មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា តំណាងប្រទេសជាមិត្តរបស់កម្ពុជាពិតជាចង់ឃើញកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងដោះលែងរាល់អ្នកទោសមនសិការទាំងឡាយ។
ការអះអាងរបស់លោក កឹម សុខា ធ្វើឡើងក្រោយពីលោកបានជួបជាមួយឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតស្តីទី នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ផងដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះថា នៅពេលដែលលោកមិនបានធ្វើអ្វីខុស មិនបានបង្កការឈឺចាប់ដល់អ្នកដទៃ និងប្រកាន់យកនូវគោលការណ៍អហិង្សាត្រឹមត្រូវ នោះលោកនឹងមិននៅឯកោឡើយ។
លោក កឹម សុខា អះអាងថា ឯកអគ្គរដ្ឋទូតតំណាងប្រទេសជាមិត្តរបស់កម្ពុជា មិនត្រឹមតែឈ្វេងយល់នូវទស្សនៈរបស់លោកនោះទេ ថែមទាំងទទួលស្គាល់នូវគុណតម្លៃនៃការតស៊ូដោយអហិង្សា ការលះបង់ដោយការអត់ធ្មត់ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់លោកថែមទៀត ព្រោះថាឯកអគ្គរដ្ឋទូតនៃប្រទេសដែលប្រកាន់យកប្រជាធិបតេយ្យទាំងនោះ បានចាត់ទុកសិទ្ធិមនុស្ស និងសេរីភាព គឺជាគុណតម្លៃស្នូលរបស់ពួកគេ។
មេបក្សប្រឆាំងរបស់កម្ពុជារូបនេះ អះអាងថា តាមរយៈនៃការពិភាក្សាក្នុងជំនួបជាមួយប្រមុខការទូតនានាជាបន្តបន្ទាប់មកនេះ លោកកត់សម្គាល់ឃើញថា បណ្តាប្រទេសទាំងនោះចង់ឃើញកម្ពុជាមានដំណោះស្រាយនយោបាយដោយអហិង្សា ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ ការស្ដារនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានជួបសន្ទនាជាមួយបណ្តាប្រមុខការទូតជាច្រើនរបស់ប្រទេសលោកសេរីដែលជាមិត្តរបស់កម្ពុជា នៅក្នុងស្ថានទូតបារាំង តាមការអញ្ជើញរបស់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា លោក Jacques PELLET ក្នុងនាមប្រទេសបារាំង ជាប្រធានប្តូរវេនសហភាពអឺរ៉ុប នៅឆមាសទី១ នៃឆ្នាំ២០២២ នេះ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេសតាមប្រសាសន៍របស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះមានរយៈពេលជាង ៤ឆ្នាំហើយ ប៉ុន្តែប្រធានបក្សប្រឆាំងនៅតែមានភាពស្អាតស្អំនៅឡើយ ព្រោះថាលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ខណៈតុលាការកម្ពុជានឹងបើកសវនាការលើករណីមេបក្សប្រឆាំងរូបនេះនៅអំឡុងខែមករា ឆ្នាំ២០២២ ដ៏ខ្លីខាងមុខនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១១ មករា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិរបស់ចក្រភពអង់គ្លេស អ្នកស្រី Amanda Milling បានជួបជាមួយលោក កឹម សុខា បានអះអាងថា ចក្រភពអង់គ្លេសកំពុងបន្តតាមដានដោយយកចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការរបស់លោកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ ដែលពាក់ព័ន្ធនឹងសេរីភាពរបស់លោកក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជាសព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់លើកឡើងថា ប្រសិនបើសំណុំរឿងលោក កឹម សុខា ជាសំណុំរឿងស្ថិតក្នុងការចាត់ចែងរបស់តុលាការ នោះករណីនេះនឹងត្រូវបានជំនុំជម្រះកាត់សេចក្តីរួចស្រេចទៅហើយ ព្រោះថាតុលាការអាចឃុំខ្លួនជនសង្ស័យយ៉ាងយូរបានត្រឹមតែ ១៨ខែប៉ុណ្ណោះ ប៉ុន្តែករណីរបស់លោក កឹម សុខា បានអូសបន្លាយពេលជំនុំជម្រះក្តីជាបន្តបន្ទាប់។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា លោក កឹម សុខា បានពុះពារគ្រប់ឧបសគ្គជាច្រើនដើម្បីលុបបំបាត់គំនុំព្យាបាទសងសឹករវាងខ្មែរនិងខ្មែរ រវាងបុគ្គលនិងបុគ្គល ដោយការចាប់ផ្តើមពីខ្លួនលោកផ្ទាល់ក្នុងការធ្វើជាគំរូ ដើម្បីសម្របសម្រួលនយោបាយជាតិឆ្ពោះទៅរកការផ្សះផ្សា និងបង្រួបបង្រួមជាតិខ្មែរទាំងមូលទៅថ្ងៃមុខ៕