29 C
Phnom Penh

លោក ស ខេង៖ រដ្ឋមន្ត្រី​ក្រសួង​មួយ​អនុញ្ញាត​ឱ្យ​នាំចូល​សារធាតុ​ញៀន​ដោយ​ស្រប​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រិះគន់​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​មួយ​ដែល​អនុញ្ញាត​ឱ្យ​នាំចូល​គ្រឿងផ្សំ​សារធាតុ​ញៀន​រាប់​រយ​តោន​ចូល​មក​កម្ពុជា​ដោយ​ស្រប​ច្បាប់ និង​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ​ដើម្បី​ទប់ស្កាត់​ការ​បំផ្លាញ​សុខភាព​សាធារណៈ​នៅ​កម្ពុជា។

ក្នុង​ពិធី​ប្រគល់​រថយន្ត​ឱ្យ​នគរបាល​ការពារ​ព្រំដែន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​មករា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​រិះគន់​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​មួយ​ដែល​បាន​អនុញ្ញាត​ឱ្យ​នាំចូល​គ្រឿងផ្សំ​សារធាតុ​ញៀន​ដោយ​ស្រប​ច្បាប់​រាប់​រយ​តោន ដែល​ជន​ទុច្ចរិត​ស្នើសុំ​នាំចូល​ដើម្បី​ផលិត​ជី ប៉ុន្តែ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា​យក​មក​កែច្នៃ និង​ផលិត​គ្រឿងញៀន​ទៅ​វិញ។

លោក​បន្ត​ថា ចុងក្រោយ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​សារធាតុ​ញៀន​ជាង ១០០​តោន​ដែល​គេ​ដឹក​ចូល​មក​ដោយ​ស្រប​ច្បាប់ ដោយ​គ្រឿងញៀន​នេះ​នាំចូល​តាម​ច្រក​ព្រំដែន​ឡាវ ព្រំដែន​ថៃ និង​តាម​ព្រំដែន​វៀតណាម ហើយ​ករណី​នេះ​លោក​បាន​ដាក់​ជា​សំណួរ​ថា តើ​នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​នាំ​សារធាតុ​ញៀន​ចូល​កម្ពុជា​នោះ។

លោក ស ខេង ជំរុញ​ឱ្យ​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ​ដែល​អនុញ្ញាត​ឱ្យ​នាំចូល​គ្រឿងផ្សំ​សារធាតុ​ញៀន​ដោយ​ស្រប​ច្បាប់ ដោយ​ចាត់ទុក​ករណី​នេះ​ប្រៀប​ដូចជា​ករណី «ចោរ​លួច​ឡាន» ដែល​នាំចូល​ម្តង​មួយ​ចំណែកៗ ហើយ​ផ្គុំ​ទៅជា​ឡាន​តែម្តង។

លោក​ស្នើ​ទៅ​ក្រសួង​ដែល​ជា​អ្នក​ផ្តល់​អាជ្ញាប័ណ្ណ ដោយ​លោក​ថា​សុំ​មិន​បាច់​ចេញ​ឈ្មោះ​នោះ ត្រូវ​ពិនិត្យ​មើល​ករណី​នេះ បើ​មិន​ដូច្នោះ​ទេ លោក​ថា​រដ្ឋមន្ត្រី​រូប​នេះ​បាន​ជាប់​ជំពាក់​នឹង​ការ​ទទួល​ខុសត្រូវ​ចំពោះ​សង្គម​កម្ពុជា ទាក់ទង​នឹង​ការ​បំផ្លាញ​សុខភាព​សាធារណៈ ខណៈ​លោក​ថា​អាជ្ញាធរ​គ្រឿងញៀន​ត្រូវតែ​មើល​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់​ដូច​គ្នា​ដែរ។

លោក ស ខេង ក៏​បាន​ក្រើន​រំឭក​ទៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ប្រាប់​ពី​សារធាតុ​ណា​ខ្លះ​ដែល​គេ​អាច​យក​មក​ផ្គុំ​គ្នា​ផលិត​ជា​គ្រឿងញៀន​បាន​នោះ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​នាំចូល​ដោយ​ស្រប​ច្បាប់​បែប​នេះ​បន្ត​ទៀត បើ​មិន​ដូច្នេះ​ទេ ប្រទេស​កម្ពុជា​នឹង​ត្រួតត្រា​ដោយ​ពួក​ម៉ាហ្វីយ៉ា​មិនខាន។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ ចាត់ទុក​ការ​ព្រួយបារម្ភ​របស់​លោក ស ខេង អំពី​ប្រតិបត្តិការ​គ្រឿងញៀន​នៅ​កម្ពុជា ដែល​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អនាគត​យុវជន​ខ្មែរ​នោះ មិន​មែន​ជា​ទស្សនៈ​មតិ​របស់​គាត់​ទេ ប៉ុន្តែ​គឺ​ដូចជា​របាយការណ៍​ពិត​អំពី​ការ​ចែកចាយ​គ្រឿងញៀន​ដ៏​ពេញ​បន្ទុក​នៅ​កម្ពុជា។ លោក​ថា លោក ស ខេង ជា​មេដឹកនាំ​ក្រសួង​មហាផ្ទៃ​ជិត ៣០​ឆ្នាំ​មក​ហើយ ដែល​ជា​ក្រសួង​ទទួល​ភារកិច្ច​បង្ក្រាប​គ្រឿងញៀន ដូច្នេះ​លោក​ដឹង​ច្បាស់​ណាស់​ទាក់ទង​នឹង​រឿងរ៉ាវ​បញ្ហា​គ្រឿងញៀន។

លោក គឹម សុខ កត់សម្គាល់​ថា ការ​សម្ដែង​ការ​ព្រួយបារម្ភ​របស់​លោក ស ខេង អាច​មាន​សាច់រឿង​ជ្រៅ​ជាង​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​ខាងក្រៅ​ដឹង​ទៅ​ទៀត ទើប​គាត់​ព្យាយាម​រំឭក​មជ្ឈដ្ឋាន​នានា​ថា រូប​គាត់​បាន​ដឹង​អំពី​យុទ្ធនាការ​ជួញដូរ​គ្រឿងញៀន​ធំៗ និង​កាន់តែ​រីក​មាឌ​ធំ​សព្វថ្ងៃ​នៃ​ពួក​អ្នក​មាន​ឥទ្ធិពល​បំផុត ដែល​សូម្បីតែ​តួនាទី​របស់​គាត់​ក៏​មិន​អាច​ចាត់ការ​បាន ហើយ​ទំនង​ជា​គាត់​ទ្រាំ​លាក់បាំង​មិន​បាន ក៏​ព្យាយាម​ទម្លាយ​តម្រុយ​ឱ្យ​ពលរដ្ឋ​ស្វែងយល់។

បើ​តាម​របាយការណ៍​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ដឹង​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កាលពី​ឆ្នាំ​២០២១ សមត្ថកិច្ច​ចាប់​ជនល្មើស​បាន ១​ម៉ឺន ២​ពាន់​នាក់ ក្នុង​នោះ ៣០% ជា​អ្នក​ប្រើប្រាស់ និង ៧០% ជា​អ្នក​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន ដូចជា​ជួញដូរ រក្សា​ទុក និង​ដាំដុះ ខណៈ​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​បាន​ប្រហែល​ជា ៤​តោន​កន្លះ។ ចំនួន​គ្រឿងញៀន​ដែល​ត្រូវ​បាន​បង្ក្រាប​នៅ​ឆ្នាំ​២០២១ បើ​ធៀប​កាលពី​ឆ្នាំ​២០២០ មាន​ការ​កើន​ឡើង​ប្រហែល ៣០%៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស