ចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) អំពាវនាវឱ្យតុលាការ និងរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទទាំងអស់លើអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ ដើម្បីបើកឱកាសឱ្យលោកអាចចូលរួមប្រកួតប្រជែងនយោបាយដោយស្មើមុខគ្នា ដោយសេរី និងយុត្តិធម៌លើទីលាននយោបាយនៅកម្ពុជា។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយទទូចឲ្យមេដឹកនាំបក្សកាន់អំណាចគួរតែទម្លាក់ចោលបទចោទទាំងអយុត្តិធម៌លើលោក គឹម សុខ ដើម្បីឱ្យលោកមានលទ្ធភាពពេញលេញស្របតាមច្បាប់ ដើម្បីប្រកួតប្រជែងទល់នឹងលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សកាន់អំណាច។
លោក ទូច វិបុល អះអាងថា ការធ្វើបែបនេះក៏ជាហេតុផលមួយដើម្បីជម្រះមន្ទិលពីសាធារណមតិជាតិ និងអន្តរជាតិផងដែរនូវមតិរិះគន់ដែលថាលោក ហ៊ុន សែន តែងតាំងកូនប្រុសខ្លួនឯងឱ្យឈរឈ្មោះជាបក្ខជននាយករដ្ឋមន្ត្រីបាន ប៉ុន្តែបែរជារឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋស្លូតត្រង់ដូចជាលោក គឹម សុខ ជាដើម មិនឱ្យចូលរួមកិច្ចការនយោបាយដើម្បីកសាងប្រទេសជាតិដែរនោះ។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យរូបនេះបញ្ជាក់ថា ពលរដ្ឋខ្មែរជាម្ចាស់ទឹកដីមានសិទ្ធិសេរីភាពពេញលេញស្របច្បាប់ក្នុងការចូលរួមកិច្ចការនយោបាយដែលធានា និងការពារដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដើម្បីចូលរួមកសាងប្រទេសជាតិរបស់ខ្លួន។
ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចប្រតិកម្មខ្លាំងៗដោយការប្រមាថមាក់ងាយធ្ងន់ៗលើក្រុមបញ្ញវន្តខ្មែរ ដែលកំពុងតស៊ូមតិយ៉ាងស្វិតស្វាញនៅក្រៅប្រទេស។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗដែលទំនងជាសំដៅទៅដល់អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ ដែលបានថ្លែងក្នុងកិច្ចពិភាក្សា Idea Talk កាលពីពេលថ្មីៗនេះថា ក្រុមរបស់លោក គឹម សុខ គឺជាក្រុមអត់ការងារធ្វើ បានជាប្រឹងវិភាគពីការដឹកនាំរបស់លោក សូម្បីតែលោកនាំកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទៅចូលគាល់ព្រះមហាក្សត្រក៏នាំគ្នាវិភាគទៅរួចដែរ។
បុរសខ្លាំងឧស្សាហ៍ប្រើកណ្ដាប់ដៃដែករូបនេះ បានស្នើដល់ក្រុមរបស់លោក គឹម សុខ ថាគួរតែនាំគ្នាខំរៀនឱ្យបានច្រើន ក្រែងលោថ្ងៃក្រោយអាចទៅចូលរួមធ្វើនយោបាយនៅកម្ពុជាវិញ។ លោក ហ៊ុន សែន ក៏ឆ្លៀតឌឺដងថា ដោយសារតែមានក្រុមដែលគ្មានសមត្ថភាពបែបនេះហើយ ទើបគណបក្សកាន់អំណាចរបស់លោកចេះតែឈ្នះឆ្នោតរហូតមកទល់ពេលនេះ ហើយក៏ជាសំណាងរបស់បក្សកាន់អំណាចទៅវិញ។
យ៉ាងណាក៏ដោយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣១ ខែមករា នេះថា លក្ខខណ្ឌងាយៗដើម្បីឱ្យដឹងច្បាស់ថា លោកមានសមត្ថភាព ឬមិនមានសមត្ថភាព លោក ហ៊ុន សែន គួរតែបើកផ្លូវឱ្យលោកអាចចូលទៅកម្ពុជានៅពេលនេះ ព្រោះថាលោកមិនខ្លាចនឹងចូលទៅក្នុងស្រុកដើម្បីប្រកួតប្រជែងដោយយុត្តិធម៌នោះឡើយ។
លោក គឹម សុខ បញ្ជាក់ថា ប្រសិនបើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទម្លាក់ចោលបទចោទទាំងអយុត្តិធម៌លើរូបលោកកន្លងមក លោកនឹងចូលទៅកម្ពុជាដើម្បីដឹកនាំពលរដ្ឋទាមទាររកយុត្តិធម៌សង្គមដែលកំពុងរងនូវភាពអយុត្តិធម៌ ក្រោមការដឹកនាំរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្តឹងលោក គឹម សុខ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាសាធារណៈពាក់ព័ន្ធករណីចោទថា «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការសម្លាប់មនុស្សល្បីៗ ហើយរកឃាតកពិតមិនឃើញ»។
ក្នុងករណីនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអ្នកវិភាគនយោបាយរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ។ ជាងនេះទៀត តុលាការបង្គាប់ឲ្យលោកបង់ប្រាក់ពិន័យចំនួន ៨លានរៀលចូលថវិកាជាតិ និងសំណងជំងឺចិត្តដល់លោក ហ៊ុន សែន ដែលជាដើមបណ្តឹងចំនួន ៨០០លានរៀល ឬប្រមាណជា ២០ម៉ឺនដុល្លារអាមេរិក។
ដោយមានការគំរាមកំហែងសុវត្ថិភាពពីរដ្ឋាភិបាលកម្ពុជាឥតស្រាកស្រាន្ត លោក គឹម សុខ បានភៀសខ្លួនទៅក្រៅប្រទេសកាលពីចុងឆ្នាំ២០១៨ ក្រោយពេលលោកចេញពីពន្ធនាគារវិញ និងបានទទួលសិទ្ធិជ្រកកោននៅប្រទេសហ្វាំងឡង់ ជាមួយកូនស្រីរបស់លោករហូតមកដល់ពេលបច្ចុប្បន្ននេះ៕