28 C
Phnom Penh

អ្នកវិភាគ​ថា​លោក ចូ បៃដិន អញ្ជើញ​លោក ហ៊ុន សែន ចូលរួម​ប្រជុំ​គឺជា​រឿង​ធម្មតា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ខាង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​មួយ​រូប​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន អញ្ជើញ​បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេល​ខាងមុខ​នេះ ដោយសារតែ​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ឆ្នាំ​២០២២ ហើយ​កម្ពុជា​ក៏​មិន​ចង់​ឃើញ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​នឹង​ត្រូវ​ពន្យារ​ពេល​ផង​ដែរ។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា បណ្ឌិត អៀ សុផល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ឲ្យ​ដឹង​ថា គ្មាន​ហេតុផល​ណា​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន មិន​អញ្ជើញ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេល​ខាងមុខ​នេះ​ទេ។

លោក​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ឆ្នាំ​២០២២ ដូច្នេះ​អាមេរិក​ត្រូវតែ​អញ្ជើញ​កម្ពុជា​ឲ្យ​ចូលរួម ហើយ​នេះ​ក៏​ជា​ចំណុច​ល្អ​មួយ​ដែរ គឺ​កម្ពុជា​ពុំ​បាន​អញ្ជើញ​មេ​រដ្ឋប្រហារ​ភូមា​ឲ្យ​ចូលរួម​ប្រជុំ។ លោក​បន្ត​ថា ប្រសិនបើ​កម្ពុជា​បន្ត​ការទូត​របស់​ខ្លួន​បែប «ខូវប៊យ» នោះ នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ ហើយ​កិច្ចប្រជុំ​កំពូល​ពិសេស​នឹង​ត្រូវ​ពន្យារ​ពេល។

លោក​បាន​បន្ថែម​ទៀត​ថា តាម​ការ​កត់សម្គាល់​ឃើញ​ថា លោក ហ៊ុន សែន ពាក់​មួក​ដែល​មាន​ស្លាក​សញ្ញា​របស់​ចិន​នៅ​លើ​ក្បាល ដូច្នេះ​អាមេរិក​គួរតែ​ណែនាំ​កុំ​ឲ្យ​កើតឡើង​ទៀត។ លោក​ថា សហរដ្ឋ​អាមេរិក​គួរតែ​ណែនាំ​កម្ពុជា​ឱ្យ​កាន់តែ​ឯករាជ្យ​ពី​ចិន។

សាស្ត្រាចារ្យ​រូប​នេះ​បន្ថែម​ទៀត​ថា កម្ពុជា​គួរ​រៀន​ពី​អាមេរិក​អំពី​សិទ្ធិ​ការងារ គឺ​មនុស្ស​ម្នាក់ៗ​មាន​សេរីភាព​ក្នុង​ការ​រៀបចំ​ធ្វើ​កូដកម្ម ព្រោះ​ចំណុច​ទាំងនោះ​វា​ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់​រូប។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​កាត់បន្ថយ​ការ​ប្រើ​កលល្បិច​គាប​សង្កត់​បែប​នេះ។ លោក​អះអាង​ថា ការ​តវ៉ា​របស់​បុគ្គលិក​ណាហ្គា​វើលដ៍ (NAGA World) កំពុង​ត្រូវ​បាន​បញ្ឈប់​ដោយ​ឈរ​លើ​វិធានការ​សុខភាព Covid-19 នេះ​គ្រាន់តែ​ជា​ឱកាស​និយម​ប៉ុណ្ណោះ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់ផ្លូវ​ជាតិ​លេខ​៧ នា​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ បុរស​ខ្លាំង​កម្ពុជា​ថ្លែង​ថា លោក​បាន​ទទួល​លិខិត​ពី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​យូរ​ថ្ងៃ​មក​ហើយ គឺ​តាំងពី​ថ្ងៃ​ទី​១៤ ខែ​មករា មក​ម៉្លេះ ប៉ុន្តែ​លោក​មិន​ទម្លាយ​ដោយ​រង់ចាំ​ប្រតិកម្ម​របស់​ក្រុម​ប្រឆាំង ហើយ​លទ្ធផល​របស់​ក្រុម​ប្រឆាំង​ក៏​ចេញ​មក​មែន ដោយ​និយាយ​បំផ្លើស​ថា​សហរដ្ឋ​អាមេរិក​អាច​នឹង​លុបចោល​កិច្ចប្រជុំ​នេះ។

លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដែរ​ថា បញ្ហា​នៅ​មីយ៉ាន់ម៉ា (ភូមា) មិន​អាច​រក​ច្រក​ចេញ​រួច​ត្រឹម ១​ឆ្នាំ​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នេះ​ទេ។ លោក​សំអាង​ថា មកដល់​ពេលនេះ​សមាជិក​អាស៊ាន​ខ្លះ​នៅតែ​ប្រកាន់​ជំហរ​ទាត់ចោល​របប​សឹក​មួយ​នេះ​ចេញពី​កិច្ចប្រជុំ​អាស៊ាន​ដដែល។

កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា កន្លងទៅ​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​រូប​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា អាមេរិក​អាច​នឹង​ផ្អាក​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ក្នុង​ខែ​កុម្ភៈ នេះ ដោយសារ​សេតវិមាន​មិន​ផ្តល់​តម្លៃ​ដល់​មេដឹកនាំ​ឯក​បក្ស លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ពេលនេះ​ទេ។

ប្រភព​ដែល​បន្ត​ថា ការ​ផ្អាក​កិច្ចប្រជុំ​កំពូល​ដ៏​សំខាន់​នេះ ក៏​ដោយសារតែ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន មិន​ដែល​ផ្តល់​តម្លៃ​ដល់​សហរដ្ឋ​អាមេរិក និង​តែង​វាយប្រហារ​សហរដ្ឋ​អាមេរិក​រហូត​មក​ដូច្នោះ​ដែរ។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដដែល​អះអាង​ថា លោក ហ៊ុន សែន បាន​រៀបចំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ឱ្យ​ចូលរួម​កិច្ចប្រជុំ​នេះ​ប្រមាណ ៣០០​នាក់ ប៉ុន្តែ​ពួកគេ​នឹង​ខកចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ខាងមុខ​នេះ​ត្រូវ​បាន​ប្រកាស​លុបចោល ដោយសារតែ​មហាអំណាច​លោកសេរី​មិន​ស្វាគមន៍​មេដឹកនាំ​ខ្មែរ​ដែល​មាន​ប្រវត្តិ​អាក្រក់​បាតដៃ​ប្រឡាក់​ឈាម ក្រាញ​អំណាច​ត​ត្រកូល​ដូច​បុរស​ខ្លាំង លោក ហ៊ុន សែន រូប​នេះ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​បែប​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ទៅកាន់​ពិភពលោក​ថា សេតវិមាន​មិន​ស្វាគមន៍​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដែល​មាន​ប្រវត្តិ​មិន​ស្អាតស្អំ ហើយ​ប្រឡូកប្រឡាក់​ទៅ​ដោយ​អំពើ​ឧក្រិដ្ឋ និង​ជា​មេដឹកនាំ​ដែល​ជាន់​ឈ្លី​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ឃោរឃៅ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ជាដាច់ខាត។

អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​នៅ​លើ Facebook របស់​ខ្លួន​ថា លោក ចូ បៃដិន (Joe Biden) ប្រើ​តែ​ចុង​ប៉ាកកា​អាច​ប្រហារ​បេះដូង​លោក ហ៊ុន សែន។ លោក​ថា ពួក​អ្នក​ឃោសនា​របស់​លោក ហ៊ុន សែន មិន​ដឹង​សរសើរ​បែប​ណា​ខ្លះ​ទេ​ពេល​ឃើញ​លិខិត​របស់​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោក គឹម សុខ លើកឡើង​ទៀត​ថា លោក​គិត​ថា​នាយករដ្ឋមន្ត្រី​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន អាច​កំពុង​គ្រុនក្តៅ​ធំ តែ​យ៉ាងណា​លោក​មាន​មុខ​ធំ​ជាង​សមភាគី​រដ្ឋប្រហារ លោក មីន អ៊ុងឡាំង នៅ​ភូមា ពីព្រោះ​លោក មីន អ៊ុងឡាំង គ្រុន​នៅ​ចំពោះ​មុខ​អាស៊ាន រីឯ​លោក ហ៊ុន សែន អាច​គ្រុន​ចំពោះ​មុខ​សហរដ្ឋ​អាមេរិក​សម្រាប់​របស់​ដែល​ហៅថា «កិច្ច​សហប្រតិបត្តិការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific Region»

កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​អញ្ជើញ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្នាំ​២០២២ ឱ្យ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក។ លោក ចូ បៃដិន លើកឡើង​ក្នុង​លិខិត​នោះ​ថា ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក នឹង​កាន់តែ​រីកចម្រើន និង​បន្ត​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​រួម​ទាំងអស់​គ្នា​នៅ​ក្នុង​តំបន់។

លិខិត​របស់​លោក ចូ បៃដិន ដដែល​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​សម្រេច​របស់​អាស៊ាន ហើយ​គាំទ្រ​ឥត​ងាករេ​អំពី​អាស៊ាន​ជា​ស្នូល និង​ជា​បេះដូង​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស