34 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បារម្ភ​ថា​អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព​គ្នា​ក្រោយ​ឆ្នាំ​២០២២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ថា ក្រោយ​ឆ្នាំ​២០២២ អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព និង​ភាព​ស្អិតល្មួត​របស់​អាស៊ាន​ទាំង​១០ ប្រសិនបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​លេចឡើង​ឱ្យ​បាន​ល្អ​ទេ​នោះ ហើយ​កម្ពុជា​ក៏​មិន​ឯកភាព​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​នាម​សមាជិក​ទាំង​១០​ក្នុង​តំបន់​នេះ​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ថា កម្ពុជា​មើល​ឃើញ​ថា​អាស៊ាន​ត្រូវតែ​មាន​ការ​ឯកភាព និង​សាមគ្គី​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ឱ្យ​ល្អ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ប្រកប​ដោយ​ចីរភាព។

លោក ប្រាក់ សុខុន អះអាង​ថា កម្ពុជា​គាំទ្រ​ជានិច្ច​នូវ​ការ​ឯកភាព​គ្នា​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​បម្រើ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក។ ជាង​នេះ​ទៀត កម្ពុជា​នឹង​ខិតខំ​ផ្ដោត​លើ​ការ​បង្រួបបង្រួម ដើម្បី​ឱ្យ​ដំណើរការ​អាស៊ាន​បាន​កាន់តែ​ល្អ​ប្រសើរ តាមរយៈ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អាស៊ាន​កំពុងតែ​ជួប​ប្រទះ​នៅ​ពេលនេះ។

ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ស្រប​ពេល​ដែល​សមាគម​អាស៊ាន​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ជាពិសេស​វិបត្តិ​នៅ​ប្រទេស​ភូមា ដែល​បាន​ក្លាយ​ជា​របៀបវារៈ​យ៉ាង​សំខាន់​ដែល​ធ្វើ​ឱ្យ​ប្រទេស​ទាំង ៩ មាន​ការ​ខ្វែង​គំនិត​យ៉ាង​ខ្លាំង​លើ​បញ្ហា​នេះ។

កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​សរសេរ​លើ​បណ្ដាញ Twitter របស់​លោក​ថា បន្ទាប់ពី​មាន​ការ​សន្ទនា​ជាមួយ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន អំពី​វិបត្តិ​នៅ​ភូមា លោក​បាន​បញ្ជាក់​ថា ឥណ្ឌូនេស៊ី ស្នើ​ឱ្យ​ភូមា ត្រូវ​អនុវត្ត​លើ​សំណើ​អាស៊ាន​ទាំង ៥​ចំណុច​ឱ្យ​បាន ដើម្បី​ឱ្យ​ភូមា ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី បញ្ជាក់​ថា ប្រសិនបើ​របប​សឹក​ភូមា មិន​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ទេ ហើយ​មាន​វត្តមាន​តំណាង​ភូមា ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ​ដែរ​នោះ គឺ​គ្រាន់តែ​ជា​តំណាង​ឱ្យ​ក្នុង​ឋានៈ​មួយ​ដែល​មិន​មែន​ជា​អ្នក​នយោបាយ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​កិច្ចប្រជុំ​នេះ​តែប៉ុណ្ណោះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ មករា នេះ​ថា ការ​ព្រួយបារម្ភ​ពី​ភាព​ចម្រូងចម្រាស​អំពី​ការ​ខ្វែង​គំនិត​គ្នា​របស់​មេដឹកនាំ​អាស៊ាន ចំពោះ​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា គឺ​ពិតជា​ត្រឹមត្រូវ​ណាស់ ព្រោះ​ថា​ការ​សម្រេច​របស់​លោក ហ៊ុន សែន ទាំង​មិន​មាន​ការ​ឯកភាព​ពី​សមាគម​អាស៊ាន ក្នុង​ការ​ជួប​ជាមួយ​មេដឹកនាំ​របប​សឹក​ភូមា គឺ​ពិតជា​បង្ក​វិបត្តិ​បន្ថែម​ទៀត​ឱ្យ​អាស៊ាន​ប្រាកដ​មែន។

លោក ម៉ែន ណាត អះអាង​ថា ដើម្បី​ឱ្យ​មេដឹកនាំ​កម្ពុជា​ដើរ​តួនាទី​ជា​ប្រធាន​អាស៊ាន​ឱ្យ​បាន​ត្រឹមត្រូវ​ពេញ​លក្ខណៈ លោក ហ៊ុន សែន ត្រូវតែ​ប្រើ​តួនាទី​របស់​ខ្លួន​ស្រប​តាម​គោលការណ៍​អាស៊ាន ជាពិសេស​លក្ខខណ្ឌ​ទាំង ៥​ចំណុច​ដែល​អាស៊ាន​សម្រេច​កាលពី​ពេល​កន្លងទៅ​សម្រាប់​មេ​យោធា​ផ្ដាច់ការ​ភូមា នោះ។ លោក​បន្ថែម​ថា លោក ហ៊ុន សែន ក៏​មិន​គួរ​ឱនលំទោន​នឹង​របប​សឹក​មួយ​ដែល​ឡើង​កាន់​អំណាច​ដោយ​ខុស​ច្បាប់ រហូត​ដើរ​ប្រាសចាក​ពី​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​សម្រេច​នោះ​ដែរ។

លោក​បញ្ជាក់​ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា​មិន​អាច​ដោះស្រាយ​ទាំង​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន ដូចជា​ការ​រំលោភ​សិទ្ធិមនុស្ស ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ និង​ការ​ចាប់​ខ្លួន​កម្មករ​ទាំង​អយុត្តិធម៌​ដែល​កំពុង​កើត​មាន​នៅ​ពេលនេះ​បាន​ទេ នោះ​លោក ហ៊ុន សែន ក៏​គ្មាន​ឥទ្ធិពល និង​ភាព​ជា​គំរូ​ក្នុង​ការ​ដោះស្រាយ ឬ​សម្របសម្រួល​វិបត្តិ​របស់​អាស៊ាន​បាន​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជិត ២០០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ ដោយ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន រក​ដំណោះស្រាយ​វិបត្តិ​នៅ​ភូមា ដោយ​មាន​ការ​ចូលរួម​ពី​ពហុភាគី​អន្តរជាតិ គឺ​មិនមែន​ចេញ​មុខ​ដោះស្រាយ​ដែល​មាន​មនុស្ស​តែ​ម្នាក់​បែប​នេះ​ទេ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បញ្ជាក់​ថា ការ​គាំទ្រ​របប​យោធា គឺជា​ការ​បង្ក​បញ្ហា​កាន់តែ​ច្រើន​សម្រាប់​អាស៊ាន និង​ជា​ការ​ប្រមាថ​ដល់​ប្រជាជន​ភូមា និង​កម្ពុជា​ផង​ដែរ។ បន្ថែម​ពី​នេះ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ជឿជាក់​លើ​អាស៊ាន​ក្នុង​អំឡុង​ពេល​លោក ហ៊ុន សែន ធ្វើជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស