32 C
Phnom Penh

លោក ស ខេង ស្នើ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​បរិយាកាស​ងាយស្រួល​ដល់​គ្រប់​គណបក្ស​ក្នុង​ការ​បើក​ស្នាក់ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្នើ​ឲ្យ​អភិបាល​រាជធានី-ខេត្ត​បង្ក​បរិយាកាស​នយោបាយ​ងាយស្រួល​ដល់​គ្រប់​គណបក្ស​ទាំងអស់ អាច​បើក​ទីស្នាក់ការ​គណបក្ស លើក​ស្លាក​សញ្ញា​គណបក្ស និង​ជួបជុំ​មន្ត្រី​គណបក្ស​ដែល​ស្ថិត​ក្នុង​ទីតាំង​ឯកជន មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ-សង្កាត់​ឡើយ ដើម្បី​បង្ក​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

សេចក្តី​ណែនាំ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​គណបក្ស​សាមី​ត្រូវ​ធ្វើ គឺ​គ្រាន់តែ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​អាជ្ញាធរ​ឃុំ-សង្កាត់​ប៉ុណ្ណោះ​អំពី​ការ​បើក​ទីស្នាក់ការ​របស់​គណបក្ស ការ​លើក​ស្លាក​សញ្ញា​គណបក្ស និង​ការ​ជួបជុំ​មន្ត្រី​គណបក្ស​ដែល​ស្ថិត​ក្នុង​លំនៅឋាន​ឯកជន ឬ​ទីតាំង​ឯកជន។

លិខិត​ដដែល​របស់​លោក ស ខេង បាន​បញ្ជាក់​ថា គណបក្ស​សាមី​ត្រូវ​ដាក់​សំណើ​ទៅ​អាជ្ញាធរ​ឃុំ-សង្កាត់​ឲ្យ​បាន ៣​ថ្ងៃ​មុន​ការ​លើក​ស្លាក​សញ្ញា​គណបក្ស និង​មុន​ការ​ជួបជុំ​មន្ត្រី​គណបក្ស​នៅ​តាម​ទីតាំង​សាធារណៈ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ធានា​ថា​មិន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​វិធានការ​សុខាភិបាល។

លិខិត​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ-សង្កាត់​ត្រូវ​ឆ្លើយតប​ក្នុង​រយៈពេល ១​ថ្ងៃ​បន្ទាប់ពី​ទទួល​បាន​សំណើ។ ក្នុង​ករណី​មិន​អាច​សម្រេច​បាន អាជ្ញាធរ​ឃុំ-សង្កាត់​ត្រូវ​ស្នើសុំ​យោបល់​ពី​អាជ្ញាធរ​ក្រុង-ស្រុក-ខណ្ឌ ឬ​រាជធានី-ខេត្ត រួច​អាជ្ញាធរ​ឃុំ-សង្កាត់​ត្រូវ​ឆ្លើយតប​នឹង​គណបក្ស​ដែល​ស្នើសុំ​នោះ​វិញ​ក្នុង​រយៈពេល​យ៉ាងតិច ១​ថ្ងៃ​មុន​សកម្មភាព​លើក​ស្លាក​សញ្ញា​គណបក្ស និង​មុន​សកម្មភាព​ជួបជុំ​មន្ត្រី​គណបក្ស​ក្នុង​ទី​សាធារណៈ។

លោក ស ខេង បាន​សរសេរ​ថា ការ​ចេញ​សេចក្តី​ណែនាំ​ខាងលើ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្ស​ឲ្យ​បាន​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លោក អ៊ូ ច័ន្ទរ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​សួរនាំ​ច្រើន ដូចជា​នៅ​ខេត្ត​កណ្តាល គឺ​អាជ្ញាធរ​មិនព្រម​ចេញ​លិខិត​ចេញ​ចូល បើ​ទោះបី​គណបក្ស​កែទម្រង់​កម្ពុជា បាន​ដាក់​លិខិត​ជូនដំណឹង​ដល់​អាជ្ញាធរ​ខេត្ត​រួច​ហើយ​ក្តី។ លោក​ថា មន្ត្រី​មូលដ្ឋាន​គួរតែ​ទទួល​បាន​ការ​អប់រំ និង​បម្រើ​សេវា​សាធារណៈ​ដ៏​ត្រឹមត្រូវ​មួយ​ដល់​មហាជន ដោយ​មិន​បម្រើ​តែ​និន្នាការ​គណបក្ស​របស់​ខ្លួន។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី គាំទ្រ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ធានា​បាន​នូវ​សេរីភាព និង​សុវត្ថិភាព​ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់។ លោក​មាន​ប្រសាសន៍ថា គ្រប់​គណបក្ស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ ហើយ​ធ្វើ​សកម្មភាព​លើក​ស្លាក​របស់​គណបក្ស គឺ​គ្រាន់តែ​ជូនដំណឹង​ទៅ​អាជ្ញាធរ​នោះ​គ្រប់គ្រាន់​ហើយ។

យោង​តាម​មាត្រា​៤ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​ចែង​ថា គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ស្មើៗ​គ្នា​ក្នុង​ការ​ទទួល​បុព្វសិទ្ធិ និង​ការ​យកចិត្ត​ទុកដាក់​ដោយ​ស្មើភាព​គ្នា​ពី​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់។ រីឯ​មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស