អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើការបាញ់សម្លាប់លោក ជា វិជ្ជា និងសកម្មជនផ្សេងទៀតឡើងវិញ ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាព ដោយផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារ និងជនរងគ្រោះដែលបានស្លាប់យ៉ាងអាថ៌កំបាំងផងដែរ។
គេហទំព័ររបស់ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៤ ខែមករា នេះថា រយៈពេល ១៨ឆ្នាំហើយដែលសមត្ថកិច្ចនៅតែរកឃាតកសម្លាប់សកម្មជនសិទ្ធិមនុស្ស និងជាប្រធានសហជីព លោក ជា វិជ្ជា មិនទាន់ឃើញ ក្រៅពីបុរសពីរនាក់ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីឆ្នាំ២០០៥ ប៉ុន្តែត្រូវបានដោះលែងឱ្យរួចទោសវិញនៅ ៥ឆ្នាំក្រោយ។
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះអះអាងថា រហូតមកទល់បច្ចុប្បន្ននេះ ការស្លាប់របស់លោក ជា វិជ្ជា មិនទាន់បានទទួលដំណោះស្រាយ និងយុត្តិធម៌នៅឡើយទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវជាថ្មីទៀតដល់អាជ្ញាធរកម្ពុជា ឱ្យស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងមិនលម្អៀងលើករណីនៃការសម្លាប់ រួមទាំងការបាត់ខ្លួនទាំងឡាយ ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា និងផ្តល់យុត្តិធម៌ដល់គ្រួសារ ក៏ដូចជាលោក ជា វិជ្ជា និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀតដែលបានស្លាប់យ៉ាងអាថ៌កំបាំង។
ក្នុងគេហទំព័ររបស់ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា កាលពីឆ្នាំមុននេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរកម្ពុជា ឱ្យស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងមិនលម្អៀងលើករណីនៃការសម្លាប់ និងការបាត់ខ្លួនទាំងឡាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោកស្ដីពីតួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការជួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
ជាមួយគ្នានេះដែរ នៅថ្ងៃខួប ១៨ឆ្នាំនៃការបាញ់សម្លាប់មេដឹកនាំសហជីព កាលពីថ្ងៃទី២២ ខែមករា កន្លងមកនេះ ក្រុមសហជីព សាច់ញាតិ និងអ្នកនយោបាយ បានលើកឡើងនៅមុខរូបសំណាករបស់លោក ជា វិជ្ជា ថា រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា មិនមានឆន្ទៈក្នុងការចាប់ខ្លួនឃាតកដែលបានបាញ់សម្លាប់លោក ជា វិជ្ជា មកដាក់ទោសឡើយ ទើបបានទុកឱ្យជនដៃដល់ និងអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់មេដឹកនាំសហជីពរូបនេះមានសេរីភាព ១៨ឆ្នាំនោះ។

ករណីនេះ ក្រុមសហជីព សាច់ញាតិ និងអ្នកនយោបាយ បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនជនល្មើសដែលបានបាញ់សម្លាប់លោក ជា វិជ្ជា នៅកណ្ដាលរាជធានីភ្នំពេញដាក់ទោសតាមច្បាប់ ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា និងបញ្ឈប់ការបាញ់សម្លាប់ ការចាប់ចង ចាប់ដាក់ពន្ធនាគារបន្តទៀត ដោយថាទង្វើទាំងអស់នេះមិនមែនជាដំណោះស្រាយសម្រាប់ពលរដ្ឋ និងកម្មករនៅកម្ពុជាទេ។
លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតូបលក់កាសែតក្រោយវត្តលង្កា រាជធានីភ្នំពេញ។ រយៈពេល ១៨ឆ្នាំមកនេះ អាជ្ញាធរនៅមិនទាន់បាននាំខ្លួនឃាតកពិតប្រាកដ និងអ្នកបញ្ជានៅពីក្រោយខ្នងយកមកផ្ដន្ទាទោសនោះទេ ក្រៅតែពីឃាតកសិប្បនិម្មិតពីររូប គឺលោក ប៊ន សំណាង និង សុខ សំអឿន។
ចំណែកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយបានចោទជាសំណួរថា តើពន្លឺយុត្តិធម៌នៅឯណាសម្រាប់លោក ជា វិជ្ជា រយៈពេល ១៨ឆ្នាំមកនេះ។ ក្រុមនេះទាមទារឱ្យរដ្ឋាភិបាលកម្ពុជា រកយុត្តិធម៌ជូនក្រុមគ្រួសារលោក ជា វិជ្ជា ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា និងផ្ដល់យុត្តិធម៌ដល់គ្រួសារ រួមទាំងជនរងគ្រោះផងដែរ៕