41.3 C
Phnom Penh

ក្រុម​សង្កេតការណ៍​ថា​មេដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​ជា​មេដឹកនាំ​ដែល​មាន​សារជាតិ​កុម្មុយនីស្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​កម្ពុជា​អះអាង​ថា មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មាន​សារជាតិ​ជា​មនុស្ស​កុម្មុយនីស្ត ដូច្នេះ​ហើយ​ទើប​លោក​មិន​អាច​ដោះស្រាយ​វិបត្តិ និង​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន។

អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺ​បរាជ័យ​គ្រប់​ផែនការ​ទាំងអស់ ហើយ​ផែនការ​ដែល​បរាជ័យ​ធំ​បំផុត​របស់​លោក ហ៊ុន សែន គឺ​ការ​មិន​អាច​បញ្ឈប់​ការ​ជិះជាន់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្លួនឯង​បាន។

លោក សុខ សុគន្ធ រិះគន់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​រាប់​សិប​នាក់ ប៉ុន្តែ​លោក​គ្រាន់តែ​ជា​មេដឹកនាំ​ដែល​មាន​គំនិត​ខ្លី គ្មាន​សមត្ថភាព និង​បាន​ត្រឹមតែ​ឈ្លោះ​ជាមួយ​ពលរដ្ឋ​ខ្លួនឯង ដូចជា​ឈ្លោះ​ជាមួយ​ក្រុម​អ្នកវិភាគ ឈ្លោះ​ជាមួយ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម ជាដើម។

អ្នក​សង្កេតការណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា បើ​ទោះបីជា​លោក ហ៊ុន សែន ដឹកនាំ​មិន​ត្រឹមត្រូវ ឬ​គ្មាន​សមត្ថភាព​ដឹកនាំ​ឱ្យ​បាន​ល្អ​ក៏ដោយ ក៏​លោក​នៅតែ​គាំទ្រ​លោក ហ៊ុន សែន ដែរ ព្រោះ​ថា​មនុស្ស​តែង​មាន​កំហុស ប៉ុន្តែ​សំខាន់​នោះ គឺ​លោក​មាន​បំណង​ជួយ​លោក ហ៊ុន សែន ដែល​មាន​រហស្សនាម​ថា​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​ឲ្យ​ចេះ​កែ​កំហុស​របស់​ខ្លួន។

ចំណែក​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ថា គ្មាន​នរណា​អាច​កែប្រែ​លោក ហ៊ុន សែន បាន​ទេ ព្រោះ​គាត់​គឺ​ជា​មេដឹកនាំ​ដែល​មាន​អត្តចរិត​ចូលចិត្ត​ប្រើ​អំណាច​បំពាន​លើ​អ្នក​ដទៃ ទោះបី​គាត់​ដឹង​ថា​ទង្វើ​ដែល​គាត់​ធ្វើ​នោះ​មិន​ត្រឹមត្រូវ​ក៏ដោយ។

លោក គឹម សុខ រិះគន់​ថា សកម្មភាព​ទុច្ចរិត​ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​កន្លងមក គឺជា​ផែនការ​ដែល​គាត់​បាន​រៀបចំ​ទាំងអស់ ដូចជា​ការ​បំពាន​លើ​អំណាច និង​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ ជាដើម មិនមែន​លោក ហ៊ុន សែន មិន​ដឹង ឬ​មិន​យល់​នោះ​ទេ ហើយ​ទង្វើ​បែប​នេះ​គឺជា​ការ​ប្រឆាំង​ទៅ​នឹង​ព្រះមហាក្សត្រ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ការ​ដឹកនាំ​នយោបាយ​របស់​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន សព្វថ្ងៃ​នេះ មាន​តែ​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ជាតិ និង​បង្កើត​ភាព​សម្អប់​កាន់តែ​ខ្លាំង​ពី​បណ្តា​ប្រទេស​ជា​មិត្ត​តែប៉ុណ្ណោះ ព្រោះ​ថា​ការ​ដឹកនាំ​ដែល​រំលោភ​ច្បាប់ រំលោភ​ព្រះមហាក្សត្រ រំលោភ​សិទ្ធិពលរដ្ឋ និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ពី​សំណាក់​រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់​បច្ចុប្បន្ន​នេះ ទទួល​បាន​ផល​ការ​ដាក់​ទណ្ឌកម្ម ការ​ថ្កោលទោស និង​ការ​ព្រមាន​ពី​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា​ជា​មេដឹកនាំ​ខ្មែរ​ដែល​មាន​កម្រិត​វប្បធម៌​ទាប ដែល​ប្រកាន់​របៀប​ដឹកនាំ​ដូចគ្នា​ទៅ​នឹង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយ​ការ​ដឹកនាំ​របស់​លោក​រយៈពេល ៤​ទសវត្ស​មកនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ភាព​ជា​មេដឹកនាំ​របស់​លោក​លេចធ្លោ​តែ​ខាង​បំបែកបំបាក់​ជាតិ​ឯង រំលោភ​ច្បាប់ រំលោភ​ព្រះមហាក្សត្រ និង​ក្រាញ​អំណាច​បន្ត​ត្រកូល​របស់​ខ្លួន​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស