ប្រទេសក្រីក្រភាគច្រើនសុទ្ធតែជាកូនបំណុលនៃប្រទេសចិន គឺគ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ ប្រទេសស្រីលង្កា ស្ថិតនៅអាស៊ីខាងត្បូង បានក្លាយជាកូនបំណុលចិនដ៏ធ្ងន់ធ្ងរ។
ប្រទេសក្រីក្រមួយនេះបានខ្ចីបុលចិន នូវទឹកប្រាក់សរុប ៣ម៉ឺន ៥ពាន់លានដុល្លារ។ បណ្ដាញផ្សាយព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា កំពង់ផែសមុទ្រ និងឆ្នេរលំហែកាយរបស់ប្រទេសនេះបានធ្លាក់ក្នុងភាគហ៊ុនស្វយ័តរបស់ចិនទាំងស្រុងក្នុងកិច្ចសន្យា ៩៩ឆ្នាំ។
ដោយសារតែការដោះបំណុលចិនមិនដូចការសន្យា គឺចិនតែងតែមកទារយកប្រាក់កម្ចីរបស់ខ្លួនវិញ។ ករណីនេះ នាំឱ្យអ្នកនយោបាយប្រទេសនេះបែកបាក់គ្នា គឺក្រុមប្រឆាំងចោទថាមកពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Mahinda Rajapaksa ដែលស្និទ្ធនឹងចិន បណ្ដោយឱ្យគម្រោងវិនិយោគរបស់ចិន ក្លាយជាប្រភពនៃការកិបកេងប្រាក់កម្ចី និងការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល Mahinda។
ជាថ្មីម្ដងទៀត ប្រធានាធិបតីប្រទេសស្រីលង្កា បានស្នើសុំទៅប្រទេសចិន ដែលជាម្ចាស់បំណុលរបស់ខ្លួន ឱ្យពិនិត្យមើលឡើងវិញនូវរយៈពេលសងបំណុល ដើម្បីរួមចំណែកជួយសម្រាលបន្ទុករដ្ឋាភិបាលស្រីលង្កា ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។
ជាប្រទេសដែលទទួលបានកម្ចីទ្វេភាគីច្រើនបំផុតពីប្រទេសចិន ស្រីលង្កាបានទទួលអត្ថប្រយោជន៍ច្រើនណាស់ពីកម្ចីរាប់ពាន់លានដុល្លារពីទីក្រុងប៉េកាំង ប៉ុន្តែប្រទេសក្រីក្រមួយនេះកំពុងផុងខ្លួនប្រឈមមុខនឹងការធ្លាក់ចុះទៅក្នុងវិបត្តិហិរញ្ញវត្ថុកាន់តែអាក្រក់ទៅៗ។
រយៈពេលតែ ១០ឆ្នាំប៉ុណ្ណោះ ប្រទេសចិនបានផ្ដល់កម្ចីដល់ប្រទេសស្រីលង្កា ដល់ទៅ ៥ពាន់លានដុល្លារសម្រាប់គម្រោងផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះ និងរោងចក្រថាមពលដើរដោយធ្យូងថ្ម ជាដើម ប៉ុន្តែកម្ចីដែលយកទៅប្រើប្រាស់គម្រោងទាំងអស់នេះ ត្រូវបានគេរិះគន់ថា មិនបានផ្ដល់ផលប្រយោជន៍ដូចអ្វីដែលបានរំពឹងទុកនោះទេ ព្រោះតែការកិបកេង និងការប្រព្រឹត្តអំពើពុករលួយ។
បើតាមគម្រោងនៃការបង្វិលទាំងការប្រាក់ និងប្រាក់កម្ចី គឺប្រទេសស្រីលង្កា ត្រូវសងបំណុលនៅក្នុងឆ្នាំ២០២២ នេះ ដែលនឹងចាប់ផ្ដើមសងប្រមាណ ៥០០លានដុល្លារ តែចំនួន ៥០០លានដុល្លារនេះ រដ្ឋាភិបាលស្រីលង្កា សន្សំប្រាក់សងចិនមិនបានឡើយ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសស្រីលង្កា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានជួបជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa និងប្រធានាធិបតីលោក Gotabaya Rajapaksa កាលពីថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២ នៅក្នុងទីក្រុងកូឡុំបូស។ បើតាមសារព័ត៌មាន The Guardian ក្រោយពីជំនួប ការិយាល័យរបស់លោកប្រធានាធិបតី Gotabaya បានឲ្យដឹងថា ស្រីលង្កា បានស្នើចិនឲ្យពិនិត្យមើលឡើងវិញនូវរយៈពេលនៃការសងបំណុលចិនដែលស្រីលង្កាបានជំពាក់យ៉ាងសម្បើម។
សេដ្ឋកិច្ចនៃប្រទេសស្រីលង្កា គឺភាគច្រើនបានមកពីវិស័យទេសចរណ៍ តែជាង ២ឆ្នាំចុងក្រោយនេះ ស្រីលង្កា បានរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ដែលប្រភពដើមចេញពីប្រទេសចិនជាម្ចាស់បំណុលរបស់ស្រីលង្កា។ វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យស្រីលង្កា បាត់បង់ចំណូល ហើយជួបវិបត្តិខ្វះថវិកាជាតិដែលបម្រុងទុកដោះបំណុលចិន។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ ប្រាក់បម្រុងរបស់ស្រីលង្កា នៅសល់តែ ១៥០០លានដុល្លារប៉ុណ្ណោះ។
យ៉ាងណា រដ្ឋមន្ត្រីការបរទេសចិន មិនបានឆ្លើយចំពោះសំណើរបស់មេដឹកនាំស្រីលង្កា ហើយស្ថានទូតចិនប្រចាំស្រីលង្កា ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីលើសំណើរបស់ប្រទេសស្រីលង្កា នេះដែរ។
ការិយាល័យប្រធានាធិបតីស្រីលង្កា បានប្រកាសថា បើក្រុងប៉េកាំង ជួយសម្រាលរឿងនេះ អាចនឹងជួយស្រីលង្កា ធូរស្បើយជាខ្លាំង។
គិតត្រឹមខែមេសា ឆ្នាំ២០២១ ស្រីលង្កាជំពាក់ចិនដល់ទៅ ៣ម៉ឺន ៥ពាន់លានដុល្លារ តែទឹកប្រាក់បំណុលនេះអាចនឹងមានច្រើនជាងនេះទៅទៀត បើត្រូវបូកបន្ថែមនូវប្រាក់ខ្ចីដែលចិនបានផ្តល់ឱ្យធនាគារកណ្តាល និងរោងចក្រសហគ្រាសគ្រប់គ្រងដោយរដ្ឋាភិបាលស្រីលង្កា។
ស្រីលង្កា បានខ្ចីបុលពីចិន យ៉ាងច្រើននៅក្នុងរយៈពេលជាង ១០ឆ្នាំមកនេះសម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេស គឺមានទាំងផ្លូវថ្នល់ ស្ពាន សំណង់អគាររដ្ឋរហូតដល់សំណង់កំពង់ផែសមុទ្រចំនួន២។ តែសំណង់ដែលធ្លាក់ក្នុងវិបត្តិ ហើយរហូតរកប្រាក់បន្តសាងសង់សឹងមិនបាន គឺកំពង់ផែ Hambantota និងកំពង់ផែ Colombo។ សំណង់ទាំងពីរនេះក្រោមប្រាក់កម្ចីពីចិនច្រើនពាន់លានដុល្លារ។
វិបត្តិបណ្ដាលមកពីការបាត់ថវិកាដើម្បីសាងសង់ ដែលអ្នកជំនាញរកឃើញមកពីការកិបកេងពីសំណាក់មន្ត្រីរបស់ស្រីលង្កា ផង និងការកិបកេងរបស់ក្រុមហ៊ុនម៉ៅការសំណង់របស់ចិនផង។ ទីបំផុត រដ្ឋាភិបាលស្រីលង្កា បង្ខំចិត្តប្រគល់ទៅឱ្យក្រុមហ៊ុនចិនជាអ្នកបន្តស្ថាបនាឱ្យហើយ។
ប្រាក់កម្ចីចំនួន ១៤០០លានដុល្លារលើតម្លៃសំណង់កំពង់ផែមួយ គឺកំពង់ផែ Hambantota ដែលរដ្ឋាភិបាលស្រីលង្កា មិនអាចបង្វិលប្រាក់សងចិនបានតាមកំណត់ គឺក្រុមហ៊ុនរបស់ចិន បានសម្រេចប្ដឹងរដ្ឋាភិបាលចិនដោយរឹបអូសកំពង់ផែ Hambantota ក្នុងកិច្ចសន្យាជួលក្នុងរយៈពេល ៩៩ឆ្នាំ គឺតាំងពីឆ្នាំ២០១៧។
ចំណែកឯកំពង់ផែ Colombo ត្រូវបានរាយការណ៍មកថា ឥណ្ឌា និងជប៉ុន សម្រេចជួយសម្រាលទុក្ខឱ្យស្រីលង្កា គឺប្រទេសទាំងពីរបានឱ្យស្រីលង្កា ខ្ចីប្រាក់ដើម្បីសងចិន ឱ្យទាន់ការកំណត់។ ប្រាក់កម្ចីរបស់ឥណ្ឌា និងជប៉ុន ឱ្យទៅស្រីលង្កា ខ្ចីនេះពុំមានការប្រាក់នោះទេ៕