30.4 C
Phnom Penh

បុរស​ខ្លាំង​នៅ​កម្ពុជា​ព្រមាន​ធ្វើ​សង្គ្រាម​ដើម្បី​ការពារ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ធ្វើ​សង្គ្រាម​ដើម្បី​ការពារ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា ដោយ​លោក​បញ្ជាក់​ថា ការ​អាក់ខាន​នៃ​ការ​ប្រារព្ធ​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ដោយសារ​បក្ស​កាន់​អំណាច​មិន​ចង់​ឱ្យ​ទិវា​ជ័យជម្នះ​របស់​ខ្លួន​ក្លាយ​ជា​ចំណុច​ដែល​នាំ​ឱ្យ​ផ្ទុះឡើង​នូវ​ជំងឺ Covid-19 ប៉ុណ្ណោះ។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី ៤​ទសវត្សរ៍ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា «គ្មាន​ពេល​ណា​ដែល​បក្ស​កាន់​អំណាច​ត្រូវ​បំភ្លេច​ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ របស់​ខ្លួន​នោះ​ទេ»។

មេដឹកនាំ​ខ្មែរ​ដែល​ប្តូរផ្តាច់​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន អះអាង​ថា បើ​បក្ស​កាន់​អំណាច​របស់​លោក​បោះបង់​ចោល​ថ្ងៃ​ជ័យជម្នះ ៧​មករា នោះ​មាន​ន័យ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះបង់​ចោល​នូវ​សមិទ្ធផល​របស់​ខ្លួន​កាលពី​អតីតកាល​ទាំងអស់ ដូច្នេះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​បោះបង់​ចោល​ថ្ងៃ​ជ័យជម្នះ​ដែល​ជា​គុណសម្បត្តិ​របស់​ខ្លួន​ជាដាច់ខាត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បក្ស​កាន់​អំណាច​ផ្អាក​រៀបចំ​ប្រារព្ធ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា រយៈពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា ដែល​ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​បាន​ងាក​ទៅ​ចិន ដើម្បី​ដក​ខ្លួន​ពី​ឥទ្ធិពល​របស់​វៀតណាម។

កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ មេដឹកនាំ​ខ្មែរ​ដែល​តែង​លើក​តម្កើង​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ លោក ហ៊ុន សែន បាន​អះអាង​ថា សម្រាប់​ឆ្នាំ​២០២២ គណបក្ស​កាន់​អំណាច​នឹង​មិន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​ថ្ងៃ​ជ័យជម្នះ ៧​មករា ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​រាល់​ឆ្នាំ​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា របស់​បក្ស​កាន់​អំណាច មិនមែន​ជា​ការ​ប្រកាស​ផ្អាក​ដោយសារ​ការ​រីក​រាលដាល​ជំងឺ Covid-19 ដូច​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​នេះ​កាលពី​ឆ្នាំ​២០២០ ឡើយ។ ប្រភព​ដដែល​អះអាង​ថា ការ​ផ្អាក​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧​មករា សម្រាប់​ឆ្នាំ​២០២២ នេះ ទំនង​ជា​លោក ហ៊ុន សែន កំពុង​ព្រមាន​រដ្ឋាភិបាល​វៀតណាម តាមរយៈ​នយោបាយ​ការទូត​របស់​ខ្លួន​ដែល​លោក ង្វៀន ស៊ុនហ្វុក (Nguyen Xuan Phuc) បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ចំពោះ​ការ​មិន​ជួយ​ពន្លឿន​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ។

ការ​ផ្អាក​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧​មករា ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ របស់​បក្ស​កាន់​អំណាច ត្រូវ​គេ​មើល​ឃើញ​ថា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២ ការ​ផ្អាក​នេះ​ស្រប​ពេល​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ២០​កុម្ភៈ ទៅ​ហើយ​នោះ ត្រូវ​អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​កំពុង​ព្យាយាម​ងាក​ចេញពី​ឥទ្ធិពល​របស់​វៀតណាម ដើម្បី​បំពេញ​បំណង​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​ជា​មិត្ត​ដែកថែប​របស់​ខ្លួន​នៅ​ពេលនេះ។

ជុំវិញ​ការ​ផ្អាក​ទិវា​ដ៏​សំខាន់​របស់​បក្ស​កាន់​អំណាច​ដែល​គេ​តែង​ប្រារព្ធ​ជាង ៤០​ឆ្នាំ​កន្លងមក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ផ្តើម​ចេញពី​ប្រភព​ជម្លោះ​ដណ្តើម​ផលប្រយោជន៍​រវាង​វៀតណាម និង​មហាអំណាច​ចិន លើ​តំបន់​ឆ្នេរ​រាម ដែល​ត្រូវ​គេ​លាតត្រដាង​នូវ​ភស្តុតាង​ជាហូរហែ​ដែល​ថា កម្ពុជា​បាន​ផ្តល់​ឆ្នេរ​រាម​ធ្វើជា​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​ឲ្យ​មហាអំណាច​ចិន ឈរ​ជើង ដែល​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ប្រទេស​វៀតណាម យ៉ាង​ធំធេង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស