បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ព្រមានធ្វើសង្គ្រាមដើម្បីការពារទិវាជ័យជម្នះថ្ងៃ ៧មករា ដោយលោកបញ្ជាក់ថា ការអាក់ខាននៃការប្រារព្ធរយៈពេល ៣ឆ្នាំចុងក្រោយនេះ គឺដោយសារបក្សកាន់អំណាចមិនចង់ឱ្យទិវាជ័យជម្នះរបស់ខ្លួនក្លាយជាចំណុចដែលនាំឱ្យផ្ទុះឡើងនូវជំងឺ Covid-19 ប៉ុណ្ណោះ។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រី ៤ទសវត្សរ៍ លោក ហ៊ុន សែន បានប្រតិកម្មក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នេះថា «គ្មានពេលណាដែលបក្សកាន់អំណាចត្រូវបំភ្លេចថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ របស់ខ្លួននោះទេ»។
មេដឹកនាំខ្មែរដែលប្តូរផ្តាច់កាន់អំណាចមួយជីវិត លោក ហ៊ុន សែន អះអាងថា បើបក្សកាន់អំណាចរបស់លោកបោះបង់ចោលថ្ងៃជ័យជម្នះ ៧មករា នោះមានន័យថាគណបក្សប្រជាជនកម្ពុជាបានបោះបង់ចោលនូវសមិទ្ធផលរបស់ខ្លួនកាលពីអតីតកាលទាំងអស់ ដូច្នេះសម្រាប់គណបក្សប្រជាជនកម្ពុជា នឹងមិនបោះបង់ចោលថ្ងៃជ័យជម្នះដែលជាគុណសម្បត្តិរបស់ខ្លួនជាដាច់ខាត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីបក្សកាន់អំណាចផ្អាករៀបចំប្រារព្ធទិវាជ័យជម្នះថ្ងៃ ៧មករា រយៈពេល ៣ឆ្នាំជាប់ៗគ្នា ដែលត្រូវគេមើលឃើញថា មេដឹកនាំបក្សកាន់អំណាចបានងាកទៅចិន ដើម្បីដកខ្លួនពីឥទ្ធិពលរបស់វៀតណាម។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ មេដឹកនាំខ្មែរដែលតែងលើកតម្កើងទិវាជ័យជម្នះថ្ងៃ ៧មករា ឆ្នាំ១៩៧៩ លោក ហ៊ុន សែន បានអះអាងថា សម្រាប់ឆ្នាំ២០២២ គណបក្សកាន់អំណាចនឹងមិនប្រារព្ធពិធីអបអរសាទរខួបថ្ងៃជ័យជម្នះ ៧មករា ដូចដែលខ្លួនធ្លាប់បានធ្វើរាល់ឆ្នាំនោះទេ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការប្រកាសផ្អាកប្រារព្ធទិវាជ័យជម្នះថ្ងៃ ៧មករា របស់បក្សកាន់អំណាច មិនមែនជាការប្រកាសផ្អាកដោយសារការរីករាលដាលជំងឺ Covid-19 ដូចដែលលោក ហ៊ុន សែន ធ្លាប់បានប្រកាសផ្អាកប្រារព្ធទិវានេះកាលពីឆ្នាំ២០២០ ឡើយ។ ប្រភពដដែលអះអាងថា ការផ្អាកប្រារព្ធទិវាជ័យជម្នះ ៧មករា សម្រាប់ឆ្នាំ២០២២ នេះ ទំនងជាលោក ហ៊ុន សែន កំពុងព្រមានរដ្ឋាភិបាលវៀតណាម តាមរយៈនយោបាយការទូតរបស់ខ្លួនដែលលោក ង្វៀន ស៊ុនហ្វុក (Nguyen Xuan Phuc) បានបង្ហាញការមិនពេញចិត្តលើការដឹកនាំរបស់លោក ហ៊ុន សែន ចំពោះការមិនជួយពន្លឿនភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃនេះ។
ការផ្អាកប្រារព្ធទិវាជ័យជម្នះ ៧មករា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ របស់បក្សកាន់អំណាច ត្រូវគេមើលឃើញថា ដោយសារការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែសម្រាប់ឆ្នាំ២០២២ ការផ្អាកនេះស្របពេលដែលលោក ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ទៅហើយនោះ ត្រូវអ្នកសង្កេតការណ៍លើកឡើងថា កម្ពុជាកំពុងព្យាយាមងាកចេញពីឥទ្ធិពលរបស់វៀតណាម ដើម្បីបំពេញបំណងមហាអំណាចកុម្មុយនីស្តចិន ដែលជាមិត្តដែកថែបរបស់ខ្លួននៅពេលនេះ។
ជុំវិញការផ្អាកទិវាដ៏សំខាន់របស់បក្សកាន់អំណាចដែលគេតែងប្រារព្ធជាង ៤០ឆ្នាំកន្លងមកនេះ ត្រូវគេមើលឃើញថា ផ្តើមចេញពីប្រភពជម្លោះដណ្តើមផលប្រយោជន៍រវាងវៀតណាម និងមហាអំណាចចិន លើតំបន់ឆ្នេររាម ដែលត្រូវគេលាតត្រដាងនូវភស្តុតាងជាហូរហែដែលថា កម្ពុជាបានផ្តល់ឆ្នេររាមធ្វើជាទីតាំងមូលដ្ឋានកងទ័ពជើងទឹកឲ្យមហាអំណាចចិន ឈរជើង ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ប្រទេសវៀតណាម យ៉ាងធំធេង៕