34 C
Phnom Penh

លោក កឹម សុខា ថា​ប្រមុខ​ការទូត​ប្រទេស​លោកសេរី​ចង់​ឃើញ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា តំណាង​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ពិត​ជា​ចង់​ឃើញ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ដោះលែង​រាល់​អ្នកទោស​មនសិការ​ទាំងឡាយ។

ការ​អះអាង​របស់​លោក កឹម សុខា ធ្វើឡើង​ក្រោយ​ពី​លោក​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆេក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់ និង​ឯកអគ្គរដ្ឋទូត​ស្តីទី នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​លោក​មិន​បាន​ធ្វើ​អ្វី​ខុស មិន​បាន​បង្ក​ការ​ឈឺចាប់​ដល់​អ្នក​ដទៃ និង​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា​ត្រឹមត្រូវ នោះ​លោក​នឹង​មិន​នៅ​ឯកោ​ឡើយ។

លោក កឹម សុខា អះអាង​ថា ឯកអគ្គរដ្ឋទូត​តំណាង​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា មិន​ត្រឹមតែ​ឈ្វេងយល់​នូវ​ទស្សនៈ​របស់​លោក​នោះ​ទេ ថែមទាំង​ទទួលស្គាល់​នូវ​គុណតម្លៃ​នៃ​ការ​តស៊ូ​ដោយ​អហិង្សា ការ​លះបង់​ដោយ​ការ​អត់ធ្មត់​ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​របស់​លោក​ថែម​ទៀត ព្រោះ​ថា​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ដែល​ប្រកាន់​យក​ប្រជាធិបតេយ្យ​ទាំងនោះ បាន​ចាត់ទុក​សិទ្ធិមនុស្ស និង​សេរីភាព គឺជា​គុណតម្លៃ​ស្នូល​របស់​ពួកគេ។

មេ​បក្ស​ប្រឆាំង​របស់​កម្ពុជា​រូប​នេះ អះអាង​ថា តាមរយៈ​នៃ​ការ​ពិភាក្សា​ក្នុង​ជំនួប​ជាមួយ​ប្រមុខ​ការទូត​នានា​ជាបន្តបន្ទាប់​មកនេះ លោក​កត់សម្គាល់​ឃើញ​ថា បណ្តា​ប្រទេស​ទាំងនោះ​ចង់​ឃើញ​កម្ពុជា​មាន​ដំណោះស្រាយ​នយោបាយ​ដោយ​អហិង្សា ការ​បង្រួបបង្រួម​ជាតិ និង​ការ​ផ្សះផ្សា​ជាតិ ដើម្បី​ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ ការ​ស្ដារ​នូវ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ នេះ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ជួប​សន្ទនា​ជាមួយ​បណ្តា​ប្រមុខ​ការទូត​ជាច្រើន​របស់​ប្រទេស​លោកសេរី​ដែល​ជា​មិត្ត​របស់​កម្ពុជា នៅ​ក្នុង​ស្ថានទូត​បារាំង តាម​ការ​អញ្ជើញ​របស់​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​នៅ​កម្ពុជា លោក Jacques PELLET ក្នុង​នាម​ប្រទេស​បារាំង ជា​ប្រធាន​ប្តូរ​វេន​សហភាព​អឺរ៉ុប នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​តាម​ប្រសាសន៍​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។

ទោះជាយ៉ាងណាក៏ដោយ រហូត​មក​ទល់​នឹង​ពេលនេះ​មាន​រយៈពេល​ជាង ៤​ឆ្នាំ​ហើយ ប៉ុន្តែ​ប្រធាន​បក្ស​ប្រឆាំង​នៅ​តែ​មាន​ភាព​ស្អាតស្អំ​នៅឡើយ ព្រោះ​ថា​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​នឹង​បើក​សវនាការ​លើ​ករណី​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០២២ ដ៏​ខ្លី​ខាងមុខ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១១ មករា រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស អ្នកស្រី Amanda Milling បាន​ជួប​ជាមួយ​លោក កឹម សុខា បាន​អះអាង​ថា ចក្រភព​អង់គ្លេស​កំពុង​បន្ត​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​អំពី​ដំណើរការ និង​លទ្ធផល​នៃ​សវនាការ​របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ ដែល​ពាក់ព័ន្ធ​នឹង​សេរីភាព​របស់​លោក​ក្នុង​ការ​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​លើកឡើង​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​តុលាការ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំជម្រះ​កាត់​សេចក្តី​រួចស្រេច​ទៅ​ហើយ ព្រោះ​ថា​តុលាការ​អាច​ឃុំ​ខ្លួន​ជន​សង្ស័យ​យ៉ាង​យូរ​បាន​ត្រឹមតែ ១៨​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំជម្រះ​ក្តី​ជាបន្តបន្ទាប់។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា លោក កឹម សុខា បាន​ពុះពារ​គ្រប់​ឧបសគ្គ​ជាច្រើន​ដើម្បី​លុប​បំបាត់​គំនុំ​ព្យាបាទ​សងសឹក​រវាង​ខ្មែរ​និង​ខ្មែរ រវាង​បុគ្គល​និង​បុគ្គល ដោយ​ការ​ចាប់ផ្តើម​ពី​ខ្លួន​លោក​ផ្ទាល់​ក្នុង​ការ​ធ្វើជា​គំរូ ដើម្បី​សម្របសម្រួល​នយោបាយ​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ខ្មែរ​ទាំងមូល​ទៅ​ថ្ងៃ​មុខ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស