មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់បុរសខ្លាំងកម្ពុជា មិនខ្វល់ចំពោះពាក្យបណ្តឹងរបស់លោក សម រង្ស៊ី និងការចោទប្រកាន់របស់តុលាការប្រទេសបារាំង មកលើរូបលោកពីបទ «សមគំនិតប៉ុនប៉ងសម្លាប់មនុស្ស» ក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកនៅរាជធានីភ្នំពេញកាលពីឆ្នាំ១៩៩៧ នោះទេ។
លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបង្ហាញសកម្មភាពរួមគ្នាជាសាធារណៈជាមួយលោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនខ្វល់ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរត់គេចខ្លួនពីដីការបស់តុលាការនោះឡើយ ដោយលោកចាត់ទុកការចោទប្រកាន់នោះថាគ្មានមូលដ្ឋានច្បាស់លាស់ ចេះតែដើរចោទប្រកាន់ផ្ដេសផ្ដាស។
លោកបានថ្លែងទៀតថា មានអ្នកដាក់បណ្ដឹងទៅណាក៏ទៅចុះ មានទើសក្បាលអីលោកទេ។ លោកមិនមានពាក់ព័ន្ធអ្វីជាមួយនឹងលោក សម រង្ស៊ី ហើយលោកមិនខ្វល់ឡើយ។
លោក ហ៊ីង ប៊ុនហៀង បានបដិសេធថា លោកមិនបានប្រព្រឹត្ត និងមិនបានដឹកនាំការវាយប្រហារបោកគ្រាប់បែកនៅពេលមានបាតុកម្មក្នុងឆ្នាំ១៩៩៧ ដែលសម្លាប់មនុស្ស ១៦នាក់នោះទេ។ លោកចាត់ទុកការចោទប្រកាន់នេះជាការចោទទាំងបំពានមកលើរូបលោក។

ទោះយ៉ាងណាកាលពីឆ្នាំ២០១៨ លោក ហ៊ីង ប៊ុនហៀង ធ្លាប់សារភាពថា លោកធ្វើអ្វីគ្រប់យ៉ាងតាមបញ្ជាលោក ហ៊ុន សែន។ សារជាសំឡេងបានលើកឡើងថា បញ្ហាទី១ កម្លាំងអង្គរក្សនេះជាកម្លាំងការពារសន្តិសុខជូនថ្នាក់ដឹកនាំ។ បញ្ហាទី២ កងយោធពលខេមរភូមិន្ទត្រៀមការពារភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសការពារសន្តិសុខប្រជាពលរដ្ឋតែម្ដង អ្វីដែលផ្ទុយពីបទបញ្ជា និងសៀវភៅកងការពារជាតិ លោកមិនដែលបានបញ្ជាកម្លាំងអង្គរក្សរបស់លោកទៅធ្វើផ្ទុយពីបទបញ្ជា ឬអនុសាសន៍របស់លោក ហ៊ុន សែន នោះទេ។
លោក សម រង្ស៊ី បានសរសេរលើបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជារដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតុលាការព្រហ្មទណ្ឌ (Cour d’Assises) របស់ប្រទេសបារាំង ចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ពីបទ «សមគំនិតប៉ុនប៉ងសម្លាប់មនុស្ស» នៅក្នុងករណីរៀបចំការវាយប្រហារដោយគ្រាប់បែកក្នុងបាតុកម្មដោយសន្តិវិធីក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។
លោកសរសេរទៀតថា សេចក្តីសង្ឃឹមកើតចេញពីទីក្រុងប៉ារីសសម្រាប់ជនរងគ្រោះដោយអំពើហិង្សានយោបាយនៅកម្ពុជាកាលពីជាង ២០ឆ្នាំមុន។ លោកថា តុលាការក៏បានសម្រេចយកបុគ្គលពីរនាក់នេះទៅកាត់ទោសនៅចំពោះមុខតុលាការព្រហ្មទណ្ឌដែលផ្ដន្ទាទោសឧក្រិដ្ឋជន (Cour d’Assises)។
លោក សម រង្ស៊ី បានសរសេរទៀតថា កាលពីជាង ២០ឆ្នាំមុន លោកនិងភរិយាបានដាក់ពាក្យបណ្តឹងមួយនៅតុលាការប្រទេសបារាំង ក្នុងក្រុងប៉ារីស ដោយសារតែអ្នកទាំងពីរមានសញ្ជាតិបារាំង ក្នុងហេតុការណ៍គប់គ្រាប់បែកប៉ុនប៉ងសម្លាប់លោក និងភរិយា គឺអ្នកស្រី ជូឡុង សូមួរ៉ា លោក ជា វិជ្ជា និងមនុស្សប្រមាណ ១០០នាក់ផ្សេងទៀត។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) បញ្ជាក់ថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ជាអ្នករៀបចំ និងបញ្ជាផ្ទាល់ក្នុងការគប់គ្រាប់បែកនោះ។
កាលពីឆ្នាំ២០១៨ រតនាគារអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងមិនឲ្យលោក ហ៊ីង ប៊ុនហៀង ទៅរកស៊ីនៅសហរដ្ឋអាមេរិក ព្រោះលោកជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៃការបោកគ្រាប់បែកលើក្រុមអ្នកតវ៉ាអហិង្សាកាលពីឆ្នាំ១៩៩៧ និងអំពើរំលោភសិទ្ធិមនុស្សផ្សេងទៀត៕