33 C
Phnom Penh

តុលាការ​សម្រេច​បើក​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា នឹង​បន្ត​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​តទៅទៀត ខណៈ​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​បក្ស​ប្រឆាំង​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​លើ​ការ​សម្រេច​នេះ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​សាលាដំបូង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ ហើយ​លោក កឹម សុខា ក៏​បាន​ចូលរួម​សវនាការ​នេះ​ផង​ដែរ។

ការ​បើក​សវនាការ​មេដឹកនាំ​បក្ស​ប្រឆាំង​អស់​រយៈពេល ១​ព្រឹក​ថ្ងៃ​ពុធ នេះ ត្រូវ​បាន​បណ្តា​ភាគី​ពាក់ព័ន្ធ​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុកដាក់ ក្នុង​នោះ​មាន​តំណាង​អង្គទូត អង្គការ​ជាតិ និង​អន្តរជាតិ សកម្មជន​នយោបាយ និង​អ្នក​សារព័ត៌មាន​យ៉ាង​ច្រើន​ផង​ដែរ ហើយ​ការ​ចង់​បាន​របស់​ពួកគេ គឺ​ចង់​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​គ្រប់​យ៉ាង​លើ​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ។

សវនាការ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ ធ្វើឡើង​ជា​លើកដំបូង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​តាំងពី​ដើម​ឆ្នាំ​២០២០ មក។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្រោយ​ផ្អាក​សវនាការ​របស់​លោក​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​កន្លងមក​នេះ ប៉ុន្តែ​សវនាការ​នៅ​ថ្ងៃ​នេះ​ក៏​មិន​បាន​សាកសួរ ឬ​សម្រេច​យ៉ាង​ណា​នោះ​ដែរ គ្រាន់តែ​កំណត់​សម្គាល់​លើ​អង្គ​ហេតុ និង​ភស្តុតាង​មួយ​ចំនួន​តែប៉ុណ្ណោះ។

បន្ទាប់ពី​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​តុលាការ​ថា ពួកគេ​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សវនាការ​នៅ​ព្រឹក​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា សំណុំរឿង​របស់​លោក កឹម សុខា គឺជា​រឿង​នយោបាយ ដូច្នេះ​ដើម្បី​ឱ្យ​រឿង​ក្តី​នេះ​ឆាប់​ចប់ មាន​តែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​ប៉ុណ្ណោះ។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង បាន​លើកឡើង​ថា ពេញ​មួយ​ព្រឹក​នៃ​សវនាការ​នេះ​គ្រាន់តែ​ចាប់ផ្តើម​កត់សម្គាល់​លើ​អង្គ​ហេតុ​ផ្សេងៗ​ប៉ុណ្ណោះ មុន​នឹង​ដំណើរការ​ក្តី​នេះ​បន្ត​ទៀត ក្នុង​នោះ​តុលាការ​បាន​អូស​បន្លាយ​សវនាការ​លើក​ក្រោយ​រហូត​ដល់​ថ្ងៃអង្គារ សប្តាហ៍​ក្រោយ​ឯណោះ ដែល​ពួកគេ​យល់​ឃើញ​ថា តុលាការ​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​យឺតយ៉ាវ​លើ​ដំណើរការ​ក្តី​លើ​សំណុំរឿង​កូនក្ដី​របស់​ពួកគាត់។

ជុំវិញ​បញ្ហា​នេះ មុន​ចូលរួម​សវនាការ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ គឺជា​ការ​ទន្ទឹង​រង់ចាំ​របស់​លោក​ជា​យូរ​មក​ហើយ ហើយ​លោក​សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​រូបលោក ដើម្បី​ឱ្យ​កម្ពុជា​បោះ​ជំហាន​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ សាមគ្គី​ជាតិ និង​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំងអស់​គ្នា​ផង​ដែរ។

លោក កឹម សុខា អះអាង​ថា លោក​នឹង​ពិនិត្យ​តាម​ភាព​ជាក់ស្តែង​របស់​លោក​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កម្ពុជា​លើ​សំណុំរឿង​ដែល​គេ​កំពុង​ចោទប្រកាន់​នេះ ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​លោក​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មក​ដល់​នៅ​ពេល​ខាងមុខ លោក​នឹង​ធ្វើ​តាម​លទ្ធភាព​ជាក់ស្តែង​ដែល​លោក​អាច​ធ្វើ​បាន​នៅ​ពេល​នោះ។

ជុំវិញ​សវនាការ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ សមាជិក​សភា​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ លោក ស្ទីវ ឆាបុត (Steve Chabot) បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា លោក​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ការ​កាត់ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។

លោក ស្ទីវ ឆាបុត (Steve Chabot) រិះគន់​ថា ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​លើ​លោក កឹម សុខា គឺជា​រឿង​នយោបាយ​ដើម្បី​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ដូច្នេះ​លោក ហ៊ុន សែន ត្រូវតែ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​រួម​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត និង​ផ្តល់​សិទ្ធិ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលរួម​កិច្ចការ​នយោបាយ​នៅ​កម្ពុជា​បន្ត​ទៀត។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​រូប​នេះ​បញ្ជាក់​ថា សកម្មភាព​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កន្លងមក បាន​បង្កើត​នូវ​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បាន​ទាញ​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ក្នុង​នោះ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ ក៏​បាន​ក្បត់​ទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​តុលាការ​ក្រុង​ភ្នំពេញ​មិន​ទាន់​ជំនុំជម្រះ​ក្តី​លើ​ករណី​នេះ​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ពេលនេះ។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​បង្ហាញ​សេចក្តី​រាយការណ៍​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដែល​តួលេខ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​រឹត​តែ​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ ដែល​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១២៧ ក្នុង​ចំណោម​ប្រទេស​១២៨ លើ​ពិភពលោក​ដែល​មាន​នីតិរដ្ឋ​អាក្រក់​បំផុត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស