ជនស៊ីវិលស្លាប់ជាច្រើនរយនាក់តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បញ្ជាឱ្យមានការបើកប្រតិបត្តិការសឹកវាយលុកលើប្រទេសអ៊ុយក្រែននៅភាគខាងកើតប្រទេស។ តែទីបំផុត បានរុញឱ្យសង្គ្រាមផ្ទុះពាសពេញប្រទេសអ៊ុយក្រែន នៅពេលដែលកងទ័ពអ៊ុយក្រែន បាញ់ទម្លាក់យន្តហោះចម្បាំង ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងរបស់រុស្ស៊ីនៅតំបន់ Donbass ជាតំបន់ដែលរុស្ស៊ីបើកទ្វារធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។
សារព័ត៌មាននៃគេហទំព័រ UNILAD ដែលបានស្រង់ព័ត៌មានបន្តពីបណ្ដាញផ្សាយព័ត៌មាន CNN បានចុះផ្សាយថា នៅម៉ោងទៀបភ្លឺ គឺម៉ោងនៅប្រទេសអ៊ុយក្រែន គេសង្កេតឃើញកងទ័ពរុស្ស៊ីទ្រង់ទ្រាយធំដែលមានទ័ពថ្មើរជើងអមដោយរថក្រោះរាប់សិបគ្រឿង បានធ្វើការបាញ់ផ្លោងទៅលើទីតាំងរបស់កងទ័ពអ៊ុយក្រែនស្ថិតនៅតំបន់ដុនបាស។
ការវាយប្រយុទ្ធគ្នារវាងទ័ពរុស្ស៊ី និងអ៊ុយក្រែនមានសភាពខ្លាំងក្លា រហូតរុស្ស៊ី ប្រើប្រាស់ទ័ពអាកាស ហើយទ័ពអាកាសរបស់រុស្ស៊ីត្រូវបានរាយការណ៍មកថាបានបើកអន្តរាគមន៍ជួយគាំទ្រទ័ពរថក្រោះដែលកំពុងវាយបកធ្ងន់ធ្ងរពីសំណាក់កងទ័ពអ៊ុយក្រែន ដែលទីបំផុត យន្តហោះចម្បាំង ៥គ្រឿងរួមនឹងឧទ្ធម្ភាគចក្រមួយគ្រឿងរបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់ដោយកងទ័ពអ៊ុយក្រែន គឺនៅតំបន់ដុនបាស។ នេះបើតាមការអះអាងរបស់មេទ័ពរបស់អ៊ុយក្រែន ដែលស្រង់មកចុះផ្សាយដោយសារព័ត៌មាននៃគេហទំព័រ UNILAD។
បើតាមសារព័ត៌មាន The Week ឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ីដែលត្រូវកងទ័ពអ៊ុយក្រែនបាញ់ទម្លាក់មានរហូតដល់ទៅ ៨គ្រឿង ហើយកងទ័ពរុស្ស៊ីស្លាប់ ៥០នាក់។ ចំណែកកងទ័ពអ៊ុយក្រែន ស្លាប់ ៤០នាក់។ តាមដំណឹងមកថា នៅរដ្ឋធានីគៀវ និងទីក្រុងធំរបស់អ៊ុយក្រែន ក៏រងការបាញ់ប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីដែរ។
ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសរុស្ស៊ី RT បានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ដោយបានចេញផ្សាយវីដេអូមួយបង្ហាញពីហេតុការណ៍ផ្ទុះដ៏សម្បើម ដែលទំនងជាការផ្ទុះឃ្លាំងអាវុធមួយនៅភាគកណ្ដាលប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី អះអាងថាកងទ័ពរបស់រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ តែចំពោះដំណឹងអំពីការធ្លាក់យន្តហោះរបស់រុស្ស៊ីវិញ ក្រសួងការពារជាតិប្រទេសមហាអំណាចនេះបានច្រានចោលនូវការផ្សាយដូចនេះ។
ក្រោយទទួលបានការគាំទ្រពីសមាជិកសភា ទីបំផុតប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសដាក់ចេញនូវប្រតិបត្តិការយោធាទៅកាន់តំបន់ Donbass ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរ គឺ Donetsk និង Luhansk ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យពីអ៊ុយក្រែន។ ការប្រកាសរបស់លោក ពូទីន ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍។
នៅមុនការបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលទៅកាន់តំបន់ Donbass គឺប្រទេសអ៊ុយក្រែនទាំងមូលក៏បានប្រកាសដាក់ខ្លួនឯងទៅក្នុងគ្រាអាសន្នផងដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ព្រមានថា ការឈ្លានពានរបស់រុស្ស៊ី អាចជាការចាប់ផ្តើមនៃសង្គ្រាមដ៏ធំមួយនៅទ្វីបអឺរ៉ុប។
ចំណែកលោក ពូទីន បែរជាបញ្ជាក់ពីជំហររបស់ខ្លួនថា លោកមិនចង់ក្ដោបយកប្រទេសអតីតសហភាពសូវៀត ហើយបង្កើតជាចក្រភពរុស្ស៊ីឡើងវិញនោះឡើយ។ លោកអះអាងថា ការព្យាករថា រុស្ស៊ីមានគម្រោងស្ដារអាណាចក្ររបស់ខ្លួនឡើងវិញតាមព្រំដែន មិនស្របនឹងការពិតនោះឡើយ។ លោកពន្យល់ថា លោកទទួលស្គាល់ការពិតនៃភូមិសាស្ត្រនយោបាយថ្មីបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត តែយ៉ាងណាលោកថា អ៊ុយក្រែនជាករណីលើកលែង ដោយសារប្រទេសមួយនេះត្រូវបានប្រទេសដទៃប្រើប្រាស់ជាឧបករណ៍របស់ខ្លួន ដើម្បីគំរាមរុស្ស៊ី ដែលលោកថាលោកមិនអាចអត់ឱនបានឡើយ។ ចំណែកអង្គការយោធាណាតូ (NATO) បានប្រកាសបើកកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធនឹងប្រតិបត្តិការរបស់កងទ័ពរុស្ស៊ីនៅអ៊ុយក្រែន។ អង្គការ NATO ត្រូវបានគេរាយការណ៍ថានឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី២៤ កុម្ភៈ នេះពាក់ព័ន្ធនឹងប្រតិបត្តិការកងទ័ពរបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលកំពុងទទួលរងការថ្កោលទោសពីសំណាក់បណ្ដាប្រទេសលោកខាងលិច។
ប្រទេសឡេតូនី ដែលជាសមាជិករបស់អង្គការ NATO គឺនាយករដ្ឋមន្ត្រី Krisjanis Karins បានអំពាវនាវឱ្យពិនិត្យឡើងវិញមាត្រា៤ នៃលក្ខន្តិកៈរបស់ NATO ខណៈលោកថ្កោលទោសប្រតិបត្តិការរបស់កងទ័ពរុស្ស៊ី។ លោក Karins បានហៅសកម្មភាពកងទ័ពរុស្ស៊ីថាជាការឈ្លានពានទៅលើអធិបតេយ្យភាពរបស់អ៊ុយក្រែន។ លោកទទូចឱ្យលោក ពូទីន បញ្ឈប់សង្គ្រាមជាបន្ទាន់។
តាមមាត្រា៥ នៃលក្ខន្តិកៈរបស់ NATO គឺការការពារពីការវាយប្រហារណាមួយលើសមាជិក NATO គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវឱ្យចាត់វិធានការឆ្លើយតប ប៉ុន្តែអ៊ុយក្រែនមិនមែនជាសមាជិក NATO នោះទេ។ ចំណែកឯមាត្រា៤ គឺស្នើសុំការពិគ្រោះយោបល់នៅពេលរដ្ឋជាសមាជិកណាមួយរងការគំរាមកំហែងលើបូរណភាពទឹកដីពីសំណាក់ប្រទេសណាមួយ។
នៅមុនរុស្ស៊ីលើកទ័ពវាយប្រហារអ៊ុយក្រែន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជូនសំណើទៅឱ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដោយស្នើកុំបើកការវាយប្រហារលើអ៊ុយក្រែន។ សំណើរបស់លោក Guterres ធ្វើតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
តាមដំណឹងមកថា ប្រជាជនអ៊ុយក្រែន នៅក្នុងរដ្ឋធានីគៀវ បាននាំគ្នាសម្រុកចេញពីរដ្ឋធានីមួយនេះ ដោយសារតែការភ័យខ្លាចពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ។ ប្រជាជនរាប់ម៉ឺននាក់បាននាំគ្នាចាកចេញពីរដ្ឋធានីគៀវ ដោយខ្លះជិះរថយន្តផ្ទាល់ខ្លួន និងខ្លះទៀតប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ស្ថានីយរថភ្លើងក្រោមដី និងរថយន្តក្រុង។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy បានអំពាវនាវឱ្យប្រជាជនងើបឡើងកាន់អាវុធគ្រប់ៗគ្នាដើម្បីប្រឆាំងអ្នកឈ្លានពាន។ លោកប្រាប់ជនរួមជាតិរបស់លោកថា ពេលវេលានៃការរង់ចាំសន្តិភាពដែលទម្លាក់មកឱ្យអ៊ុយក្រែនពីប្រទេសរុស្ស៊ី គឺអស់ហើយនៅពេលនេះ។ លោកទទូចថា ជនរួមជាតិត្រូវមានឧត្តមគតិជាតិ គឺត្រូវកាន់អាវុធការពារទឹកដីរបស់យើង។ លោកថាយើងកាន់អាវុធមិនមែនយើងបង្កសង្គ្រាមនោះទេ តែយើងកាន់អាវុធដើម្បីពន្លត់សង្គ្រាម។
ដោយឡែកពីទីក្រុងមូស្គូវិញ សមាជិកសភាមកពីបក្សប្រឆាំង បានរួមកម្លាំងគ្នាថ្កោលទោសលោក ពូទីន។
លិខិតចំហមួយមានចុះហត្ថលេខាអ្នកតំណាងរាស្ត្រ ១៥០នាក់ បានហៅលោក ពូទីន ជាអ្នកបង្កសង្គ្រាម និងជាអ្នកបង្កមហន្តរាយដល់ជាតិរបស់ខ្លួនឯង និងបំផ្លាញសេចក្ដីសុខប្រទេសប្រជាធិបតេយ្យជិតខាង៕