41.3 C
Phnom Penh

អង្គការ​ជាង​១០០ ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឆន ផល្លា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ លោក ឆន ផល្លា ដែល​សាលាដំបូង​ខេត្ត​រតនគិរី បាន​សម្រេច​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព សហគមន៍​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ចំនួន ១១៣​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្តូរ​បទ​ចោទ​លើ​លោក ឆន ផល្លា ពី​បទ «កាប់គាស់​រុករាន និង​ឈូស​ឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ» ទៅជា​បទ​ចោទ «កាប់​រាន​ដី​ព្រៃ ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​កាន់កាប់» បន្ទាប់ពី​តុលាការ​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ​នោះ។

ប្រភព​ដដែល​អះអាង​ថា ការ​ប្តូរ​បទ​ចោទ​នេះ បាន​បំពាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​លើ​លោក ឆន ផល្លា និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​ការពារ​ក្ដី​របស់​លោក​ផង​ដែរ ក្នុង​នោះ​តុលាការ​សម្រេច​សេចក្តី​ដាក់​ទោស​លោក ឆន ផល្លា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពី​បទ​ចោទ​ថ្មី​នេះ បើ​ទោះបីជា​មាន​សាក្សី​ជាច្រើន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​មិន​បាន​កាប់គាស់ រុករាន និង​ឈូស​ឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ដូច​ការ​ចោទប្រកាន់​នោះ​ក៏ដោយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទម្លាក់​ចោល​នូវ​បទ​ចោទប្រកាន់​លើ​លោក ឆន ផល្លា និង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ឥត​លក្ខខណ្ឌ។ ជាង​នេះ​ទៀត ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​ដាស់តឿន​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចងចាំ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ និង​ធានា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​សង្គម​ជាតិ។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ធ្វើឡើង​ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​សកម្មជន​ព្រៃឈើ​ដែល​កំពុង​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ លោក ឆន ផល្លា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៅ​ពេល​ដែល​លោក​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី និង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី អស់​រយៈពេល​ជាង ៤​ខែ​មក​ហើយ​គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី យ៉ាង​អយុត្តិធម៌​លើ​លោក ឆន ផល្លា បែប​នេះ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​អាជ្ញាធរ​ក្នុង​គោលបំណង​គំរាមកំហែង បំភិតបំភ័យ និង​បំបាក់​ស្មារតី​សកម្មជន​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ដែល​សកម្ម​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ នេះ​ថា ភាព​អយុត្តិធម៌ គឺ​ជា​ដើមចម​នាំ​ឱ្យ​សង្គម​ជាតិ​បំបែកបំបាក់​យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​នាំគ្នា​ដោះស្រាយ​លុបបំបាត់​ដើមហេតុ និង​ទប់ស្កាត់​ភាព​អយុត្តិធម៌​ទាំងនោះ​កុំ​ឱ្យ​រីក​ដុះដាល​បន្ត​ទៀត ដោយ​ចាប់ផ្តើម​ពី​ការ​ធានា​ឲ្យ​មាន​តុលាការ​ឯករាជ្យ ជាដើម បើ​មិន​ដូច្នោះ​ទេ សង្គម​ជាតិ​ទាំងមូល​នឹង​រលាយ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​អំពើ​អយុត្តិធម៌​ទាំងនេះ​ជាមិនខាន។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស