29 C
Phnom Penh

តុលាការ​របប​សឹក​ភូមា​បន្ត​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​បទ​ឈប់​បាញ់​ស្នើ​ដោយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​នៃ​របប​សឹក​ភូមា បាន​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី មួយ​ករណី​ទៀត​ដែល​ជា​ការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​អ្នក​ប្រជាធិបតេយ្យ​ជើងឯក​ពិភពលោក​នេះ​ជា​លើក​ទី​ពីរ។ ចំពោះ​សំណុំរឿង​ចុងក្រោយ​នេះ​ដែល​នាំ​ឲ្យ​អ្នកស្រី​មាន​ទោស ៤​ឆ្នាំ គឺ​ករណី​នាំ​ចូល​ឧបករណ៍​ទាក់ទង​រលក​សំឡេង ឬ​អាយកូម​ដោយ​ខុស​ច្បាប់។

ទីភ្នាក់ងារ​សារព័ត៌មាន AFP គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​មករា នេះ បាន​ចុះផ្សាយ​ថា អ្នកស្រី ស៊ូជី អាយុ ៧៦​ឆ្នាំ ត្រូវ​បាន​រក​កំហុស​ឃើញ​ចំនួន ២​ករណី​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​ដោយ​ខុស​ច្បាប់ ឬ​ហៅថា​អាយកូម និង​មាន​ករណី​បំពាន​ច្បាប់​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន ដោយសារ​អ្នកស្រី​រៀបចំ​បោះឆ្នោត​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​អាសន្ន​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​ឆ្លង​កូវីដ-១៩។ វត្ថុ​តាង​ដែល​នាំ​ឲ្យ​អ្នកស្រី​មាន​ទោស គឺ​អាជ្ញាធរ​បាន​រក​ឃើញ​អាយកូម​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​នៅ​អំឡុង​អាជ្ញាធរ យោធា និង​ប៉ូលិស ចុះ​ឆែកឆេរ​លំនៅឋាន​របស់​អ្នកស្រី ក្នុង​ថ្ងៃ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ការ​ផ្ដន្ទាទោស​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ គឺជា​ការ​បន្ថែម​ទោស​ព្រហ្មទណ្ឌ​មួយ​ករណី​ទៀត​ដែល​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១ អ្នកស្រី​រង​ការ​កាត់ទោស​ម្ដង​រួច​មក​ហើយ គឺ​ករណី​ញុះញង់​បង្ក​អសន្តិសុខ ដោយសារ​បំពាន​បម្រាម​ប្រឆាំង​សុខភាព​សាធារណៈ​ក្នុង​អំឡុង​បោះឆ្នោត​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ទោស​កំហុស​ពេល​នោះ បាន​នាំ​ឱ្យ​អ្នកស្រី​មាន​ទោស ៤​ឆ្នាំ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំ​របប​សឹក​ប្លន់​អំណាច​ពី​ប្រជាជន បាន​សម្រេច​សម្រាល​ទោស​អ្នកស្រី​មក​ត្រឹម ២​ឆ្នាំ​វិញ។ ចំណែក​សាលក្រម​កាលពី​ខែ​ធ្នូ បាន​នាំ​ឱ្យ​មាន​ការ​ថ្កោលទោស​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ពី​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អង់គ្លេស និង​អង្គការ​សហប្រជាជាតិ។

នៅ​ក្រោម​របប​សឹក​មុនៗ អ្នកស្រី ស៊ូជី បាន​ចំណាយ​ពេល​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ផង និង​ក្នុង​ពន្ធនាគារ​ផង គឺ​ជិត ២០​ឆ្នាំ។ នៅ​ពេលនេះ អ្នកស្រី ស៊ូជី មិន​ត្រូវ​គេ​ដឹង​ប្រាកដ​ថា​ត្រូវ​ពួក​យោធា​ឃុំ​ខ្លួន​នៅ​ទីណា​នោះ​ទេ។ មាន​សំណុំរឿង​មួយ​ករណី​ទៀត​ដែល​នឹង​មាន​សាលក្រម​ផង​ដែរ​ប្រឆាំង​នឹង​អ្នកស្រី គឺ​ករណី​ពុករលួយ​ដែល​ពួក​យោធា​ចោទ​ថា អ្នកស្រី​បាន​ទទួល​មាស​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ពី​អ្នកជំនួញ​ម្នាក់​ដែល​នាំ​ឲ្យ​អ្នកស្រី​អាច​មាន​ទោស ១៥​ឆ្នាំ។

សម្រាប់​អ្នកស្រី ស៊ូជី នៅ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​យ៉ាងតិច ៨​ករណី​ទៀត ដែល​នឹង​នាំ​ឱ្យ​ស្ត្រី​អ្នក​នយោបាយ​ដ៏​ល្បី​រូប​នេះ​អាច​មាន​ទោស​សរុប​ជិត ១០០​ឆ្នាំ។ យ៉ាងណា​មិន​មាន​តែ​អ្នកស្រី ស៊ូជី ម្នាក់​ទេ​ដែល​ត្រូវ​បាន​របប​យោធា​កាត់ទោស គឺ​មាន​មន្ត្រី​ជាន់ខ្ពស់ ១៥​នាក់​ទៀត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ក៏​ទទួល​ទោស​ផង​ដែរ ក្នុង​នោះ​មាន​ប្រធានាធិបតី មីន មីយីន ថែម​ទៀត​ផង។

របាយការណ៍​របស់​សមាគម​ជំនួយ​អ្នកទោស​ភូមា ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​មន្ត្រី និង​សមាជិក​សភា​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដល់​ទៅ​ជាង ៥០០​នាក់​កំពុង​ជាប់​ឃុំ​នៅ​ក្រោម​របប​សឹក​ថ្មី​នេះ។

សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដែល​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៥ ដែល​ជា​ការ​បោះឆ្នោត​លើកដំបូង​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​របស់​ពួក​យោធា គឺ​បក្ស​នេះ​បាន​ដឹកនាំ​ប្រទេស​ដែល​មាន​អំណាច​តិចតួច​ប៉ុណ្ណោះ ព្រោះ​អំណាច​កិច្ចការ​សន្តិសុខ​ជាតិ​ទាំងមូល​ស្ថិត​នៅ​ក្រោម​ពួក​យោធា ហើយ​ទីបំផុត ពួក​យោធា​ក៏​ធ្វើ​រដ្ឋប្រហារ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ជា​រដ្ឋប្រហារ​លើក​ទី​៤ ចាប់ពី​ឆ្នាំ​១៩៦២ មក។

ចំពោះ​រដ្ឋប្រហារ​ចុងក្រោយ​នេះ គឺ​ចំ​ពេល​ប្រទេស​ភូមា កំពុង​ធ្វើ​ដំណើរ​អន្តរកាល​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ដ៏​ផុយ​ស្រួយ និង​ចំ​ពេល​ប្រទេស​នេះ​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​ដែល​ជា​អង្គការ​តំបន់​មួយ​នៅ​អាស៊ី​អាគ្នេយ៍។

សមាគម​ដែល​មាន ១០​ប្រទេស​រាប់​ទាំង​ភូមា ផង គឺ​សម្រេច​ច្រក​ក្រោម​ដំបូល​ធម្មនុញ្ញ​រួម​គ្នា គឺ​ការ​រក្សា​សុខ​សន្តិភាព ការ​លើកស្ទួយ​ប្រទេស​នីតិរដ្ឋ​ដែល​មាន​រដ្ឋាភិបាល​អភិបាលកិច្ច​ប្រជាធិបតេយ្យ ជាមួយ​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន សំដៅ​រុញ​អាស៊ាន​ក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​មួយ​ដ៏​រុងរឿង។ តែ​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អ្នកស្រី ស៊ូជី បាន​នាំ​ឱ្យ​មាន​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ហើយ​ក្នុង​នោះ​មាន​ទាំង​សមាគម​អាស៊ាន​ផង​ដែរ។

នៅ​ខណៈ​នេះ សមាគម​អាស៊ាន​កំពុង​ដាក់​គំនាប​ទៅ​លើ​របប​សឹក ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ដោយសារ​គំនាប​ដូចនេះ មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង តែង​ប្រកាស​ដោយ​ខ្លួនឯង​ថា សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ដែល​ការ​ប្រកាស​នេះ​គិត​ទៅ​មាន​ចំនួន ៤​លើក​មក​ហើយ ចាប់តាំង​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។

គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ពី​អាណានិគម​អង់គ្លេស​លើក​ទី​៧៤ កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ មេ​រដ្ឋប្រហារ​រូប​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ដែរ​ជាមួយ​នឹង​កម្លាំង​ប្រឆាំង​ទាំងអស់ តែ​ពុំ​មាន​ការ​អនុវត្ត​ឡើយ សូម្បីតែ​ពួក​យោធា​ខ្លួន​គេ​ផ្ទាល់។ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ មេ​រដ្ឋប្រហារ​ភូមា​រូប​នេះ​ក៏​បាន​ប្រកាស​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​ថ្មី​ម្ដង​ទៀត។ តែ​លើក​នេះ ធ្វើឡើង​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​លោក ហ៊ុន សែន ដែល​បុរស​ខ្លាំង​រូប​នេះ​ក៏​ធ្លាប់​ជា​មេ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ នៅ​កម្ពុជា ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​នាយករដ្ឋមន្ត្រី​ទី​១ ដែល​ជាប់​ឆ្នោត។

ការ​ប្រកាស​បទ​ឈប់​បាញ់​គ្នា​ដោយ​ឯកតោភាគី ធ្វើឡើង​ដោយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង គឺ​មិន​បាន​កាត់បន្ថយ​ភ្នក់ភ្លើង​សង្គ្រាម​នោះ​ទេ គឺ​កាន់តែ​មាន​ការ​ប្រយុទ្ធ​គ្នា។ ក្រុម​យោធា​នៃ​របប​រដ្ឋប្រហារ បាន​ប្រើ​រហូត​យន្តហោះ​បាញ់​ប្រហារ និង​ទម្លាក់​គ្រាប់បែក​លើ​ភូមិ​អ្នក​ស្រុក​ទៀត​ផង ហើយ​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​សឹងតែ​ផ្ទុះ​គ្រប់​រដ្ឋ​រហូត​មក​ដល់​ថ្ងៃ​ដែល​អ្នកស្រី ស៊ូជី ត្រូវ​បាន​តុលាការ​យោធា​កាត់ទោស ក៏​សង្គ្រាម​នៅតែ​ឆាបឆេះ​យ៉ាង​ខ្លាំង​ដែល​នាំ​ឱ្យ​ប្រជាជន​រត់​ចោល​ភូមិ​ផ្ទះសម្បែង​កើន​ឡើង​ជាង ៣០​ម៉ឺន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស