បុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន សែន ដែលការពារសមិទ្ធផលជំនួបជាមួយមេដឹកនាំយោធា បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ានជួយចូលរួមចំណែកលើកទឹកចិត្តក្នុងការចរចាពាក់ព័ន្ធនឹងស្ថានភាពនៅភូមា ឲ្យបានដំណើរការទៅមុខ។
លោក ហ៊ុន សែន នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ជាមួយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ដំណើរបំពេញទស្សនកិច្ចរបស់លោកទៅភូមា ក្នុងពេលថ្មីៗកន្លងទៅនេះ មានគោលបំណង គឺចង់ជួយដល់ប្រទេសភូមា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។
បុរសខ្លាំងរូបនេះបានលើកឡើងថា គោលបំណង ៣សំខាន់ៗទៅកាន់ភូមា គឺ៖
- ទី១ ធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ បញ្ឈប់អំពើហិង្សា
- ទី២ ផ្ដល់ជំនួយដល់ប្រជាជនភូមា ដែលត្រូវការចាំបាច់
- និងទី៣ បើកច្រកទ្វារនៃការចរចារកដំណោះស្រាយ ជាពិសេសសម្រាប់ការងារប្រេសិតពិសេសអាស៊ាន។
មានសំណួរថា តើលោក ហ៊ុន សែន ដើរមកដល់ផ្លូវទាល់ ឬទើបស្វែងរកការគាំទ្រពីអគ្គលេខាធិការអាស៊ាន?
បុរសខ្លាំងបានលើកឡើងទៀតថា កិច្ចប្រជុំពេញអង្គត្រូវរៀបចំដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយដល់ភូមា ដែលកន្លងមកប្រទេសជប៉ុនក៏បានគាំទ្រចំពោះគំនិតបង្កើតកិច្ចប្រជុំ ដើម្បីសកម្មភាពមនុស្សធម៌ជួយដល់ប្រទេសភូមា នេះផងដែរ។

ចំណែកឯលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ទាក់ទងទៅនឹងស្ថានភាពនៅភូមា លោកគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ជាពិសេសគោលបំណងរបស់កម្ពុជាដែលបានអនុវត្តស្របទៅចំណុចទាំង៥ កុងសង់ស៊ីសរបស់អាស៊ាន ដែលបានដាក់ឲ្យមេរដ្ឋប្រហារភូមា អនុវត្តកន្លងមកនោះ។
លោក លឹម ចុកហ៊ុយ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា។ ក្រៅពីមានជំនួបជាមួយប្រមុខការទូតកម្ពុជា និងប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទ ទី១៧ មករា អគ្គលេខាធិការអាស៊ានរូបនេះក៏មានជំនួបដាច់ដោយឡែកពីគ្នាជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផងដែរ។
កាលពីថ្ងៃទី៧ មករា កន្លងមក ក្នុងដំណើរទស្សនកិច្ចរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា ភាគីកម្ពុជា និងភូមា បានចេញសេចក្តីប្រកាសរួមមួយដែលបញ្ជាក់ថា ភូមាសន្យាផ្អាកឈប់បាញ់គ្នាក្នុងឆ្នាំ២០២២ នេះ ប៉ុន្តែបានតែប៉ុន្មានថ្ងៃ ក៏មានការវាយប្រហារបង្ហូរឈាមបានកើតឡើងជាថ្មី។ ក្រោយមកទៀត នៅថ្ងៃទី១៥ ខែមករា អ្នកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវរបបសឹកភូមា ចាប់ឃុំខ្លួន និងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំរួចហើយនោះ ក៏ត្រូវបានតុលាការភូមា ដាក់ពាក្យចោទប្រកាន់សាជាថ្មីថែមទៀតក្នុងរឿងប្រព្រឹត្តអំពើពុករលួយចំនួន ៥ករណី ប្រឆាំងនឹងអ្នកស្រី។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករា នៅឯខេត្តសៀមរាប ក៏ត្រូវផ្អាកមិនកំណត់ពេលវេលា បន្ទាប់ពីលោក ហ៊ុន សែន ទៅទស្សនកិច្ចជួបជាមួយមេរដ្ឋប្រហារនៅប្រទេសភូមា រួចមក។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានលើកឡើងក្នុងកិច្ចពិភាក្សា Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៣ ខែមករា ថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ នេះ លោក ហ៊ុន សែន ទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងដំណើរទស្សនកិច្ចទៅប្រទេសភូមា បន្ទាប់ពីរបបសឹកភូមាមិនគោរពសន្យារក្សាបទឈប់បាញ់។
លោកបន្តថា ការបរាជ័យរបស់លោក ហ៊ុន សែន ជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ គឺបរាជ័យធ្ងន់ធ្ងរជាងពេលដែលគាត់ធ្វើជាប្រធានអាស៊ានឆ្នាំ២០១២ ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងទៅទៀត។ លោកថា ដើម្បីកែប្រែស្ថានការណ៍នេះឡើងវិញ លោក ហ៊ុន សែន ត្រូវតែពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានដទៃទៀត មុននឹងចូលទៅដោះស្រាយវិបត្តិនៅភូមា។ ជាងនេះទៅទៀត លោកអាចស្នើឱ្យអគ្គលេខាធិការអាស៊ានចូលរួមដោះស្រាយវិបត្តិដ៏តានតឹងនេះផងដែរ។
កាលពីឆ្នាំ២០២១ ប្រទេសប្រ៊ុយណេ បានស្នើឲ្យផាត់ចោលរបបសឹកភូមា មិនឱ្យចូលប្រជុំអាស៊ាន ដោយមានការគាំទ្រជាឯកច្ឆន្ទ។ ប៉ុន្តែសម្រាប់កម្ពុជា ដែលកាន់តំណែងប្រធានអាស៊ាននៅឆ្នាំនេះ បានប្រកាសធ្វើការជាមួយរបបសឹកភូមា ហើយសន្យាយករបបសឹកនេះត្រឡប់មកវិញទៀតផង។
ក្រុមយោធាភូមា បានធ្វើរដ្ឋប្រហារប្លន់យកអំណាចពីគណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។ រដ្ឋប្រហារនោះបានកើតឡើងបន្ទាប់ពីគណបក្សរបស់អ្នកស្រីឈ្នះការបោះឆ្នោតជាតិភ្លូកទឹកភ្លូកដីកាលពីចុងឆ្នាំ២០២០ កន្លងទៅ។ ការប្លន់អំណាចរបស់ពួកយោធា បានបណ្តាលឲ្យមានការប្រឆាំងតវ៉ាពីសំណាក់ពលរដ្ឋភូមាទូទាំងប្រទេស និងសហគមន៍អន្តរជាតិ ជាពិសេសសមាគមអាស៊ាន។ បើគិតត្រឹមដំណាច់សប្តាហ៍ទីមួយនៃខែមករា នេះ ក្រុមយោធាបានសម្លាប់ពលរដ្ឋភូមាប្រមាណ ១៤០០នាក់ ដោយរួមទាំងកុមារ ស្ត្រី និស្សិត និងយុវជន៕