រដ្ឋាភិបាលកាត់ដីបឹងតាមោកជិត ១០០ហិកតារបន្ថែមទៀតទៅឱ្យគ្រួសារមេបញ្ជាការរងនៅអង្គភាព «ង៧០» និងបុគ្គលម្នាក់ទៀតកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ខណៈដីបឹងធម្មជាតិជាង ១០០ហិកតារទៀតក៏ត្រូវបានលោក ហ៊ុន សែន សម្បទានឱ្យគ្រួសារសមាជិកលេខាលោក ហ៊ុន សែន ដែរ។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ផ្ទៃដីបឹងតាមោក ឬបឹងទំនប់កប់ស្រូវចំនួន ៧០ហិកតារ ស្ថិតនៅសង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឱ្យទៅអ្នកស្រី សាយ សោភា ជាកម្មសិទ្ធិ។
អ្នកស្រី សាយ សោភា ដែលជាអគ្គនាយិកាសាលាអន្តរជាតិ វើលដ៍កម្ពុជា និងជាភរិយារបស់ឧត្ដមសេនីយ៍ផ្កាយពីរនៃអង្គភាព «ង៧០» លោក ភឿន ផល្លា ទទួលបានដីបឹងតាមោកចំនួន ៤លើករួចមកហើយ ហើយគិតមកដល់ថ្ងៃនេះ អ្នកស្រី សាយ សោភា ទទួលបានដីសរុបជិត ១០០ហិកតារពីរដ្ឋាភិបាល។
លើសពីនេះ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដដែល លោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយទៀតកាត់ផ្ទៃដីបឹងតាមោកចំនួន ៥ទីតាំងទំហំជាង ១២១ហិកតារ ស្ថិតនៅសង្កាត់ពន្សាំង និងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ឱ្យកូនៗរបស់អ្នកស្រី ជូ ដារ៉ារ៉េត សមាជិកក្រុមលេខានាយករដ្ឋមន្ត្រី ដើម្បីធ្វើជាកម្មសិទ្ធិ ខណៈផ្ទៃដីបឹងជិត ៣០ហិកតារកាត់ឱ្យលោក ចេង ស្រ៊ុនហេង និងលោក ជឹម ពិសី ជាកម្មសិទ្ធិ។
ទាក់ទងនឹងករណីនេះ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បានសរសេរលើទំព័រ Facebook កាលពីពេលថ្មីៗនេះថា ក្រុមលេខានាយករដ្ឋមន្ត្រីសព្វថ្ងៃនេះប្រហែលគ្មានផ្ទះស្នាក់នៅទេ ទើបត្រូវកាត់បឹងឱ្យពួកគាត់យកទៅធ្វើជាកម្មសិទ្ធិ ខណៈពលរដ្ឋជាច្រើនខ្វះទីជម្រករស់នៅសមរម្យ។ លោកបន្តថា បើកាត់ដីបឹងទាំងនោះក្រោមហេតុផលអភិវឌ្ឍ ក៏កម្ពុជាពុំទាន់ខ្វះដីសម្រាប់អភិវឌ្ឍរហូតដល់ថ្នាក់ត្រូវលុបបឹងនោះដែរ។
ចំណែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរនៅលើ Facebook ដោយលើកជាសំណួរថា តើត្រូវពុះច្រៀកដីបឹងចែកគ្នាយ៉ាងនេះឬ? អ្នកស្រីថា ក្រសួងក៏មានចំណែក ក្រុមហ៊ុនក៏មានចំណែក បុគ្គលឯកជនក៏មានចំណែក។ តើនេះជាអភិបាលកិច្ចអ្វី ដែលត្រូវលេប និងលុបបឹងយ៉ាងនេះ?
បឹងតាមោកមានផ្ទៃដីសរុប ៣២៣៩ហិកតារ ជាអាងស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ កំណត់បឹងធម្មជាតិមួយនេះជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទៃបឹងតាមោកជាង ១៦០០ហិកតារ ឬជាង ៥០% ត្រូវបានលោក ហ៊ុន សែន កាត់និងដោះដូរទៅឱ្យស្ថាប័នរដ្ឋ ឲ្យក្រុមហ៊ុនឯកជន ឱ្យបុគ្គលឯកជន ដែលគេដឹងថាជាឧកញ៉ា និងអ្នកមានអំណាចសម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕