33 C
Phnom Penh

តំណាង​ក្រុម​សហជីព​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ធនាគារ​ដែល​ទទួល​បង្វិល​ប្រាក់​ឱ្យ​សហជីព​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ក្រុម​សហជីព និង​សង្គម​ស៊ីវិល​ជាច្រើន​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​ដែល​ទទួល​បង្វិល​សាច់ប្រាក់​ឱ្យ​ក្រុម​សហជីព​ណាហ្គា​វើលដ៍ ដែល​សមត្ថកិច្ច​បាន​ចោទ​ថា​ជា​លុយ​ខុសច្បាប់។ បន្ថែម​ពី​នេះ ក៏​ត្រូវ​ស៊ើប​អង្កេត​លើ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ទាំងអស់​នៅ​កម្ពុជា​ដែល​តែង​ទទួល​ថវិកា​ពី​បរទេស​ផង​ដែរ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ មករា ថា មាន​សមាគម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាច្រើន​នៅ​កម្ពុជា​បាន​ទទួល​ថវិកា​ពី​បរទេស​ជា​ហូរហែ ដូចជា​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ជាដើម ជាពិសេស​គឺ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ដែល​មាន​និន្នាការ​ខាង​រដ្ឋាភិបាល​តែម្តង ប៉ុន្តែ​លោក​មិន​បាន​លាតត្រដាង​ពី​ឈ្មោះ​អង្គការ​សមាគម និង​សហជីព​ទាំងអស់​នោះ​ទេ។

លោក ថេង សាវឿន លើកឡើង​ថា ដើម្បី​ឱ្យ​ដឹង​ថា​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​លើ​ក្រុម​សហជីព​ទាំងនោះ​ជា​ការពិត ឬ​អត់​នោះ គេ​អាច​វិភាគ​លើ​ហេតុផល​តាម​លក្ខខណ្ឌ​ផ្លូវច្បាប់ ដូចជា​បើ​ថវិកា​ដែល​គេ​ចោទ​ថា​ជា​ថវិកា​ខុសច្បាប់​សម្រាប់​ជួយ​ដល់​ក្រុម​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មែន​នោះ ហេតុ​អ្វី​ធនាគារ​នៅ​កម្ពុជា​ហ៊ាន​ទទួល​បង្វិល​ចរន្ត​សាច់ប្រាក់​ទាំងនោះ? លោក​បន្ត​សួរ​ថា ហេតុ​អ្វី​មក​ទល់​នឹង​ពេលនេះ សមត្ថកិច្ច​គ្មាន​ចំណាត់ការ​ណា​មួយ​លើ​ធនាគារ​ដែល​បង្វិល​សាច់ប្រាក់​ទាំងនោះ​ទាល់តែសោះ ហើយ​ព្យាយាម​ចោទប្រកាន់​តែ​ទៅ​លើ​កម្មករ​និយោជិត​ទៅវិញ?

លោក​បន្ត​ថា ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​នោះ គឺជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​សហជីព​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​បាន​ចោទប្រកាន់​ពី​សមត្ថកិច្ច​កម្ពុជា ថា​បាន​ទទួល​លុយ​ខុសច្បាប់​ពី​បរទេស​ដើម្បី​បង្កើត​ចលនា​បដិវត្តន៍​ពណ៌ និង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​កាលពី​ពេល​ថ្មីៗ​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​៦ ខែ​មករា នេះ​ដែរ​ថា ការ​បង្ក្រាប​កម្មករ​របស់​អាជ្ញាធរ​កន្លងមក មិនមែន​ជា​វិធានការ​ដើម្បី​អនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ផែនការ​របស់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ លោក​បន្ត​ថា ដោយសារតែ​ការ​អនុវត្ត​ច្បាប់​តាម​អារម្មណ៍ និង​តាម​ទំនើង​ចិត្ត​ដូច្នេះ​ហើយ ទើប​បង្ក​ឱ្យ​ភាព​អយុត្តិធម៌​ពេញ​ប្រទេស​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ស្នងការ​រង​នគរបាល​ក្រុង​ភ្នំពេញ លោក ប៊ុន សុសិក្ខា បាន​ចោទ​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ថា​បាន​ទទួល​ជំនួយ​ជា​ថវិកា និង​ការ​បណ្តុះបណ្តាល​ពី​បរទេស​ដោយ​ខុសច្បាប់ ដើម្បី​បង្ក​ចលាចល​នៅ​កម្ពុជា ប៉ុន្តែ​ស្នងការ​រង​រូប​នេះ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ទេ​ថា ថវិកា​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន អង្គការ​បរទេស​ណា​ជា​អ្នក​ផ្តល់​ឱ្យ ហើយ​ធនាគារ​ក្នុង​ស្រុក​មួយ​ណា​ជា​អ្នក​ទទួល​បង្វិល​ចរន្ត​សាច់ប្រាក់​ទាំង​ដែល​ពួកគេ​ថា​ខុសច្បាប់​នោះ​ដែរ។

នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ លោក Christian Berger បាន​ថ្លែង​លើ​ទំព័រ Facebook ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា​ថា លោក​បាន​តាមដាន​ការ​វិវឌ្ឍ​ស្ថានការណ៍​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ស្ថានភាព​បុគ្គលិក​កម្មករ​ជាប់​ជានិច្ច ប៉ុន្តែ​ជា​អកុសល ក្រោម​ការកិច្ច​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​របស់​ក្រសួង​ការងារ ស្ថានភាព​នៃ​វិវាទ​នេះ​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ឡើងៗ។

លោក Christian Berger អះអាង​ថា សិទ្ធិ​របស់​សហជីព​ត្រូវតែ​អាច​តវ៉ា​ដោយ​សេរី ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ក្នុង​នោះ​ក៏​បាន​រួម​បញ្ចូល​ទាំង​សិទ្ធិ​ធ្វើ​កូដកម្ម​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កម្មករ​ផង​ដែរ។

ចំណែក​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​កាលពី​ថ្ងៃ​ទី​៦ មករា ថា ពួកគេ​បាន​តាមដាន​ការ​ចាប់​ខ្លួន​កម្មករ និង​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍​យ៉ាង​យកចិត្ត​ទុកដាក់​ជាទីបំផុត ហើយ​ពួកគេ​ក៏​រំឭក​រដ្ឋាភិបាល​កម្ពុជា​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ​ផង​ដែរ​ថា សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ មិន​គួរ​ស្ថិតនៅ​ក្រោម​ការ​គំរាមកំហែង​នៃ​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​នោះ​ឡើយ។

ដោយឡែក​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​បាន​អះអាង​ជុំវិញ​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ នេះ​ថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ណាហ្គា​វើលដ៍​មិនមែន​ផ្តើម​ចេញពី​ការ​បង្ក​នូវ​ចលនា​បដិវត្តន៍​ពណ៌​នោះ​ទេ ព្រោះ​ថា​កម្ពុជា​គ្មាន​សោះ​ឡើយ​នូវ​សរសៃ​ល្អិត​ណា​មួយ​ដែល​អាច​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌។ លោក​បន្ត​ថា ជាក់ស្តែង​គឺ​សមត្ថកិច្ច​គ្រាន់តែ​ចង់​បំបិទ​មាត់​ការ​ទាមទារ​របស់​កម្មករ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ក្រុមហ៊ុន​ណាហា្គ​វើលដ៍​ប៉ុណ្ណោះ ដូច្នេះ​ពួកគេ​ក៏​ព្យាយាម​បង្វែរ​សាច់រឿង​នោះ​ទៅជា​ការ​ចោទប្រកាន់​ថា កម្មករ​បង្ក​ចលនា​បដិវត្តន៍​ពណ៌​ក្រោម​ការ​ទទួល​ជំនួយ​ពី​បរទេស​ទៅវិញ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ពី​ភស្តុតាង​រឹងមាំ​ណា​មួយ​ពី​ការ​ចោទ​របស់​ខ្លួន​នោះ​ឡើយ។

មាត្រា​២២ នៃ​ច្បាប់​ស្ដីពី​សហជីព ចែង​ថា ប្រភព​ធនធាន និង​ហិរញ្ញវត្ថុ​របស់​សហជីព គឺ​បាន​មកពី​ការ​បរិច្ចាគ​របស់​សមាជិក​សហជីព និង​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​រក​ប្រាក់​ស្រប​តាម​បទបញ្ញត្តិ​នៃ​ច្បាប់ ព្រមទាំង​អាច​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ដែល​បាន​ពី​ភាគី​ផ្សេង​ទៀត ដើម្បី​បម្រើ​ឱ្យ​សកម្មភាព​ស្រប​ច្បាប់​របស់​ខ្លួន។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៧ មករា នេះ​ថា សង្គម​ស៊ីវិល​ទាំងឡាយ​នៅ​កម្ពុជា ពិតជា​បាន​ទទួល​ជំនួយ​មូលនិធិ​ពី​រដ្ឋ​បរទេស​ស្រប​តាម​ច្បាប់​ប្រាកដ​មែន ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ​ខ្មែរ ការពារ​សិទ្ធិ​សេរីភាព ការពារ​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​បែរជា​ទទួល​រង​ការ​ចោទប្រកាន់​លាប​ពណ៌​តាម​អំពើ​ចិត្ត​ពី​សមត្ថកិច្ច​កម្ពុជា​ទៅវិញ។

លោក ស៊ឹង សែនករុណា ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​ចង់​ដឹកនាំ​កម្ពុជា​តាម​បែប​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ ឬ​យ៉ាង​ណា ទើប​បាន​ជា​ចោទ​ក្រុម​សហជីព​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​តាម​មូលដ្ឋាន​ច្បាប់​បែប​នេះ?

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ពិតជា​ចង់​ដឹកនាំ​កម្ពុជា​តាម​បែប​កុម្មុយនីស្ត​មែន​នោះ សូម​រដ្ឋាភិបាល​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ត្រង់​មក ហើយ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​នឹង​ប្រកាស​បិទ​ស្ថាប័ន​របស់​ខ្លួន ដោយ​មិន​ចាំបាច់​ធ្វើ​សកម្មភាព​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​នោះ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស