38 C
Phnom Penh

អាស៊ាន​មិន​អញ្ជើញ​របប​សឹក​ភូមា​ចូល​ប្រជុំ ប៉ុន្តែ​ប្ដេជ្ញា​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ជា​សមាជិក​អាស៊ាន​ឯកភាព​គ្នា​មិន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ភូមា (មីយ៉ាន់ម៉ា) ឱ្យ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ប៉ុន្តែ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​អូស​បន្លាយ​ទុក្ខវេទនា​របស់​ប្រជាជន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ឯកភាព​គ្នា​មិន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា ឱ្យ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ឡើយ ដោយសារតែ​មាន​វឌ្ឍនភាព​តិចតួច​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច ហើយ​សមាជិក​អាស៊ាន​បាន​ស្នើ​ឱ្យ​មីយ៉ាន់ម៉ា បញ្ជូន​អ្នក​តំណាង​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ​មក​ជំនួស​វិញ។

លោក​បាន​បន្ត​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​លើក​ទឹកចិត្ត​មីយ៉ាន់ម៉ា ឱ្យ​ជំនួស​ដោយ​ភាគី​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ ជាជាង​ទុក​កៅអី​ឱ្យ​នៅ​ទំនេរ ប៉ុន្តែ​វា​អាស្រ័យ​លើ​មីយ៉ាន់ម៉ា ក្នុង​ការ​សម្រេច​ចិត្ត​ថា អ្នក​តំណាង​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ​នោះ​ជា​នរណា។

កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន គឺជា​កិច្ចប្រជុំ​មួយ​ក្នុង​ចំណោម​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន​៤ ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ នេះ។

កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅតែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវឌ្ឍ​នានា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា រួម​ទាំង​របាយការណ៍​នៃ​ការ​បន្ត​កើតមាន​នូវ​អំពើ​ហិង្សា និង​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​មនុស្សធម៌ ជាដើម។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​បញ្ជាក់​ពី​ភាព​ប្រញាប់ប្រញាល់​នៃ​ការ​បញ្ចប់​អំពើ​ហិង្សា​ជាបន្ទាន់ និង​សម្រាប់​គ្រប់​ភាគី​ទាំងអស់​ក្នុង​ការ​ប្រកាន់​យក​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។

ប្រទេស​ភូមា ត្រូវ​ធានា​បាន​នូវ​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ប្រកប​ដោយ​សុវត្ថិភាព និង​ទាន់​ពេលវេលា​ទៅ​ដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​បំផុត ដោយ​ឈរ​លើ​មូលដ្ឋាន​មនុស្សធម៌ អព្យាក្រឹតភាព និង​ឯករាជ្យ។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​សូម​អះអាង​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន និង​ការ​ត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​ជួយ​ដល់​មីយ៉ាន់ម៉ា ស្រប​តាម​ឆន្ទៈ​នៃ​ប្រជាជន​មីយ៉ាន់ម៉ា ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច និង​ធម្មនុញ្ញ​អាស៊ាន គឺ​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​យូរអង្វែង​អាច​សម្រេច​ទៅ​បាន លុះត្រា​ណា​ដំណោះស្រាយ​នយោបាយ​នោះ​ប្រកប​ដោយ​ដំណោះស្រាយ​ដែល​មីយ៉ាន់ម៉ា​ធ្វើជា​ម្ចាស់ និង​ដឹកនាំ និង​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា កិច្ចការ​ទាំងនេះ​មាន​សារសំខាន់​ណាស់​សម្រាប់​គ្រប់​ភាគី​ទាំងអស់​ក្នុង​ការ​លើក​កម្ពស់​លក្ខខណ្ឌ​អំណោយផល​មួយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​នា​ពេល​បច្ចុប្បន្ន សម្រាប់​ប្រយោជន៍ និង​ទប់ស្កាត់​ការ​អូស​បន្លាយ​នៃ​ទុក្ខវេទនា​របស់​ប្រជាជន​មីយ៉ាន់ម៉ា។

ប្រភព​ដដែល​ថា ដើម្បី​សម្រេច​បំណង​នេះ ប្រទេស​ជា​សមាជិក​អាស៊ាន​សម្រេច​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា និង​ស្នើ​របប​ដឹកនាំ​ដោយ​យោធា​នេះ​ជួយ​សម្រួល​ដល់​បេសកកម្ម​នានា​នៃ​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន។

សេចក្តី​ថ្លែងការណ៍​ដដែល​ថា ការ​ជួយ​សម្រួល​នោះ​ដោយ​ចាប់ផ្ដើម​ជាមួយ​ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅ​កាន់​មីយ៉ាន់ម៉ា នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ ដើម្បី​ជួប​គ្រប់​ភាគី​ទាំងអស់​ឱ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច (5​PC) អាច​បោះ​ជំហាន​ទៅ​មុខ។

កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​ដែល​បាន​សម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១ ដែល​មាន​ទាំង​មេដឹកនាំ​យោធា​ភូមា​ផង​ដែរ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅលើ ៥​ចំណុច គឺ៖

  1. ការ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​រក្សា​ការ​អត់ធ្មត់​ខ្ពស់​បំផុត
  2. កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន
  3. ការ​ចាត់តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្របសម្រួល​ដំណើរការ​កិច្ច​សន្ទនា ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន
  4. ផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន
  5. និង​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

អ្នកវិភាគ​នយោបាយ បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្ពុជា​ហាក់​មិនសូវ​ចាប់អារម្មណ៍​ពី​បញ្ហា​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដូច​មុន​ទេ ដោយសារ​ក្រោយ​ពី​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​កម្ពុជា លោក ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​ជួប​មេដឹកនាំ​របប​សឹក លោក មីន អ៊ុងឡាំង កន្លងមក​រង​ការ​រិះគន់ និង​ស្ដីបន្ទោស​ពី​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន។

លោក​ថា ជា​យុទ្ធសាស្ត្រ កម្ពុជា​មិន​ព្យាយាម​ដោះស្រាយ​បញ្ហា​នៅ​ភូមា ដោយ​មាន​ការ​ផ្ដួចផ្ដើម​ជា​គំនិត​យុទ្ធសាស្ត្រ​អ្វី​ថ្មី​ទេ គឺ​ប្រហែល​ជា​យុទ្ធសាស្ត្រ​គប់​ដុំ​ថ្ម​ក្ដៅ​នេះ​បោះ​ឱ្យ​ឥណ្ឌូនេស៊ី ឆ្នាំ​២០២៣ ហើយ​កម្ពុជា​នឹង​វាយបក​ថា អ្វី​ដែល​កម្ពុជា​ខិតខំ​ប្រឹងប្រែង​កន្លងមក​ត្រូវ​បាន​គេ​ស្ដីបន្ទោស។ ឥឡូវ​ដល់​វេន​ម្ដង​ហើយ​ថា តើ​ឥណ្ឌូនេស៊ី នឹង​ដោះស្រាយ​បញ្ហា​ហ្នឹង​ដោយ​របៀប​ណា។

យោង​តាម​របាយការណ៍​ពី​សមាគម​ផ្តល់​ជំនួយ​ដល់​អ្នកទោស​នយោបាយ​មីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២២ មាន​ប្រជាជន​ជាង ១៥០០​នាក់ (១៥១០​នាក់) ដោយ​មាន​ទាំង​កុមារ​ផង ត្រូវ​បាន​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​យោធា​មីយ៉ាន់ម៉ា ខណៈ​ជាង ១​ម៉ឺន ១​ពាន់​នាក់ (១១៩៣៧​នាក់) កំពុង​ជាប់​ឃុំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស