នាយករដ្ឋមន្ត្រីកម្ពុជាដើរបញ្ច្រាសទិស លោក ហ៊ុន សែន បានស្នើដល់មេរដ្ឋប្រហារយោធាភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់លើគ្រប់ភាគី ហើយរក្សាភាពអត់ធ្មត់ ជាពិសេសគឺអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីសចំនួន ៥ចំណុចដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំមួយរវាងបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ជាមួយមេរដ្ឋប្រហារយោធានៅភូមា លោក មីន អ៊ុងឡាំង តាមរយៈប្រព័ន្ធវីដេអូនាថ្ងៃទី២៦ ខែមករា នេះ ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន លោក ហ៊ុន សែន មានការព្រួយបារម្ភចំពោះអំពើហិង្សាក្រោយពីដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសភូមា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះនៅតែបន្តកើតមានឡើង។
លោក ហ៊ុន សែន បានសរសេរនៅក្នុងបណ្ដាញសង្គម Facebook របស់លោកនៅល្ងាចថ្ងៃទី២៦ ខែមករា នេះថា ការជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាប្រទេសភូមា ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅភូមា។
លោក ហ៊ុន សែន ស្នើសុំលោក មីន អ៊ុងឡាំង នូវ ៤ចំណុចសំខាន់ៗដោយខិតខំអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុចនោះ ដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ។ លោកស្នើឱ្យលោក មីន អ៊ុងឡាំង បង្កលក្ខណៈធ្វើយ៉ាងណាអាចឲ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានអាចទៅទស្សនកិច្ចនៅភូមាជាលើកដំបូងនាពេលខាងមុខនេះ។ លោក ហ៊ុន សេន អំពាវនាវភាគីទាំងអស់ រួមទាំងភាគីមេដឹកនាំយោធាភូមា ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះទៅមានបទឈប់បាញ់នាពេលខាងមុខនេះជាដើម។
មេដឹកនាំដែលតែងតែប្រើកណ្ដាប់ដៃហិង្សាកម្ទេចដៃគូនយោបាយ លោក ហ៊ុន សែន បានស្នើមេដឹកនាំរដ្ឋប្រហារយោធា លោក មីន អ៊ុងឡាំង ចូលរួមជាមួយបណ្ដាប្រទេសអាស៊ានក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនប្រទេសភូមា ដែលត្រូវការជំនួយជាចាំបាច់៕