29.3 C
Phnom Penh

កូរ៉េ​ខាងត្បូង និង​ជប៉ុន៖ កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​បាលីស្ទីក​គំរាម​ពិភពលោក​សាជាថ្មី​ម្តង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​កូរ៉េ​ខាងជើង ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​បន្ត​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​ជា​ថ្មី​ម្ដង​ទៀត ដែល​ជា​ការ​គំរាម​ពិភពលោក​ដែល​កំពុង​ធ្វើ​ដំណើរ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២ ទើប​បាន​ប្រាំ​ថ្ងៃ​មកនេះ។

ក្រុម​អ្នកជំនាញ​កូរ៉េ​ខាងត្បូង និង​ជប៉ុន បាន​អះអាង​ថា ប្រទេស​កូរ៉េ​ខាងជើង​ទំនង​ជា​បាន​ធ្វើ​តេស្ដ​សាកល្បង​គ្រាប់​មីស៊ីល​បាលីស្ទីក​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៥ មករា នេះ ដែល​អាច​ជា​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២ របស់​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​០៥ ខែ​មករា។

មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង និង​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន ដែល​តែងតែ​តាមដាន​នូវ​សកម្មភាព​កូរ៉េ​ខាងជើង​នោះ បាន​អះអាង​ថា ការ​ធ្វើ​តេស្ដ​លើក​នេះ​ទំនង​ជា​មីស៊ីល​បាលីស្ទីក​មួយ ដោយ​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េ​ខាងជើង ហើយ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​កាលពី​វេលា​ម៉ោង​ជាង ៨​ព្រឹក​នៅ​ថ្ងៃ​ពុធ​នេះ​ម៉ោង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។

មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​បាន​បង្ហើប​ទៀត​ថា ខ្លួន​គេ​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រុម​ជំនាញ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់​អំពី​ប្រភេទ​នៃ​អាវុធ​ដែល​កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ដ​ជា​លើកដំបូង​សម្រាប់​ឆ្នាំ​២០២២ នេះ។ ដោយឡែក​ប្រទេស​ជប៉ុន​វិញ ក៏​ដូច​គ្នា​ផង​ដែរ ដោយ​កំពុង​កំណត់​អំពី​ចំនួន​គ្រាប់​មីស៊ីល​ដែល​កូរ៉េ​ខាងជើង​ទើប​បាន​បាញ់​ជា​ថ្មី​ម្ដង​ទៀត​នេះ ថា​តើ​មាន​ចំនួន​ប៉ុន្មាន​គ្រាប់។

ជុំវិញ​ការ​ធ្វើ​តេស្ដ​គ្រាប់​មីស៊ីល​ជា​ថ្មី​របស់​កូរ៉េ​ខាងជើង នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បាន​ថ្លែង​ថា គឺជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ដែល​ប្រទេស​កូរ៉េ​ខាងជើង នៅតែ​បន្ត​បាញ់​ធ្វើ​តេស្ដ​មីស៊ីល​បន្ថែម​ទៀត។ លោក Fumio Kishida បាន​លើកឡើង​ទៀត​ថា ការ​បាញ់​តេស្ដ​អាវុធ​ជា​ថ្មី​ដោយ​កូរ៉េ​ខាងជើង កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ទំនង​ជា​គ្រាប់​មីស៊ីល​បាលីស្ទីក ដែល​លោក​ថា​ក្រុម​ជំនាញ​យោធា​ជប៉ុន កំពុង​វិភាគ​ទៅលើ​ទិន្នន័យ​ទាំងឡាយ​ដែល​ខ្លួន​ទើប​ទទួល​បាន​អំពី​ការ​បាញ់​សាកល្បង​នេះ ក្នុង​នោះ​រួម​មាន​ទាំង​ចំនួន​គ្រាប់​មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​ចេញ​ផង​ដែរ។ បន្ថែម​ពី​នេះ​ទៀត ឆ្មាំ​ការពារ​ដែនសមុទ្រ​ជប៉ុន ក៏​បាន​ប្រកាស​អំពី​ការ​ប្រទះឃើញ​អាវុធ​សង្ស័យ​ជា​គ្រាប់​មីស៊ីល​បាលីស្ទីក ត្រូវ​បាន​បាញ់​ចេញពី​កូរ៉េ​ខាងជើង​ផង​ដែរ។ បន្ទាប់ពី​ការ​ប្រទះឃើញ​នេះ ពួកគេ​បាន​ចេញ​សេចក្តី​ណែនាំ​ភ្លាមៗ​ប្រាប់​ទៅ​ក្រុម​នាវា​ថា មិន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជិត​វត្ថុ​គួរ​ឲ្យ​សង្ស័យ​ណា​មួយ​នោះ​ទេ។

កាលពី​ឆ្នាំ​២០២១ ប្រទេស​កូរ៉េ​ខាងជើង​បាន​អះអាង​ថា ខ្លួន​បាន​ធ្វើ​តេស្ដ​សាកល្បង​ដោយ​ជោគជ័យ​នូវ​គ្រាប់​មីស៊ីល​បាលីស្ទីក​ដែល​បាញ់​ចេញពី​នាវាមុជទឹក មីស៊ីល​គ្រូស​រយៈ​ចម្ងាយ​ឆ្ងាយ មីស៊ីល​បាញ់​ចេញពី​ខ្សែ​រថភ្លើង និង​ប្រភេទ​គ្រាប់​មីស៊ីល​អាច​រត់​ក្នុង​ល្បឿន​លឿន​ជាង​ល្បឿន​សំឡេង​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។

ការ​បាញ់​តេស្ដ​មីស៊ីល​នៅ​ដើម​ឆ្នាំ​២០២២ នេះ គឺ​បាន​កើតមាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន បាន​ប្រកាស​ថា ប្រទេស​របស់​លោក​នឹង​នៅតែ​បន្ត​កសាង​សមត្ថភាព​យោធា​ទៅ​មុខ​ទៀត បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ប្រទេស​កូរ៉េ​ខាងជើង​ត្រូវ​បាន​អន្តរជាតិ​មើល​ឃើញ​ថា កំពុង​បន្ត​រង​វិបត្តិ​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ក្តី។

លោក គីម ជុងអ៊ុន ឡើង​កាន់​អំណាច​ត​ពី​ឪពុក​របស់​លោក គឺ​នៅ​ឆ្នាំ​២០១១។ រយៈពេល ១០​ឆ្នាំ​មក​នេះ លោក គីម ជុងអ៊ុន បាន​បញ្ជា​ឱ្យ​មាន​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៤​លើក និង​បាន​សាកល្បង​ជាច្រើន​លើក​នូវ​គ្រាប់​កាំជ្រួច​រំលង​ទ្វីប ឬ​គេ​ហៅថា​មីស៊ីល​បាលីស្ទីក ដែល​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក។

លោក គីម ជុងអ៊ុន ចាប់​យក​ការ​ផលិត​នុយក្លេអ៊ែរ និង​គ្រាប់​កាំជ្រួច​ផ្លោង​ដើម្បី​ផ្គើន និង​គំរាម​សហគមន៍​អន្តរជាតិ។ លោក​មិន​ដែល​បារម្ភ​ខ្លាច​អាមេរិក​ឡើយ គឺ​មាន​តែ​បង្ក​រឿង​គំរាម​ផ្ទុះ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​លើ​ឧបទ្វីប​កូរ៉េ និង​គំរាម​បាញ់​កាំជ្រួច​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​វាយប្រហារ​ទៅ​លើ​ទឹកដី​អាមេរិក​ទៀត​ផង។

ជា​រដ្ឋ​ដែល​ចាប់​យក​ការ​រត់ប្រណាំង​សព្វាវុធ​ជា​ធំ តាម​ព័ត៌មាន​របស់ Global Fire ប្រទេស​នេះ​អាច​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពី ២០​គ្រាប់​ឡើង​ទៅ។ ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​កាំជ្រួច​អន្តរទ្វីប​ដែល​ប្រើ​ធនធាន​ជាតិ​ដ៏​ខ្សត់ខ្សោយ គឺ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ភាព​ទុរភិក្ស​កើតមាន​សឹង​ទូទាំង​ប្រទេស។ ប្រទេស​ផ្ដាច់ការ​សន្តតិវង្ស​មួយ​នេះ​កំពុង​ធ្លាក់​ក្នុង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​អាមេរិក។

ប្រទេស​ដែល​កូន​ឡើង​កាន់​អំណាច​ពី​ឪពុក​រយៈពេល ១០​ឆ្នាំ​មក​នេះ បាន​ត្រឹមតែ​ធ្វើ​ឱ្យ​ប្រជាជន​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស​អត់ឃ្លាន ព្រោះតែ​អំណាច​ផ្ដាច់ការ និង​មហិច្ឆតា​ដឹកនាំ​ប្រទេស​រត់ប្រណាំង​សព្វាវុធ​ជាមួយ​នឹង​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន។ រយៈពេល ១០​ឆ្នាំ​នៅ​ក្រោម​អំណាច​របស់​ត្រកូល​សន្តតិវង្ស​នៃ​រដ្ឋ​ផ្ដាច់ការ​កូរ៉េ​ខាងជើង ប្រជាជន​រស់​ដោយ​ការ​ភ័យខ្លាច ទុក្ខ​ព្រួយ ឈឺចាប់ ភាព​ទុរភិក្ស​អត់​បាយ ស្រែក​ឃ្លាន គ្មាន​សេរីភាព ព្រាត់ប្រាស​គ្រួសារ គឺ​កាន់តែ​ធ្ងន់​ទៅៗ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១ គឺជា​ខួប​គម្រប់ ១០​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​កម្មាភិបាល គីម ជុងអ៊ុន ដែល​យុវជន​រូប​នេះ​ឡើង​កាន់​អំណាច​កំពូល​របស់​រដ្ឋ​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១១ នៅ​ពេល​ខ្លួន​មាន​វ័យ ២៧​ឆ្នាំ​ប៉ុណ្ណោះ។

នៅ​ឆ្នាំ​នេះ ចៅ​របស់​មគ្គុទ្ទេសក៍ គីម អ៊ីលស៊ុង មាន​អាយុ ៣៨​ឆ្នាំ។ បុរស​នេះ​ឡើង​កាន់​អំណាច​តាម​បណ្ដាំ​របស់​ឪពុក គឺ​លោក គីម ជុងអ៊ីល។

នៅ​ថ្ងៃ​បិទ​បញ្ចប់​ពិធី​បុណ្យ​កាន់ទុក្ខ​សព​លោក គីម ជុងអ៊ីល កូរ៉េ​ខាងជើង​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​លោក គីម ជុងអ៊ុន ជា​អគ្គ​មគ្គុទ្ទេសក៍​មេដឹកនាំ​កូរ៉េ​ខាងជើង​បន្ត​ពី​ឪពុក​ដែល​បាន​ស្លាប់​ដោយសារ​គាំង​បេះដូង កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១១ ខណៈ​លោក​កំពុង​ជិះ​លើ​រថភ្លើង​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ​របស់​កសិករ​នៅ​ជនបទ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស