បុរសខ្លាំងកម្ពុជាដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន សែន បានការពារសមិទ្ធផលជំនួបជាមួយមេដឹកនាំយោធា ដោយចោទប្រកាន់ថា អ្នកដែលប្រឆាំងនឹងបទឈប់បាញ់ និងការផ្តល់ជំនួយទៅកាន់ប្រទេសភូមា គឺចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម ខណៈមតិជាច្រើនរិះគន់ថា គ្រាន់តែឆ្លុះបញ្ចាំងពីការប៉ុនប៉ងបោកបញ្ឆោតសាធារណមតិជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។
នៅក្នុងឱកាសដែលសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា នេះ លោក ហ៊ុន សែន អះអាងថា កិច្ចព្រមព្រៀងនៃការឈប់បាញ់បានដើរតួនាទីសំខាន់ជាងអ្វីទាំងអស់សម្រាប់ការស្វែងរកដំណោះស្រាយលើវិបត្តិភូមា។ លោកថា៖ «នៅពេលបទឈប់បាញ់ត្រូវបានដោះស្រាយ ជំនួយមនុស្សធម៌នឹងចូលទៅប្រទេសនៅគ្រប់ទីកន្លែង រីឯការសន្ទនាស្វែងរកដំណោះស្រាយផ្សេងទៀតដែលមានចែងក្នុងចំណុចទី៥ នៃកុងសង់ស៊ីសអាស៊ាន នឹងត្រូវបើកផ្លូវផងដែរ»។
បុរសខ្លាំងរូបនេះអះអាងថា វាជាការល្អប្រសើរដោយមិនមានអំពើហិង្សា មិនមានសង្គ្រាមប្រដាប់អាវុធនៅក្នុងប្រទេសភូមា ដែលវានឹងបង្កបរិយាកាសអំណោយផលសម្រាប់ឈានខ្ពស់ទៅរកការសន្ទនាមួយនេះឆ្ពោះទៅរកការបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣។
លោក ហ៊ុន សែន អះអាងថា៖ «អ្នកដែលប្រឆាំងបទឈប់បាញ់ អ្នកនោះចង់ឱ្យសង្គ្រាមផ្ទុះ ហើយឱ្យមានមនុស្សស្លាប់ និងរបួស ហើយអ្នកដែលប្រឆាំងនឹងការផ្ដល់ជំនួយ អ្នកនោះចង់ឱ្យមានមនុស្សស្លាប់ដោយអត់បាយ ស្លាប់ដោយអត់ថ្នាំពេទ្យ ស្លាប់ដោយអត់វ៉ាក់សាំងចាក់ ដូច្នេះអ្វីដែលលោកនិយាយ គឺល្មមយល់គ្នាបានហើយ»។
លោកប្រកាសថា លោកមិនប្រកាន់ទោសអូសដំណើរចំពោះអ្វីដែលប្រជាជនភូមា ដែលខឹងសម្បានឹងដំណើរទស្សនកិច្ចរបស់លោក ធ្វើឲ្យពួកគេជាន់ឈ្លី និងដុតរូបថតរបស់លោកនោះទេ។ លោកថា ក្រុមអ្នកប្រឆាំងនឹងរូបលោក នឹងដឹងគុណលោកនៅពេលក្រោយ បន្ទាប់ពីជីវិតពួកគេត្រូវបានសង្គ្រោះពីភ្នក់ភ្លើងសង្គ្រាម។
លោក ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ មករា ដោយបានជួបជាមួយមេដឹកនាំយោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ក្នុងបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សា និងសង្គ្រាមស៊ីវិលតាមរយៈបទឈប់បាញ់ ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។
លោក មីន អ៊ុងឡាំង បានប្រាប់លោក ហ៊ុន សែន នៅថ្ងៃជំនួបនោះថា លោកបានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ និងបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ មេរដ្ឋប្រហារយោធារូបនេះ បានគាំទ្រឱ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ និងដំណើរទស្សនកិច្ចរបស់ប្រធានអាស៊ាន ឆ្នាំ២០២២ នៅប្រទេសភូមា ដើម្បីបានជួបភាគីពាក់ព័ន្ធ។
ចំណែកឯរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងនៅក្នុងសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីការវិលត្រឡប់ពីបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែមករា ថា ការចរចាជាមួយមេដឹកនាំយោធាភូមាក្នុងការបញ្ឈប់អំពើហិង្សានៅប្រទេសនេះ គឺកម្ពុជាដើរតួជាអ្នកសម្របសម្រួលដែលជាជំហានជឿនលឿនមួយក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ាន។ លោកថ្លែងថា អ្វីដែលកម្ពុជាសម្រេចបានក្នុងការចរចាក្នុងការពិភាក្សាជាមួយនឹងមេដឹកនាំភូមា កន្លងទៅ បានទទួលលទ្ធផលវិជ្ជមានខ្លាំងណាស់ ហើយជាជំហានជឿនលឿនមួយនៅក្នុងការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចដែលមេដឹកនាំអាស៊ានធ្លាប់បានឯកភាពគ្នា។
ផ្ទុយពីការលើកឡើងនេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចចេញពីការចាប់ខ្លួនរបស់តុលាការ បានបង្ហោះសារនៅលើ Facebook របស់លោកនៅថ្ងៃទី៩ ខែមករា ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំបក្សកាន់អំណាចកម្ពុជា នេះ ត្រូវបានប្រជាពលរដ្ឋភូមា ថ្កោលទោសថាបានលើកទឹកចិត្តដល់ជនផ្ដាច់ការដែលជាមេរដ្ឋប្រហារយោធាមានបាតដៃប្រឡាក់ឈាមនៃរបបសឹកភូមា។ លោកបន្តថា អ្វីដែលពលរដ្ឋភូមាចង់បាន គឺការបញ្ឈប់នូវរាល់អំពើហិង្សាមកលើពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់មជ្ឈដ្ឋាន ដែលទាមទារដោយសន្តិវិធីឱ្យគោរពឆន្ទៈពលរដ្ឋ ដូចបានស្តែងចេញតាមរយៈការបោះឆ្នោតឆ្នាំ២០១៥ និងឆ្នាំ២០២០។ ក្នុងការបោះឆ្នោតនោះ គណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលការគាំទ្រជាង ៨០% ពីអ្នកបោះឆ្នោតទូទាំងប្រទេស។
ប្រកាសព័ត៌មានរួមកម្ពុជា-មីយ៉ាន់ម៉ា ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ឱ្យដឹងថា លោក មីន អ៊ុងឡាំង បានប្រកាសស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។
មេដឹកនាំទាំងពីរបានប្រកាសគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយសង្គម កាកបាទក្រហម-មីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរនៅលើ Facebook នៅថ្ងៃទី១០ មករា នេះថា លោក ហ៊ុន សែន ទៅភូមា ដោះស្រាយបាន ៣ចំណុចក្នុងចំណោមគោលការណ៍ ៥ចំណុចរបស់អាស៊ាន៖
- បទឈប់បាញ់ឯកតោភាគីនៃមេដឹកនាំរដ្ឋប្រហារ
- ប្រេសិតអាស៊ាន លោក ប្រាក់ សុខុន ជួបជាមួយមេដឹកនាំយោធារដ្ឋប្រហារ
- និងការទទួលជំនួយមនុស្សធម៌។
លោក ម៉ែន ណាត ថ្លែងថា៖ «លោក ហ៊ុន សែន ទៅភូមា គ្មានបានលទ្ធផលអ្វីទេក្រៅពីទៅសំញ៉ែងដើម្បីភូតភរពលរដ្ឋខ្មែរ និងបំពេញចិត្តចិន ហើយក៏គ្មានលទ្ធផលពីបទឈប់បាញ់នោះដែរ ពីព្រោះធ្វើឡើងតែខាងភាគីមេដឹកនាំរដ្ឋប្រហារប៉ុណ្ណោះ ប៉ុន្តែភាគីពលរដ្ឋភូមា ជាភាគីរងគ្រោះវិញ គឺមិនយល់ស្របជាមួយមេដឹកនាំប្លន់អំណាច និងសម្លាប់មនុស្សរង្គាលនោះទេ។ ជាក់ស្តែងកាលពីយប់មិញនេះ មានការប៉ះទង្គិចផ្នែកប្រដាប់អាវុធមួយប្រាវទៀត។
លោកអះអាងថា ប្រេសិតរបស់អាស៊ានមិនបង្ហាញជំហរជួបសម្របសម្រួលជាមួយភាគីរបស់លោកស្រី អ៊ុងសាន ស៊ូជី ទេ ប៉ុន្តែបែរជាជួយលើកមុខមាត់ពួកយោធារដ្ឋប្រហារខុសច្បាប់តាមការបង្គាប់បញ្ជាពីលោក ហ៊ុន សែន ទៅវិញ។
អំពីជំនួយមនុស្សធម៌នោះ គឺគេបានធ្វើតាំងពីមុនពេលលោក ហ៊ុន សែន ទៅដល់ប្រទេសភូមាម្ល៉េះ ចាប់តាំងពីក្រោយពេលអាស៊ានសម្រេចគោលការណ៍ ៥ចំណុច កាលពីខែមេសា ឆ្នាំ២០២១។ លោកថា៖ «ជាសរុប លោក ហ៊ុន សែន ពិតជាធ្វើឲ្យនយោបាយការទូតរបស់កម្ពុជាអាប់មុខមាត់លើឆាកអន្តរជាតិ និងធ្វើឲ្យសមាគមអាស៊ានកាន់តែខ្វែងគំនិតគ្នាបន្ថែមទៀត»។
មេដឹកនាំយោធាភូមា បានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ចេញពីតំណែង។ អ្នកស្រីកំពុងត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារមក ហើយអ្នកស្រីបានប្រឈមនឹងបទចោទប្រកាន់ចំនួន ១១ករណី បើទោះបីជាអ្នកស្រីបានច្រានចោលបទចោទប្រកាន់ទាំងអស់ក៏ដោយ៕