​ទឹកដី​ប្រទេស​ទន់ខ្សោយ ដែល​វា​ជា​ដើមចម​បង្ក​ឱ្យ​មាន​សង្គ្រាម​ដណ្ដើម​ទឹកដី​គ្នា​គ្រប់គ្រង ហើយ​នាំ​ឱ្យ​កូរ៉េ​ធ្លាក់​ខ្លួន​ជា​ប្រទេស​ក្រោម​អាណានិគម​របស់​មហាអំណាច​ជប៉ុន។

លុះ​ដល់​ជប៉ុន​ចាញ់​សង្គ្រាម គឺ​ទឹកដី​កូរ៉េ​ក៏​បាន​ធ្លាក់​ចូល​ក្នុង​សេចក្ដី​សម្រេច​ថ្មី​តាម​បែប​អន្តរាគមន៍​ក្នុង​ឆ្នាំ​១៩៤៨ ដោយ​ដក​ហូត​ទឹកដី​អាណានិគម​ទាំងអស់​មក​នៅ​ក្រោម​សហរដ្ឋ​អាមេរិក និង​អង់គ្លេស​គ្រប់គ្រង ក៏ប៉ុន្ដែ​ដើម្បី​ឈ្នះ​ជប៉ុន​ផ្នែក​ភូមិសាស្ត្រ​នយោបាយ គឺ​អាមេរិក​ក៏​បាន​ព្រមព្រៀង​ឲ្យ​សហភាព​សូវៀត​ជួយ និង​សន្យា​ពុះ​ចែក​កូរ៉េ​ឱ្យ​ក្លាយ​ជា​ពីរ​ផ្នែក។ មហាអំណាច​ទាំង​ពីរ​ពេល​នោះ ក៏​ចូល​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​ដោយ​យក​ផ្នែក​ខាងជើង គឺ​សហភាព​សូវៀត​គ្រប់គ្រង និង​ខាងត្បូង​ឱ្យ​ទៅ​សហរដ្ឋ​អាមេរិក។ ប្រទេស​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​ដែរ​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ជា​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ រហូត​ដល់​មាន​ការ​បង្រួបបង្រួម​ប្រទេស​ទាំង​ពីរ​តែម្ដង។ តែ​ការពិត សហភាព​សូវៀត​ចង់​យក​ក្រុង​សេអ៊ូល មក​នៅ​ក្រោម​របប​ឧទ្ទាម​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​ថែម​ទៀត។

នៅ​ឆ្នាំ​១៩៤៨ ដដែល​នោះ សហរដ្ឋ​អាមេរិក​ក៏​បាន​ដាក់​សំណើ​ទៅកាន់​អង្គការ​សហប្រជាជាតិ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​បង្រួបបង្រួម ក៏ប៉ុន្ដែ​សហភាព​សូវៀត​ព្រងើយ​កន្តើយ​ក្នុង​រឿង​នេះ។

ទីបំផុត ការ​បោះឆ្នោត​ប្រារព្ធ​ទៅ​បាន​តែ​ខាង​កូរ៉េ​ខាងត្បូង​ក្នុង​ការ​បោះឆ្នោត​គាំទ្រ​អ្នក​ស្នេហា​ជាតិ ខណៈ​នៅ​កូរ៉េ​ខាងជើង Kim Il-sung ជន​កុម្មុយនីស្ត​ក្រហម​ឆ្អិនឆ្អៅ បាន​ប្រមូល​អំណាច​របស់​លោក​គ្របដណ្ដប់​ប្រទេស​កូរ៉េ​ខាងជើង និង​មាន​សហភាព​សូវៀត​នៅ​ពីក្រោយ។ ទីបំផុត កូរ៉េ​ខាងត្បូង​ក្រោម​ខ្នង​បង្អែក​របស់​សហរដ្ឋ​អាមេរិក បាន​ប្រែ​ឈ្មោះ​ជា​សាធារណរដ្ឋ​កូរ៉េ។ ចំណែក​ឯ​កូរ៉េ​ខាងជើង ប្រែ​ឈ្មោះ​ថា​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ។ របប​ពីរ​ផ្សេង​គ្នា​នៃ​ជាតិសាសន៍​តែ​មួយ​នេះ បាន​សម្រេច​ពុះ​ច្រៀក​ប្រទេស​ជា​ពីរ គឺ​ដោយសារ​សង្គ្រាម​ស៊ីវិល​ដែល​ផ្ទុះ​យ៉ាង​ខ្លាំង​រយៈពេល​ជិត ៤​ឆ្នាំ ដោយ​បិទ​បញ្ចប់​នៅ​ខែ​កក្កដា ឆ្នាំ​១៩៣៥។ នេះ​ហើយ​ជា​សមិទ្ធផល​នៃ​សង្គ្រាម​សាច់ឈាម​ជាតិសាសន៍​ខ្លួនឯង​នៃ​ប្រទេស​ទឹកដី​អាស៊ី​ខាងកើត។

និយាយ​អំពី​ដំណើរ​ដើមទង​ឡើងវិញ​ទៀត ដោយ​ជឿ​ថា​សហភាព​សូវៀត​នៅ​ពីក្រោយ​ការ​ឈ្លានពាន​នេះ ប្រធានាធិបតី​អាមេរិក លោក Harry Truman និង​ទីប្រឹក្សា​របស់​លោក​បាន​សម្រេច​ដើរ​តាម​គោលនយោបាយ​ថ្មី​របស់​ខ្លួន គឺ​មិន​អនុញ្ញាត​ឱ្យ​កុម្មុយនីស្ត​រីក​ដុះដាល​ក្នុង​លោក​យើង​នេះ​បាន​ទេ គឺ​លោក​ថា បើ​បណ្ដោយ គឺ​កូរ៉េ​នឹង​បាត់បង់ ហើយ​សហភាព​សូវៀត​នឹង​មាន​ដំណើរ​ត្រឹមត្រូវ​ក្នុង​ការ​លេប​ត្របាក់​ប្រទេស​មួយ​ទៅ​មួយ​ទៀត​បាន​យ៉ាង​ងាយ។

ក្រោយ​មក​ទៀត សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា ខ្លួន​គាំទ្រ​កូរ៉េ​ខាងត្បូង។ ពេល​នោះ អាមេរិក​បាន​ដឹកនាំ​កង​កម្លាំង​ទ័ព​រួបរួម​ទៅ​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង។ ប្រធានាធិបតី​អាមេរិក លោក Truman បន្ត​ថា សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ គឺជា​សញ្ញា​នៃ​ការ​ប្រយុទ្ធ​គ្នា​ជា​សកល​រវាង​លោក​ខាងលិច និង​លោក​ខាងកើត គឺ​ល្អ​និង​អាក្រក់ កើត​មាន​ក្នុង​សង្គ្រាម​ត្រជាក់​នេះ​ហើយ។

ដំបូង​ឡើយ សង្គ្រាម​នេះ​ជា​សង្គ្រាម​ទប់ទល់​កុម្មុយនីស្ត​មិន​ឱ្យ​ចូល​កូរ៉េ​ខាងត្បូង​ទេ តែ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ខណៈ​កងទ័ព​កូរ៉េ​ខាងជើង​ដែល​ពោរពេញ​ដោយ​មហិច្ឆតា​ឈ្លានពាន គឺ​ពួកគេ​មាន​វិន័យ មាន​ការ​លុត​ដំ​ល្អ​ខ្លាំងក្លា​ជាង​កងទ័ព​កូរ៉េ​ខាងត្បូង ស្រប​ពេល​ដែល​កងទ័ព​អាមេរិក​ក៏​មិន​អាច​ស៊ាំ​នឹង​អាកាសធាតុ​ក្ដៅ ហើយ​សើម​នៅ​កូរ៉េ​ផង​នោះ ធ្វើ​ឱ្យ​កងទ័ព​កូរ៉េ​ខាងជើង​ដែល​មាន​ទ័ព​ចិន និង​សូវៀត​នៅ​ពីក្រោយ គឺ​ទ័ព​អាមេរិក ក៏​មាន​ការ​លំបាក​វាយលុក​លើ​ទ័ព​កូរ៉េ​ខាងជើង។ រហូត​ដល់​ចាំ​រដូវក្ដៅ លោក Truman បាន​សម្រេច​ប្ដូរ​ពី​សង្គ្រាម​ការពារ​ទឹកដី​ពី​ពួក​កុម្មុយនីស្ត ក្លាយ​ទៅ​ជា​សង្គ្រាម​រំដោះ​ទឹកដី​ពី​ពួក​កុម្មុយនីស្ត។ យុទ្ធសាស្ត្រ​នេះ​ក៏​បាន​ជោគជ័យ​ខ្លះ​ក្នុង​ការ​វាយ​យក​ទឹកដី​មក​វិញ​ខ្លះ​ពី​កងទ័ព​កូរ៉េ​ខាងជើង។

ឯ​ក្រុម​ចិន​ម៉ៅសេទុង​ឯណោះ ដោយ​ភ័យខ្លាច​មាន​សង្គ្រាម​ឈ្លានពាន​របស់​អាមេរិក​ហៀរ​ចូល​ទឹកដី​ចិន គឺ​ចិន​ក៏​បាន​ចូលរួម​នឹង​សហភាព​សូវៀត ក្នុង​ការ​កេណ្ឌ​កម្លាំង​ប្រយុទ្ធ​ជួយ​កូរ៉េ​ខាងជើង ហើយ​វាយ​ព្រមាន​អាមេរិក​ឱ្យ​ចេញពី​ទន្លេ​យ៉ាលូ ដែល​ជាប់​ព្រំដែន​រវាង​កូរ៉េ​ខាងជើង និង​ចិន​ផង​ដែរ។

សហរដ្ឋ​អាមេរិក​ក៏​ចង់​បញ្ចៀស​សង្គ្រាម​នឹង​ចិន​ផង​ដែរ។ ទីប្រឹក្សា​លោក Truman បាន​ព្យាយាម​និយាយ​បញ្ចៀស​មិន​ឱ្យ​មាន​ការ​បង្ក​រឿង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ពេល​នោះ​ឆ្នាំ​១៩៥១ គឺ​លោក ទ្រូម៉ាន់ បាន​រៀបចំ​ឱ្យ​មាន​ជំនួប​សន្តិភាព​មួយ​នៅ Panmumjom ទោះ​សង្គ្រាម​នៅតែ​កើតឡើង​ក៏ដោយ​ក្ដី គឺ​ពេល​នោះ​ក៏​មាន​បទ​ឈប់​បាញ់​គ្នា​កើត​មាន​មួយ​រយៈ​ដែរ។

តែ​ការ​វាយ​ប្រយុទ្ធ​គ្នា​ក៏​ចាប់ផ្ដើម​ទៀត ហើយ​ការ​ចរចា​គ្នា​ក៏​ចាប់ផ្ដើម​មាន​ពន្លក​បន្តិចៗ​ម្ដង​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៥៣ ទើប​កូរ៉េ​ទាំង​ពីរ​មាន​យុទ្ធសន្តិភាព ដែល​ជា​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​បណ្ដោះអាសន្ន។

សង្គ្រាម​កូរ៉េ​ត្បិត​មាន​រយៈពេល​ខ្លី​ក៏​ពិតមែន តែ​សាច់​ស្រស់​ឈាម​ស្រស់​ជាង ៥​លាន​នាក់​ក្លាយ​ជា​សាកសព​នៅ​លើ​សមរភូមិ​ជាតិសាសន៍​មួយ​នេះ។ ១០% នៃ​ពលរដ្ឋ​កូរ៉េ​ទាំង​ពីរ​បាន​សម្រេច​ចូល​ធ្វើ​កងទ័ព គឺ​ស្លាប់​សឹង​ទាំងអស់។

សហរដ្ឋ​អាមេរិក​ក៏​ចំណាយ​ជីវិត​កងទ័ព​ជាង ៤​ម៉ឺន​នាក់ ខណៈ​ចិន​ស្លាប់​កងទ័ព​រាប់​សែន​នាក់ ចំណែក​សហភាព​សូវៀត បាន​ចំណាយ​អាវុធ​រាប់​ម៉ឺន​រាប់​សែន​ឱ្យ​ទៅ​កូរ៉េ​ខាងជើង និង​កងទ័ព​ចិន។

កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ស្វែងរក​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​ជា​ផ្លូវការ​ជាមួយ​គ្នា ព្រោះ​តែ​យុទ្ធសន្តិភាព​ដែល​ជា​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា ពុំ​មែន​ជា​សន្ធិសញ្ញា​បញ្ចប់​សង្គ្រាម​នឹង​គ្នា​ឡើយ។ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង មូន ចេអ៊ីន ថ្លែង​ថា លោក​ចង់​បាន​កិច្ចព្រមព្រៀង​បែប​នេះ តែ​មេដឹកនាំ​កូរ៉េ​ខាងជើង ដែល​ចង់​បាន​ដែរ​នោះ បាន​ប្រកាស​ថា​លុះត្រាតែ​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងស្រុង​ពី​ប្រទេស​កូរ៉េ​ខាងជើង​ជា​មុន​សិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស