34 C
Phnom Penh

អាមេរិក​បន្ថែម​ការ​គាំទ្រ​អ៊ុយក្រែន ខណៈ​ការ​ព្រមាន​មួយ​ថា​រុស្ស៊ី​អាច​នឹង​វាយ​អ៊ុយក្រែន​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ស្ដីពី​ស្ថានការណ៍​តានតឹង​នៅ​តាម​តំបន់​ព្រំដែន​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​នេះ លោក បៃដិន នៅតែ​បង្ហាញ​ការ​សន្យា​របស់​លោក​គាំទ្រ​រដ្ឋាភិបាល​អ៊ុយក្រែន ក្នុង​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន បាន​ឲ្យ​ដឹង​ថា លោក ចូ បៃដិន បាន​អះអាង​ឡើងវិញ​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​អ៊ុយក្រែន។ សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បង្ហាញ​ជំហរ​ថា​នៅតែ​គាំទ្រ​ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​អ៊ុយក្រែន តាម​កិច្ចចរចា​ថ្នាក់​ការទូត​ហៅថា Normandy ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤ រវាង​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយក្រែន។

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​ជឿ​ថា​រុស្ស៊ី​មាន​ផែនការ​វាយ​អ៊ុយក្រែន នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ។

មន្ត្រី​ការទូត​ជាន់ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មាន​ផែនការ​ប្រើ​កម្លាំង​យោធា​វាយប្រហារ​លើ​អ៊ុយក្រែន នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ ខាងមុខ​នេះ បើ​ទោះ​ជា​ទីក្រុង​មូស្គូ បដិសេធ​ការ​ចោទប្រកាន់​ដូចនេះ​ក្ដី។ អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman បាន​ធ្វើការ​កត់សម្គាល់​ដូចនេះ​នៅ​ក្នុង​វេទិកា​មួយ​កាលពី​ថ្ងៃ​ពុធ ទី​២៥ មករា។

អ្នកស្រី Wendy Sherman បាន​អះអាង​ថា មាន​ភស្តុតាង​ជាច្រើន​ដែល​អាច​បង្ហាញ​បាន​ថា​មេដឹកនាំ​រុស្ស៊ី អាច​នឹង​ប្រើ​កម្លាំង​យោធា​ចាប់ពី​ពេលនេះ​តទៅ ឬ​នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ ខាងមុខ។ បើ​តាម​អ្នកស្រី Wendy Sherman សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​តាម​យន្តការ​ការទូត តែ​អ្នកស្រី​ព្រមាន​ថា សហរដ្ឋ​អាមេរិក​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដែរ បើ​ស្ថានការណ៍​សង្គ្រាម​ផ្ទុះ​មែន​នោះ។

យ៉ាងណា ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ក៏​បាន​ស្វះស្វែង​រក​ច្រក​ចេញពី​ភាព​តានតឹង​នេះ​ដែរ។

កាលពី​ថ្ងៃ​ពុធ អ្នក​ការទូត​អ៊ុយក្រែន និង​រុស្ស៊ី បាន​បើក​កិច្ចប្រជុំ​ដោយ​ប្រើ​ពេល ៨​ម៉ោង ហើយ​ជំនួប​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ឃ្លាំមើល​បទ​ឈប់​បាញ់​មួយ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន រហូត​ដល់​កិច្ចប្រជុំ​ជា​ថ្មី​ទៀត​កើតឡើង​នៅ​ខែ​កុម្ភៈ ខាងមុខ។

បារាំង​ដែល​ជា​ម្ចាស់ផ្ទះ ចាត់ទុក​ជំនួប​នេះ​គឺជា​សញ្ញា​វិជ្ជមាន​ដំបូង​មួយ ខណៈ​ការ​បន្ត​បង្កើន​ចំនួន​កងទ័ព​ដល់​រាប់​សែន​នាក់ និង​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​ទៀត​នៅ​លើ​ទឹកដី​រុស្ស៊ី ក្បែរ​ព្រំដែន​អ៊ុយក្រែន។

ជំនួយការ​ម្នាក់​របស់​ប្រធានាធិបតី​បារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា កិច្ចពិភាក្សា​នេះ​ស្ថិត​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​នៃ​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន គឺ​ដុនបាស់ ដែល​បាន​អូស​បន្លាយ​ចាប់តាំង​ពី​ឆ្នាំ​២០១៤ មក។ ប៉ុន្តែ​មន្ត្រី​បារាំង​រូប​នេះ​បាន​បង្ហើប​ថា ដំណោះស្រាយ​គឺ​អាស្រ័យ​ទៅលើ​រុស្ស៊ី ថា​តើ​ចង់​ផ្តល់​សញ្ញា​វិជ្ជមាន ឬ​ក៏​អត់​នោះ ហើយ​ក្រោយ​កិច្ចពិភាក្សា​ដ៏​លំបាក ទីបំផុត​លទ្ធផល​បាន​ចេញ​មក​ជា​លក្ខណៈ​វិជ្ជមាន គឺ​ភាគី​បន្ត​ឃ្លាំមើល​បទ​ឈប់​បាញ់​មួយ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។

នេះ​ជា​លើកដំបូង​ហើយ​គិត​ចាប់តាំង​ពី​ឆ្នាំ​២០១៩ ដែល​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន យល់ព្រម​ចុះហត្ថលេខា​រួមគ្នា ដែល​បារាំង និង​អាល្លឺម៉ង់ ជា​សាក្សី​អំពី​ជម្លោះ​ចង់​ផ្តាច់​ទឹកដី​ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ធ្វើ​សកម្មភាព​យោធា​តាំងពី​ឆ្នាំ​២០១៤ ហើយ​សម្រាប់​ទីក្រុង​មូស្គូ ដែល​ចោទ​ថា​នៅ​ពី​ក្រោយ​ពួក​ឧទ្ទាម គឺជា​អ្នក​ធានា​កិច្ចព្រមព្រៀង​នេះ។ តែ​យ៉ាងណា ស្ថានការណ៍​យោធា​នៅ​តែ​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​នៅឡើយ ខណៈ​កងទ័ព​រុស្ស៊ី ជាង ១០​ម៉ឺន​នាក់​នៅតែ​បន្ត​ឡោមព័ទ្ធ​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស