34.7 C
Phnom Penh

សហគមន៍​រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​២៥០​ករណី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឃុំ​ប្រមេរុ ខេត្ត​ព្រះវិហារ រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ជាង ២០០​ករណី (២៥០​ករណី) ក្នុង​រយៈពេល ៣​ថ្ងៃ ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ព្រះរការ ខេត្ត​ព្រះវិហារ ដោយ​គ្មាន​ការ​អើពើ​ពី​មន្ត្រី​ឧទ្យានុរក្ស និង​សមត្ថកិច្ច​ពាក់ព័ន្ធ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឃុំ​ប្រមេរុ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ បាន​ចុះ​ឃ្លាំមើល និង​ប្រមូល​ព័ត៌មាន​បទល្មើស​ព្រៃឈើ​រយៈពេល ៣​យប់ ៣​ថ្ងៃ ចាប់ពី​យប់​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ព្រះរការ ខេត្ត​ព្រះវិហារ និង​រក​ឃើញ​នូវ​បទល្មើស​កាប់​ឈើ​ចំនួន ២៥០​ករណី ក្នុង​នោះ ដើមឈើ​ជាច្រើន​ប្រភេទ​ត្រូវ​បាន​កាប់​ផ្ដួល និង​ដុត​បំផ្លាញ​ចោល។

ប្រភព​ដដែល​បន្ត​ថា បទល្មើស​ទាំងនោះ​រួម​មាន ការ​កាប់​បំផ្លាញ​ដើមឈើ​ទាល ឬ​ដើម​យាង ដើម​ត្រាច ដើម​គគីរ ដើម​ផ្ចឹក ដើម​កកោះ ដើម​សុក្រំ ដើម​ពពេល ដើម​ស្ទៀង ដើម​ផ្ដៀក ដើម​ស្ពង់ និង​ដើម​ត្រសេក ជាដើម ដែល​មាន​មុខកាត់​ចាប់ពី ៣៥​សង់ទីម៉ែត្រ​រហូត​ដល់ ២២០​សង់ទីម៉ែត្រ។ លើស​ពី​នេះ​ទៀត ពួកគេ​ក៏​បាន​រក​ឃើញ​ប្រភេទ​ឈើ​គ្រឿងសំណង់​ផ្ទះ​ចំនួន ២១១​សន្លឹក ឈើ​តាប់ ១៣៥​សន្លឹក រួម​ទាំង​ប្រមូល​បាន​ឧបករណ៍​កាប់​បំផ្លាញ​ព្រៃឈើ​មួយ​ចំនួន​ផង​ដែរ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ អះអាង​ថា ពួកគេ​បាន​ជួប​មនុស្ស​មួយ​ចំនួន​នៅ​កន្លែង​ឈើ​ទាំងនោះ និង​សង្ស័យ​ថា​ជា​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ដែល​មាន​គ្នីគ្នា​ចំនួន ២៤​នាក់ ដែល​ពួកគេ​ឆ្លើយ​ថា​មកពី​ខេត្ត​តាកែវ ខេត្ត​សៀមរាប និង​ខេត្ត​កំពត រួម​ជាមួយ​ឧបករណ៍​ជួសជុល​ម៉ាស៊ីន​អារ​ឈើ ២​ឈុត ប្រេង​ខ្មៅ​ចំណុះ​ប្រមាណ ៨០​លីត្រ សាំង ៤​កាន​ស្មើ​នឹង ១២០​លីត្រ កាំបិត ខ្វែវ ពូថៅ ឧបករណ៍​សម្រាប់​ដូយ រណា​យន្ត​ចំនួន ៥​គ្រឿង​ជាមួយ​នឹង​ផ្លែ​រណា​យន្ត​ចំនួន ៦ និង​ច្រវាក់ ៩​ខ្សែ រួម​ទាំង​គោយន្ត​ដឹកឈើ​ចេញ​ចំនួន ២​គ្រឿង​ថែម​ទៀត។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឃុំ​ប្រមេរុ បញ្ជាក់​ថា មនុស្ស​ដែល​សហគមន៍​បាន​ជួប​ប្រទះ​ក្នុង​ព្រៃ​ភាគច្រើន​ឆ្លើយ​ថា ពួកគេ​ស៊ីឈ្នួល​កាប់​ឈើ​ឱ្យ​ថៅកែ ធី និង​ថៅកែ ឌី ដែល​ត្រូវ​ជា​កូន​ថៅកែ ធី ក្នុង​នោះ​សហគមន៍​ក៏​បាន​ជួប​មនុស្ស​ម្នាក់​ដែល​សង្ស័យ​ថា​ជា​ថៅកែ​ឈើ​ផង​ដែរ ព្រោះ​បុគ្គល​នោះ​មាន​ថ្នាំ​ពណ៌​ចំនួន ៤​កំប៉ុង​នៅ​ជាប់​ខ្លួន​នៅ​ចំណុច​ដំណាក់​ច្បោះ​ពួរ៉ាត ដែល​ថ្នាំ​ពណ៌​ទាំងនេះ​គេ​ប្រើ​សម្រាប់​បាញ់​តាម​ដើមឈើ ដើម្បី​សម្គាល់​លេខ និង​ចំនួន​ដើមឈើ​ដែល​ត្រូវ​កាត់។

ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ត្រូវ​ក្រសួង​បរិស្ថាន​ដាក់​បញ្ចូល​ជា​ព្រៃ​អភិរក្ស​កាលពី​ឆ្នាំ​២០១៦ មាន​ទំហំ ៩​ម៉ឺន ៦​ពាន់​ហិកតារ (៩៦០០០​ហិកតា) នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ក្នុង​ខេត្ត​ព្រះវិហារ។

កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២៣ ក្រោយ​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ចូល​កាន់​តំណែង​ក្រសួង​បរិស្ថាន លោក​បាន​ប្រកាស​ដាក់​ចេញ​វិធានការ​ចំនួន​៤ ដើម្បី​ទប់ស្កាត់ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​បាន ១០០​ភាគរយ ដែល​ត្រូវ​អនុវត្ត​ច្បាប់​មិន​លើកលែង​ឲ្យ​ជនល្មើស​ទៀត​នោះ​ទេ និង​ជំរុញ​ឲ្យ​ការ​ដាំដុះ​គម្រប​ព្រៃឈើ​ឡើងវិញ​ឲ្យ​បាន ៦០% ដល់​ឆ្នាំ​២០៥០ ផង​ដែរ។

លើស​ពី​នេះ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​បរិស្ថាន នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត ក៏​បាន​ចេញ​បទបញ្ជា​ឱ្យ​លោក សៅ សុខា ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ក្រសួង​ពាក់ព័ន្ធ ត្រូវ​រួម​គ្នា​អនុវត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ដែរ។

យ៉ាងណាមិញ សកម្មជន​បរិស្ថាន និង​ក្រុម​អង្គការ​ជាតិ​និង​អន្តរជាតិ នៅតែ​មើល​ឃើញ​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​នៅតែ​មិន​មាន​ប្រសិទ្ធភាព។ ផ្ទុយទៅវិញ បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើន​ឡើង​ជា​ទ្រង់ទ្រាយ​ធំ ហើយ​អ្នក​ប្រព្រឹត្ត​ទាំងនោះ​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ហ៊ុន ម៉ាណែត តែម្ដង។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ កូពែនហេហ្គែន (Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) ធ្លាប់​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១៤​ម៉ឺន​ហិកតា (១៤៤០០០​ហិកតា) កាលពី​ឆ្នាំ​២០២០ ក្នុង​នោះ ការ​បាត់បង់​គម្រប​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ បាន​កើន​ឡើង ២២% ព្រៃ​ព្រះរការ កើន​ឡើង ៤៣% និង​ដែន​ជម្រក​សត្វព្រៃ​សង្ឃរុក្ខាវ័ន្ត ចំនួន ៤៧% ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស