27 C
Phnom Penh

លោក ស ខេង ហាម​មន្ត្រី​រាជការ​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​ធ្វើ​សកម្មភាព​បក្ស​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ហាម​មន្ត្រី​រាជការ​ស៊ីវិល​យក​ម៉ោង​បម្រើ​ការងារ​រដ្ឋ សម្ភារៈ ទីកន្លែង និង​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ ទៅ​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ។

លោក ស ខេង បាន​ចេញ​លិខិត​ណែនាំ​មួយ​ចុះ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ផ្ញើ​ជូន​ទៅកាន់​អភិបាល​រាជធានី-ខេត្ត ស្ដីពី​ការ​សុំ​ច្បាប់​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ​ស៊ីវិល និង​ការ​សុំ​ច្បាប់​ឈប់​ពិសេស​របស់​មន្ត្រី​រាជការ​ស៊ីវិល ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថា ចំពោះ​មន្ត្រី​រាជការ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ មន្ត្រី​រាជការ​នោះ​ត្រូវ​ដាក់​ពាក្យ​សុំ​ឈប់​ពិសេស​ឲ្យ​បាន​យ៉ាងតិច​មុន ៧​ថ្ងៃ​នៃ​ការ​មក​ដល់​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

លិខិត​ដដែល​ថា ក្នុង​រយៈពេល​ឃោសនា​បោះឆ្នោត មន្ត្រី​រាជការ​ស៊ីវិល និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

លិខិត​ដដែល​អះអាង​ថា មន្ត្រី​រាជការ​ស៊ីវិល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថវិកា សម្ភារៈ ទីកន្លែង និង​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ មន្ត្រី​រាជការ​ស៊ីវិល​ទាំងអស់ ត្រូវ​មាន​អព្យាក្រឹត្យ​ក្នុង​សកម្មភាព​ការងារ ស្រប​តាម​ច្បាប់​ស្ដីពី​ការ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។

អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា ក្រសួង​មហាផ្ទៃ​គួរ​តាមដាន​ការ​អនុវត្ត​ជាក់ស្តែង​នៃ​មន្ត្រី​រាជការ​ទូទៅ ដើម្បី​ឲ្យ​វិធានការ​របស់​ក្រសួង​មាន​សមត្ថកិច្ច​មួយ​នេះ​ធ្វើឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​ប្រសិនបើ​រក​ឃើញ​មន្ត្រី​ណា​មួយ​បំពាន​នឹង​បម្រាម​នេះ ត្រូវ​ដាក់​ពិន័យ​ឲ្យ​ច្បាស់លាស់។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន កន្លងមក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នា​ខែ​មិថុនា ខាងមុខ មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច​ដែរ ទោះបីជា​យុទ្ធការ​បោះឆ្នោត​មិនទាន់​មក​ដល់​ក៏​ពិតមែន។

លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា បក្ស​នយោបាយ​នីមួយៗ​ត្រូវ​ទទួល​បាន​ឱកាស​សម្រាប់​ការ​ជួបជុំ​ជាមួយ​សមាជិក ក៏ដូចជា​ពលរដ្ឋ និង​លើក​ស្លាក​គណបក្ស​ដោយ​គ្មាន​ការ​រំខាន ឬ​ការ​គំរាមកំហែង​ណា​មួយ​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ត្រូវ​ធានា​ថា ការ​បោះឆ្នោត​ខាងមុខ​នេះ​មិន​មាន​អំពើ​ហិង្សា ឬ​ជម្លោះ​ណា​មួយ​កើតឡើង។

ការ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២២។ រំលង ១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល​ជា​អាណត្តិ​ថ្មី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស