29 C
Phnom Penh

មេដឹកនាំ​កម្ពុជា​និង​អ្នក​តាមដាន​សង្គម​ថា​ពលរដ្ឋ​អ៊ុយក្រែន​នឹង​តស៊ូ​ប្រឆាំង​រុស្ស៊ី​ដើម្បី​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា បើ​ទោះបីជា​កងទ័ព​រុស្ស៊ី ចូល​កាន់កាប់​ប្រទេស​អ៊ុយក្រែន​ទាំងមូល ហើយ​ប្រធានាធិបតី​ត្រូវ​បាន​សម្លាប់ ឬ​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ ក៏​ប្រជាជន​អ៊ុយក្រែន​នឹង​មិន​សុខចិត្ត​នៅ​ស្ងៀម​ជាដាច់ខាត ពួកគេ​អាច​នឹង​ក្រោក​ឡើង​តស៊ូ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី ដើម្បី​ការពារ​ប្រទេស​ជាតិ​របស់​ពួកគេ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា កងទ័ព​រុស្ស៊ី មិន​អាច​ផ្ដួល​រំលំ​អ៊ុយក្រែន​ដោយ​ប្រើ​កម្លាំង​យោធា​បាន​ទេ ចំណែក​អ៊ុយក្រែន​ក៏​មិន​អាច​កម្ទេច​កម្លាំង​យោធា​របស់​រុស្ស៊ី​បាន​ដែរ ព្រោះ​ថា​ប្រទេស​ទាំង​ពីរ​មិន​អាច​បញ្ចប់​សង្គ្រាម​ដោយ​ការ​ធ្វើ​សង្គ្រាម​បាន​ឡើយ លុះ​ណា​មាន​ការ​ចរចា​គ្នា​ដោយ​សន្តិវិធី។

លោក​អះអាង​ថា កងទ័ព​រុស្ស៊ី អាច​នឹង​ផុងខ្លួន​នៅ​ក្នុង​ទឹកដី​របស់​អ៊ុយក្រែន ប្រសិនបើ​រុស្ស៊ី ត្រូវ​ទុក​កងទ័ព​រយៈពេល​យូរ​ក្នុង​ទឹកដី​នោះ ដែល​ជា​បទពិសោធន៍​ដូចគ្នា​ទៅ​នឹង​កងទ័ព​សូវៀត នៅ​អាហ្វហ្គានីស្ថាន នា​ទសវត្សរ៍​១៩៨០ និង​កងទ័ព​អាមេរិក និង​ណាតូ (NATO) នៅ​អាហ្វហ្គានីស្ថាន ក្នុង​សតវត្ស​ទី​២១ ជាដើម។

លោក​អះអាង​ថា បើ​ទោះបីជា​កងទ័ព​រុស្ស៊ី​បាន​ចូល​កាន់កាប់​ទីក្រុង​មួយ​ចំនួន​របស់​អ៊ុយក្រែន​ក៏ដោយ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រុស្ស៊ី​នឹង​ត្រូវការ​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង​កងទ័ព​ច្រើន​ប៉ុនណា ទើប​អាច​ឈ្នះ​សង្គ្រាម ឬ​បញ្ចប់​សង្គ្រាម​នេះ​បាន ព្រោះ​ថា​ការ​វាយប្រហារ​គ្នា​យ៉ាង​ខ្លាំងក្លា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ កម្លាំង​យោធា​របស់​រុស្ស៊ី សម្លាប់​យោធា​របស់​អ៊ុយក្រែន​មិន​ដល់ ១០០០​នាក់​ផង​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថានការណ៍​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​កាន់តែ​ក្តៅ​ឡើងៗ​អស់​រយៈពេល ៤​ថ្ងៃ​មកនេះ ខណៈ​កងទ័ព​រុស្ស៊ី បាន​វាយ​ចូល​កាន់កាប់​ទីក្រុង​ធំៗ និង​តំបន់​ជាច្រើន​នៅ​ក្នុង​ទឹកដី​របស់​អ៊ុយក្រែន។

កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​ប្រកាស​បើក​ប្រតិបត្តិការ​យោធា​លើ​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុផល​ថា ដើម្បី​រំដោះ​អ៊ុយក្រែន​ពី​របប​ដឹកនាំ​បែប​ណាហ្ស៊ី​សម័យ​ថ្មី ដែល​បាន​ធ្វើ​បាប​ប្រជាជន​អ៊ុយក្រែន ហើយ​រុស្ស៊ី​គ្មាន​បំណង​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ។

យ៉ាងណាក៏ដោយ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បាន​ប្រតិកម្ម​ថា ការ​វាយលុក​របស់​រុស្ស៊ី​ចូល​ទឹកដី​អ៊ុយក្រែន គឺ​ជា​ការ​ឈ្លានពាន​សុទ្ធសាធ ហើយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នេះ​អាច​ជា​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​ដ៏​ធំ​មួយ​នៅ​ទ្វីប​អឺរ៉ុប​ផង​ដែរ។ លោក​បញ្ជាក់​ថា ប្រជាជន​អ៊ុយក្រែន និង​រដ្ឋាភិបាល​អ៊ុយក្រែន​ចង់​បាន​សន្តិភាព ប៉ុន្តែ​បើ​អ៊ុយក្រែន​រង​ការ​វាយប្រហារ​ដោយ​ប្រឈម​នូវ​ការ​ប៉ុនប៉ង​ចង់​ក្តោប​យក​សេរីភាព អាយុជីវិត​ពលរដ្ឋ និង​ទឹកដី​អ៊ុយក្រែន​ពី​សំណាក់​រុស្ស៊ី​បែប​នេះ នោះ​ប្រជាជាតិ​អ៊ុយក្រែន​ទាំងមូល​នឹង​ការពារ​ឱ្យ​បាន​ដាច់ខាត​សម្រាប់​ទឹកដី​កំណើត​របស់​ខ្លួន។

លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បាន​អំពាវនាវ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ កុម្ភៈ ឱ្យ​ជនបរទេស​នានា​ទាក់ទង​ទៅកាន់​ស្ថានទូត​អ៊ុយក្រែន​នៅ​ជុំវិញ​ពិភពលោក ដែល​មាន​បំណង​ចុះឈ្មោះ​ចូលរួម​ក្នុង​កងកម្លាំង​ស្ម័គ្រចិត្ត​អន្តរជាតិ ដើម្បី​ចូលរួម​ជួយ​ប្រទេស​អ៊ុយក្រែន​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​នៅ​ប្រទេស​អ៊ុយក្រែន ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍ និង​ការ​ប៉ះទង្គិច​អាវុធ​នៅ​ប្រទេស​អ៊ុយក្រែន ដូច្នេះ​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី មាន​តែ​អនុវត្ត​ស្រប​តាម​ច្បាប់​អន្តរជាតិ គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

យ៉ាងណាក៏ដោយ នៅ​ពេលនេះ​បណ្តា​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​បាន​នាំគ្នា​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី មក​លើ​អ៊ុយក្រែន ក្នុង​នោះ​ទណ្ឌកម្ម​ជាច្រើន​កំពុង​ធ្លាក់​មក​ជាបន្តបន្ទាប់​ដូច​ទឹកភ្លៀង​លើ​ប្រទេស​រុស្ស៊ី និង​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ចំពោះ​ការ​បញ្ជា​ឲ្យ​ធ្វើ​ប្រតិបត្តិការ​សឹក​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ពេលនេះ។

ជុំវិញ​ការ​ប្រកាស​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុយក្រែន​នេះ ត្រូវ​ក្រុម​អ្នកវិភាគ និង​ក្រុម​អ្នក​សង្កេតការណ៍​នៅ​កម្ពុជា​ឯណោះ​វិញ​បង្ហាញ​ការ​យល់ឃើញ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម Facebook រិះគន់​ប្រទេស​រុស្ស៊ី​យ៉ាង​ចាស់ដៃ​ចំពោះ​ការ​ឈ្លានពាន​ក្នុង​ទឹកដី​អ៊ុយក្រែន​នេះ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ នេះ​ថា ការប្រើប្រាស់​កម្លាំង​យោធា​របស់​រុស្ស៊ី គឺជា​ការឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ដែល​មិន​អាច​ប្រកែក​បាន ព្រោះ​ថា​រុស្ស៊ី​មិន​បាន​ប្រកាស​ជា​ផ្លូវការ​មុន​នោះ​ឡើយ​មុន​នឹង​ធ្វើ​ការវាយប្រហារ​នេះ ដោយឡែក​អង្គការ​ណាតូ (NATO) និង​អ៊ុយក្រែន ក៏​មិនទាន់​ប្រកាស​សង្គ្រាម​ជាមួយ​រុស្ស៊ី​នោះ​ដែរ ខណៈ​អ៊ុយក្រែន​បាន​ត្រឹមតែ​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ​រហូត​មក​ទល់នឹង​ពេលនេះ។

បណ្ឌិត សុខ ទូច បញ្ជាក់​ថា ប្រសិនបើ​សហរដ្ឋ​អាម៉េរិក ឬ​អង្គការ​ណាតូ​ប្រកាស​សង្គ្រាម​ជាមួយ​រុស្ស៊ី នោះ​សង្គ្រាម​លោក​លើក​ទី​៣ ច្បាស់​ជា​នឹង​ផ្ទុះឡើង​ជាមិនខាន។

ចំណែក​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​បញ្ចេញ​ទស្សនៈ​លើ​បញ្ហា​រុស្ស៊ី និង​អ៊ុយក្រែន កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ កុម្ភៈ ថា ការឈ្លានពាន​របស់​រុស្ស៊ី ចូល​ទឹកដី​អ៊ុយក្រែន អាច​នឹង​ប៉ះពាល់​ដល់​កិច្ចប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក-អាស៊ាន​យ៉ាង​ខ្លាំង ព្រោះ​ថា​អាមេរិក​ទំនង​ជា​ត្រូវ​គិតគូរ​ពី​សន្តិសុខ​តំបន់​អឺរ៉ុប​ជា​អាទិភាព ជាជាង​កិច្ចប្រជុំ​ជាមួយ​អាស៊ាន​នៅ​ពេល​ខាងមុខ​នេះ។

លោក​បញ្ជាក់​ថា អ្នក​ដែល​សប្បាយ​ចិត្ត​បំផុត​ពី​ការ​ផ្ទុះ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​នេះ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន តែម្តង ព្រោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ គឺជា​សម្ពាធ​យ៉ាង​ខ្លាំង​សម្រាប់​លោក ហ៊ុន សែន ដែល​ត្រូវ​សម្ដែង​នូវ​ភាព​ស្មោះត្រង់​ក្នុង​ការ​រក្សា​អព្យាក្រឹត្យ​របស់​ខ្លួន​ដោយ​មិន​ងាករេ​ទៅ​រក​មហាអំណាច​ណា​មួយ ចំពោះ​មុខ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ខណៈ​កម្ពុជា​នៅ​ពេលនេះ​ត្រូវ​គេ​មើលឃើញ​ថា​កំពុង​ងាក​ទៅ​រក​ចិន​ទៅ​ហើយ​នោះ។

ចំណែក​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា មេរៀន​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន ក៏ដូចជា​មេរៀន​នៅ​កម្ពុជា​ឆ្នាំ​១៩៧៥ និង​មេរៀន​ជាច្រើន​ទៀត​ផង​ដែរ ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​នីមួយៗ​មិន​ត្រូវ​ពឹងផ្អែក​ទៅលើ​បរទេស​ជ្រុល​ពេក​នោះ​ទេ មិន​ថា​វិស័យ​នយោបាយ សន្តិសុខ ឬ​សេដ្ឋកិច្ច។

លោក​អះអាង​ថា គ្មាន​ប្រទេស​ណា​ជួយ​យើង​ទេ បើ​យើង​មិន​អាច​ជួយ​ខ្លួនឯង​បាន ដូច្នេះ​មាន​តែ​យើង​ប្រឹង​ធ្វើ​ឱ្យ​ជាតិ​យើង​ខ្លាំង​ប៉ុណ្ណោះ ទើប​យើង​អាច​រក្សា​ទឹកដី និង​ប្រជាជន​ឱ្យ​រស់នៅ​ក្នុង​សុខ​សន្តិភាព​បាន​យូរអង្វែង។

រីឯ​អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​បំពាន​ច្បាប់​អន្តជាតិ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​បង្កើត​ច្បាប់​ព្រៃ​ក្នុង​បំណង​វាតទី​ដណ្តើម​យក​ទឹកដី​ប្រទេស​ទន់ខ្សោយ​ជាង​ខ្លួន មិនមែន​ដើម្បី​ការពារ​អ៊ុយក្រែន​នោះ​ទេ។ បណ្ឌិត ឡៅ ម៉ុងហៃ រំឭក​ថា ការ​ចូល​លុកលុយ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន ជា​ការ​រំឭក​មេដឹកនាំ​ខ្មែរ​ឲ្យ​ចេះ​រក្សា ការពារ ទ្រទ្រង់ និង​លើកស្ទួយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ ជាពិសេស​កិច្ចព្រមព្រៀង​ទាក់ទិន​ទៅ​នឹង​អធិបតេយ្យភាព ឯករាជភាព​របស់​កម្ពុជា។

មាត្រា​២ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ បាន​ចែង​ថា ក្នុង​កិច្ច​ប្រាស្រ័យ​ទាក់ទង​អន្តរជាតិ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ត្រូវ​ចៀសវាង​ការ​ពឹងផ្អែក​លើ​ការ​គំរាមកំហែង​តាម​របៀប​ណា​មួយ​លើ​សមាជិក​ដទៃ​ដែល​មិន​សម​នឹង​វត្ថុបំណង​នៃ​អង្គការ​សហប្រជាជាតិ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស