មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវជាភរិយាលោក ម៉ែន សុថាវរិន្ទ ជាមន្ត្រីបក្សប្រឆាំងដែលស្និទ្ធនឹងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដាក់ពាក្យទៅក្រសួងមហាផ្ទៃស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារ ដើមសប្តាហ៍នេះ។
អ្នកស្រី អ៊ុង សុវណ្ណា ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយច្បាប់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីសុំឱ្យក្រសួងមហាផ្ទៃផ្តល់នីតិសម្បទានយោបាយដល់អ្នកស្រីឱ្យបានពេញលេញឡើងវិញមុនកាលកំណត់។
ប្រភពដដែលអះអាងក្នុងលិខិតស្នើសុំនោះថា ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ អ្នកស្រីបានអនុវត្តយ៉ាងត្រឹមត្រូវតាមអំណាចសាលដីការបស់តុលាការកំពូល ដែលបានព្យួរសិទ្ធិនយោបាយរបស់អ្នកស្រីកាលពីឆ្នាំ២០១៧ កន្លងទៅ។ ដូច្នេះ អ្នកស្រីចង់ទទួលបាននូវសិទ្ធិធ្វើនយោបាយឡើងវិញមុនកាលកំណត់ ដើម្បីបានចូលរួមបម្រើសង្គម និងប្រទេសជាតិដូចពលរដ្ឋទូទៅដែរ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
ការដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ក្រុមប្រឆាំងភាគីលោក សម រង្ស៊ី នេះ ត្រូវគេមើលឃើញថា ដោយសារពួកគេបានរៀបចំសេណារីយ៉ូធ្វើសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដែលមានលោក សម រង្ស៊ី ជាអ្នកបញ្ជានៅពីក្រោយ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៨ កុម្ភៈ នេះថា ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អ្នកស្រី អ៊ុង សុវណ្ណា នៅពេលនេះ គ្មានជម្រើសណាក្រៅពីត្រឡប់ទៅចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដែលជាគណបក្សចាស់របស់ខ្លួនវិញនោះទេ។
លោក ហ៊ុន កុសល លើកឡើងថា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី ដើម្បីចូលធ្វើសកម្មភាពនយោបាយក្នុងគណបក្សភ្លើងទៀន ជាភស្តុតាងមួយបន្ថែមទៀតដែលបង្ហាញថា លោក សម រង្ស៊ី បានលើកទឹកចិត្តឲ្យមន្ត្រីបក្សប្រឆាំងភាគីរបស់គាត់បែកចេញពីគណបក្សសង្គ្រោះជាតិ ដែលជាទង្វើក្បត់ឆន្ទៈពលរដ្ឋដែលបានគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងធ្ងន់ធ្ងរ។
គិតត្រឹមដើមឆ្នាំ២០២២ នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន ២៩នាក់ហើយដែលបានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ខណៈមន្ត្រីមួយចំនួនទៀតក៏បាននាំគ្នាចេញទៅបង្កើតគណបក្សថ្មីដោយខ្លួនឯងផងដែរ។
ដោយឡែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី លី ស្រីវីណា ដែលជាភរិយាលោក យឹម សុវណ្ណ និងអតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំង អ្នកស្រី ថាក់ ឡានី បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ ក្នុងនោះអ្នកស្រី ថាក់ ឡានី ត្រូវបានរដ្ឋាភិបាលតែងតាំងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ៕