តាមពិតទៅ អំពើផ្ដាច់ការរបស់មេដឹកនាំ បានផ្តល់នូវផលប៉ះពាល់ដោយផ្ទាល់ និងយ៉ាងអាក្រក់បំផុតដល់ជីវិតពលរដ្ឋក្នុងសង្គម ឬអ្នកនៅក្រោមបង្គាប់។ ប៉ុន្តែមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍រឿងនេះទេ ឬចាប់អារម្មណ៍តិចតួច ហើយពួកគេសុខចិត្តទ្រាំរស់នៅក្នុងភាពក្រីក្រ ភិតភ័យ ធុញថប់ និងគ្មានសេរីភាព។ ទុក្ខលំបាកទាំងនេះ បានកើតឡើងដោយសារតែមេដឹកនាំផ្ដាច់ការទាំងនោះបានរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ។
ជាទូទៅ មេដឹកនាំផ្ដាច់ការនានាតែងតែទទួលរងការរិះគន់ ឬការចោទប្រកាន់ពីសហគមន៍អន្តរជាតិអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើពលរដ្ឋរបស់ខ្លួន។ ក្នុងចំណោមមេដឹកនាំផ្ដាច់ការទាំងនោះ អ្នកខ្លះត្រូវបានចោទប្រកាន់ ឬត្រូវចេញដីកាចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ទៀតផង។ ឧទាហរណ៍ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីស៊ូដង់ គឺលោក Omar al Bashir ក្នុងខែមីនា ឆ្នាំ២០០៩ និងបានធ្វើការចោទប្រកាន់មេដឹកនាំយោធាភូមា គឺលោក មីន អ៊ុងឡាំង (Min Aung Hlaing) នាដើមខែធ្នូ នេះ អំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អ្នកប្រាជ្ញក្នុងអតីតកាលក៏បន្ទោសប្រជាពលរដ្ឋទូទៅដែរ ដូចជាវិចិត្រករ ស្ថាបត្យករ វិស្វករ ឡេអូណាដូ ដា វិនឈី (Leonardo Da Vinci) ក្នុងសតវត្សទី១៥ ដល់ទី១៦ ដែលពោលវាចា ហើយត្រូវគេកត់ត្រាទុករហូតដល់បច្ចុប្បន្នថា មនុស្សលោកមានបីប្រភេទ គឺអ្នកដែលមើលឃើញអ្វីៗ (មិនបាច់បង្ហាញ) អ្នកដែលមើលឃើញតែពេលណាគេបង្ហាញ និងអ្នកដែលមើលមិនឃើញសោះ។ លោកពោលវាចាក្រៅពីនោះទៀតថា គ្មានអ្វីពង្រឹងអំណាចបានខ្លាំងក្លាដូចការស្ងៀមស្ងាត់នោះឡើយ។
ក្នុងចំណោមមេដឹកនាំផ្ដាច់ការទាំងនោះ លោក ហ៊ុន សែន ដែលកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជា ក៏កំពុងរងការចោទប្រកាន់ដោយសហគមន៍ជាតិ និងអន្តរជាតិអំពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផងដែរ។
បុព្វកថាក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សផ្ដោតន័យជារួមអំពីការទទួលស្គាល់នូវសេចក្តីថ្លៃថ្នូររបស់មនុស្សពីកំណើត ភាពស្មើគ្នា និងសិទ្ធិជាមូលដ្ឋាននានាដែលមិនអាចដកហូតបានពីមនុស្ស គឺជាមូលដ្ឋានគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាព។ ផ្ទុយទៅវិញ ការមិនទទួលស្គាល់ ឬការប្រមាថចំពោះសិទ្ធិមនុស្ស គឺជាប្រភពបង្កើតនូវទង្វើឃោរឃៅដែលបណ្តាលឱ្យមនុស្សជាតិមានសេចក្តីគុំកួនក្តៅក្រហាយខឹងក្រេវក្រោធ។
សេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សនេះ បានចែងថា មនុស្សគ្រប់រូបសុទ្ធតែកើតមកមានសិទ្ធិមូលដ្ឋានចាំបាច់មួយចំនួនដែលគេត្រូវតែគោរព និងមិនអាចបំពានបាន ដូចជាសិទ្ធិទទួលបានសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស សិទ្ធិទទួលបានការរស់នៅសមរម្យ ការអប់រំ ការថែទាំសុខភាពត្រឹមត្រូវ សេរីភាព និងយុត្តិធម៌ចំពោះមុខតុលាការឯករាជ្យ ជាដើម។ ទាំងអស់នេះ គឺជាសិទ្ធិដែលពលរដ្ឋត្រូវតែទទួលបាន ហើយរដ្ឋាភិបាលត្រូវតែបំពេញកាតព្វកិច្ចឲ្យប្រាកដថា ពលរដ្ឋមានសិទ្ធិទាំងអស់នេះ។
ប៉ុន្តែធម្មជាតិរបស់ជនផ្ដាច់ការ ពួកគេតែងតែគិត និងចាត់ទុកថា សង្គម ឬអង្គភាពដែលពួកគេកំពុងគ្រប់គ្រងនោះជាវត្ថុ ឬកម្មសិទ្ធិផ្ទាល់ខ្លួន ឬខ្លួនជាម្ចាស់ ឬជាថៅកែនៃសង្គមនោះ។ ដូច្នេះ ជនផ្ដាច់ការតែងតែធ្វើអ្វីៗតាមទំនើងចិត្តរបស់ខ្លួន ដើម្បីតែមហិច្ឆតារបស់ខ្លួន។ គេអាចបញ្ជាក់បាននូវការអះអាងខាងលើនេះបាន ដោយសំអាងលើទិដ្ឋភាពជាក់ស្តែងនៃការអនុវត្តអំណាចរបស់ជនផ្ដាច់ការនានាក្នុងពិភពលោក ដោយរួមទាំងលោក ហ៊ុន សែន ផងដែរ។

សារព័ត៌មាន The New York Post បានរាយការណ៍កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះថា មេដឹកនាំផ្ដាច់ការនៃប្រទេសកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន បានប្រកាសហាមប្រាមពលរដ្ឋកូរ៉េខាងជើងមិនឱ្យសើច និងមានសកម្មភាពសប្បាយៗខ្លះទៀតចំនួន ១១ថ្ងៃ ដើម្បីចូលរួមកាន់ទុក្ខខួប ១០ឆ្នាំនៃមរណភាពឪពុករបស់ខ្លួន។
ដូច្នេះ បើគេពិនិត្យមើលអំពីគោលការណ៍ស្តីអំពីសិទ្ធិជាមូលដ្ឋានដែលមនុស្សមានពីកំណើត និងចរិតធម្មជាតិរបស់ជនផ្ដាច់ការ គឺមានភាពផ្ទុយគ្នា។ ឧទាហរណ៍ សិទ្ធិទទួលបានសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានការថែទាំសុខភាពត្រឹមត្រូវ សិទ្ធិទទួលបានសេរីភាពខាងគំនិត និងបញ្ចេញមតិ សិទ្ធិទទួលបានយុត្តិធម៌ចំពោះមុខតុលាការឯករាជ្យ គឺប្រហែលសុទ្ធតែជាអ្វីដែលគ្មាននៅក្នុងវចនានុក្រម ឬបេះដូងរបស់មេដឹកនាំផ្ដាច់ការនោះឡើយ។
ឧបមាថា មេដឹកនាំផ្ដាច់ការយល់ស្របថា មនុស្សម្នាក់កើតមកត្រូវតែមានសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សពីកំណើត ដែលរដ្ឋាភិបាលត្រូវតែគោរព។ ប្រសិនបើគាត់យល់ស្របដោយសុទ្ធចិត្តដូច្នោះមែន ដូច្នេះគាត់ច្បាស់ជាត្រូវយកចិត្ត និងខិតខំបម្រើពលរដ្ឋហើយ។ ប៉ុន្តែការយកចិត្ត និងការខំបម្រើពលរដ្ឋ គឺជាអ្វីដែលផ្ទុយពីចរិតអញនិយមអាជ្ញាសិទ្ធិរបស់ជនផ្ដាច់ការ។ ជនផ្ដាច់ការតែងគិតថា អ្វីៗត្រូវតែនៅក្រោមអញ ហើយគ្រប់គ្នាត្រូវតែខ្លាចអញ ទាំងអស់គ្នាត្រូវតែយកចិត្ត និងបម្រើអញ អញខ្លាំងជាងគេ អញខ្ពស់ជាងគេ។ ដូច្នេះ ការដែលរំពឹងថា មេដឹកនាំផ្ដាច់ការខំយកចិត្ត និងបម្រើពលរដ្ឋ គឺជារឿងមិនអាចទៅរួចឡើយ។ បើជនផ្ដាច់ការមានចរិតខំយកចិត្តពលរដ្ឋ លុះណាតែជនផ្ដាច់ការនោះគ្មានភាពអញនិយម។ តែបើគាត់គ្មានភាពអញនិយមមែន នោះវាមានន័យថា គាត់មិនមែនជាជនផ្ដាច់ការនោះទេ ព្រោះគាត់អាចមានចិត្តគិតអំពីភាពថ្លៃថ្នូររបស់មនុស្ស ហើយគាត់ប្រាកដជាអ្នកការពារនូវសេចក្តីថ្លៃថ្នូរនោះហើយ។ ប៉ុន្តែដើម្បីធានានូវការការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស គេត្រូវគិតអំពីយន្តការការពារយុត្តិធម៌ជូនមនុស្ស ដូចជាតុលាការឯករាជ្យ ជាដើម។
យ៉ាងណាមិញ បើសង្គមមួយមានតុលាការឯករាជ្យ ពេលនោះមនុស្សក្នុងសង្គម ទោះធំតូចក្តី គឺអាចនឹងមានឱកាសទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយសិទ្ធិសេរីភាពរបស់ពួកគេក៏អាចទទួលបានការការពារដោយច្បាប់។ បើដូច្នេះមែន អំណាច ឬឥទ្ធិពលរបស់មេដឹកនាំត្រូវបានកាត់បន្ថយ ពោលគឺមិនអាចធ្វើអ្វីតាមទំនើងចិត្ត ឬរបៀបអញនិយមបានឡើយ។
នោះមិនមែនជាអ្វីដែលមេដឹកនាំផ្ដាច់ការចង់បានឡើយ ហើយវាក៏ជាអ្វីដែលផ្ទុយទាំងស្រុងពីចរិតធម្មជាតិរបស់ជនផ្ដាច់ការនោះដែរ។ ដូច្នេះ ក្នុងរបបផ្ដាច់ការ មេដឹកនាំផ្ដាច់ការប្រាកដជាមិនអាចអនុញ្ញាតឱ្យមានតុលាការឯករាជ្យ ឬសិទ្ធិសេរីភាពអ្វីទេ ព្រោះវាជាឧបសគ្គរារាំងដល់ការប្រើប្រាស់អំណាចស្រេចតែចិត្ត ឬភាពអញនិយម ឬអាជ្ញាសិទ្ធិនិយមរបស់ខ្លួន។
នេះហើយជាមូលហេតុចម្បងដែលមេដឹកនាំផ្ដាច់ការត្រូវតែរំលោភសិទ្ធិមនុស្ស ហើយពលរដ្ឋដែលរស់ក្នុងសង្គមផ្ដាច់ការ តែងតែរងទុក្ខវេទនាតាមរូបភាពផ្សេងៗបណ្តាលមកអំពីការរំលោភសិទ្ធិមនុស្ស ឬការបំពានជាច្រើន។ អ្នកនិពន្ធរឿងប្រឌិតខ្លីៗជនជាតិអាមេរិកាំងឈ្មោះ Philip Kindred Dick (១៩២៨-១៩៨២) ពោលថា «ក្នុងសង្គមមួយដែលសម្បូរពោរពេញដោយឧក្រិដ្ឋជន (អ្នករំលោភបំពានគេដោយខុសច្បាប់) អ្នកស្លូតត្រង់ច្បាស់ចូលពន្ធនាគាររាល់ថ្ងៃមិនខានទេ»។
សម្រាប់អ្នកជំនាញផ្នែកសិទ្ធិមនុស្ស គេឲ្យនិយមន័យថា ការរំលោភសិទ្ធិមនុស្ស គឺជាអំពើដែលកើតឡើងតាមរយៈការបំពាន ឬវាយប្រហារលើរាងកាយ និងការវាយប្រហារដោយពាក្យសម្ដី។ ការវាយប្រហារលើរាងកាយមានដូចជា ការចាប់ដាក់គុក ឬការធ្វើទារុណកម្មផ្សេងៗ។ ការវាយប្រហារដោយពាក្យសម្ដីមានដូចជា ការគំរាមកំហែង សំឡុតបំភ័យ ការលាបពណ៌មួលបង្កាច់ ឬការប្រមាថមាក់ងាយនរណាម្នាក់។ ក្រុមប្រឹក្សាសហគមន៍បានបញ្ជាក់ចំណុចនេះក្នុងគេហទំព័ររបស់ខ្លួនថា ការវាយប្រហារដោយពាក្យសម្ដី គឺជាអំពើហិង្សា។
ជាទូទៅ គេក៏វាយតម្លៃអ្នកណាម្នាក់ថាជាជន ឬមេដឹកនាំផ្ដាច់ការ តាមរយៈការវាយតម្លៃទៅលើការដឹកនាំ និងការសម្រេចចិត្តរបស់បុគ្គលរូបនោះ ដូចជាលោក ហ៊ុន សែន ជាដើម។
សម្រាប់ការដឹកនាំរដ្ឋាភិបាលនៃប្រទេសមួយ លោកគួរគ្រប់គ្រងប្រទេសតាមរយៈក្រសួង និងស្ថាប័ននានាដែលជាសេនាធិការនៃការអនុវត្តអំណាចតាមច្បាប់កំណត់។ ប៉ុន្តែលោក ហ៊ុន សែន សម្រេចគ្រប់រឿង និងបញ្ជាស្រេចតែនឹងទំនើងចិត្ត ដោយមិនខ្វល់អំពីច្បាប់ ឬការងារបច្ចេកទេសដែលជាដែនសមត្ថកិច្ចរបស់ក្រសួង ឬស្ថាប័នទាំងនោះឡើយ រួមទាំងស្ថាប័នរដ្ឋសភា និងតុលាការផង។
លោក ហ៊ុន សែន បានប្រមូលផ្តុំអំណាចទាំងអស់ ហើយប្រើអំណាចទាំងបំពាន ដោយចាត់ទុកស្ថាប័នរដ្ឋទាំងអស់ជាយន្តការបម្រើដាច់ថ្លៃ ឬសម្រាប់តែការពារអំណាចផ្ទាល់ខ្លួនរបស់គាត់ទៅវិញ៕