33 C
Phnom Penh

បទវិភាគ៖ ហេតុ​អ្វី​លោក ហ៊ុន សែន មិន​អាច​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បាត់បង់​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ជា​វិនាសកម្ម​ដ៏​ធំ​មួយ។ លោក ហ៊ុន សែន ក៏​ធ្លាប់​លើក​យក​បញ្ហា​នេះ​ធ្វើជា​យុទ្ធនាការ​នយោបាយ​ជាច្រើនលើក​ច្រើន​គ្រា​ដែរ ដោយ​បង្ហាញ​ជា​សាធារណៈ​អំពី​ការ​តាំងចិត្ត និង​ដាក់​បញ្ជា​ដ៏​ម៉ឺងម៉ាត់ ប៉ុន្តែ​ចំណាត់ការ​របស់​គាត់​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា​ចំណាត់ការ​ដែល​គ្មាន​ប្រសិទ្ធភាព។

អង្គការ Global Forest Watch បាន​ផ្សាយ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ប្រមាណ​ជិត ១​លាន ៣​សែន​ហិកតារ (១ ២៨០ ០០០​ហិកតារ) បើ​គិត​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០២០។ ស្រដៀង​គ្នា​នេះ យើង​ធ្លាប់​បាន​ដកស្រង់​សេចក្តី​រាយការណ៍​របស់​អ្នកជំនាញ​នៃ​សកលវិទ្យាល័យ​រដ្ឋ Maryland សហរដ្ឋ​អាមេរិក​មក​ផ្សាយ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ចំនួន ២​លាន ៣​សែន​ហិកតារ​ចាប់តាំង​ពី​ឆ្នាំ​២០០០ មក ឬ​ស្មើ​នឹង ២៦% នៃ​ព្រៃឈើ​សរុប​នៅ​ប្រទេស​កម្ពុជា។

អ្នកស្រី អាយដា ថីឡាដ៍ ដែល​ជា​អ្នកជំនាញ​ផ្នែក​ព្រៃឈើ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ University of Copenhagen នៃ​ប្រទេស​ដាណឺម៉ាក ថ្លែង​ថា «កំណើន​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​លើស​ពី ១% ឡើង​ទៅ គឺ​ពិតជា​ធ្ងន់ធ្ងរ​ណាស់។ កង្វល់​ចម្បង​របស់​ខ្ញុំ ចំពោះ​ប្រទេស​កម្ពុជា​សម្រាប់​រឿងរ៉ាវ​កាប់​បំផ្លាញ​ព្រៃឈើ​បែប​នេះ គឺ​ថា​តាមរយៈ​វិទ្យាសាស្ត្រ យើង​ដឹង​ថា​នៅ​ពេល​ណា​ដែល​គេ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ​ធំធេង​បែប​នេះ កម្ដៅ​ក៏​ចេះតែ​កើន​ឡើង។ ជាទូទៅ កម្ដៅ​សម្រាប់​តំបន់​ខាងក្រៅ​ព្រៃ ក្តៅ​ជាង​ក្នុង​ព្រៃ​ដល់​ទៅ ៥​អង្សា។»

បើ​យោង​តាម​សេចក្តី​រាយការណ៍ និង​ការ​លើកឡើង​របស់​អ្នក​វិទ្យាសាស្ត្រ​នេះ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ទំហំ​ធំធេង និង​មាន​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​លោក ហ៊ុន សែន បាន​ដឹង​អំពី​ស្ថានភាព​ដ៏​អាក្រក់​នៃ​ភាព​ហិនហោច​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ?

បណ្ដាញ​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ពិនិត្យ​មើល​ដើមឈើ​ដែល​ត្រូវ​ជនល្មើស​លួច​កាប់។ រូបថត​ឯកសារ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧

តាម​ពិត លោក ហ៊ុន សែន បាន​ដឹង​អំពី​រឿង​នេះ​ដោយ​ធ្លាប់​ទាំង​សន្យា​ថា គាត់​នឹង​កាត់​ក ប្រសិនបើ​បង្ក្រាប​អំពើ​ឧក្រិដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​បាន​ទេ​នោះ។ ក្រោយ​ពី​ការ​សន្យា​នោះ​មក អំពើ ទង្វើ សកម្មភាព ការ​បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ។ បន្ទាប់​មក លោក ហ៊ុន សែន បាន​សម្ដែង​ឫទ្ធិ​ប្រើ​អំណាច​បង្ហាញ​សាធារណជន​អំពី​វិធានការ​កម្ចាត់​បទល្មើស​ព្រៃឈើ។ វិធានការ​ទាំងនោះ​មើល​ទៅ​ហាក់ដូចជា​ការ​រៀបចំ​ធ្វើ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​គាត់​បញ្ជា​ឱ្យ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ និង​យន្តហោះ​របស់​រដ្ឋ​តាម​តម្រូវការ​ចាំបាច់។ កាលនោះ គឺ​ពាក់កណ្តាល​ឆ្នាំ​២០១៩ ដែល​លោក ហ៊ុន សែន បាន​តែងតាំង​លោក សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ។ ពេល​នោះ លោក ហ៊ុន សែន បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ គឺ​ធ្វើ​យ៉ាង​ណា​ត្រូវតែ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឱ្យ​បាន ទោះបី​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ក៏ដោយ។

ប៉ុន្តែ​វិទ្យុ VOY បាន​ផ្សាយ​កាលពី​ខែ​តុលា ឆ្នាំ​២០១៨ អំពី​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​ស្រដៀង​គ្នា​នេះ​ចំពោះ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​បី​ក្នុង​ភាគ​ឦសាន​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ចំណាត់ការ​កាលពី​ឆ្នាំ​២០១៨ ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ ដែល​ក្រុម​អ្នកវិភាគ និង​អ្នកជំនាញ​ព្រៃឈើ​បាន​ពិពណ៌នា​ថា នោះ​ជា​ចំណាត់ការ​ច្រំដែល និង​គ្មាន​ប្រសិទ្ធភាព។

ដូច​គ្នា​នឹង​ចំណាត់ការ​ក្តៅ​ក្នុង​ឆ្នាំ​២០១៨ នោះ ចំណាត់ការ​កណ្ដាប់ដៃ​ដែក​របស់​លោក ហ៊ុន សែន នា​ពាក់កណ្តាល​ឆ្នាំ​២០១៩ នោះ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។ ជាក់ស្តែង សេចក្តី​រាយការណ៍​ស្ដីពី​ការ​បំផ្លាញ​ព្រៃឈើ​ខ្មែរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាបន្តបន្ទាប់​ដោយ​ក្រុម​អ្នក​ការពារ​ព្រៃឈើ​រហូត​ដល់​បច្ចុប្បន្ន។ អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​ផ្សាយ​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ជាង ៦​ពាន់​ហិកតារ​ត្រូវ​បំផ្លាញ​ក្រោម​ដៃ​មន្ត្រី​ពុករលួយ។

ដោយ​ផ្អែក​តាម​តឹកតាង​ដូច​រៀបរាប់​មកនេះ គេ​អាច​សន្និដ្ឋាន​បាន​ថា លោក ហ៊ុន សែន មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ​រហូត​ដល់​បច្ចុប្បន្ន​នេះ។

ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មិន​អាច​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ​បាន?

តាម​ពិត លោក ហ៊ុន សែន ជា​បុគ្គល​ដែល​មាន​អំណាច​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា។ ជា​ធម្មតា អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន ឬ​ចង់​ធ្វើ គ្មាន​នរណា​ហ៊ាន​តវ៉ា ឬ​ប្រឆាំង​នឹង​គាត់​ឡើយ។ ដូច្នេះ ការ​ដែល​លោក ហ៊ុន សែន មិន​អាច​កម្ចាត់​អំពើ​ទុច្ចរិត​ក្នុង​ការ​បំផ្លាញ​ព្រៃឈើ​ខ្មែរ​បាន ប្រហែលជា​មាន​មូលហេតុ​អ្វី​មួយ។ ហេតុផល​ដំបូង​បំផុត​ដែល​គេ​គួរ​ពិចារណា​នោះ គឺ​តើ​លោក ហ៊ុន សែន មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​កម្ចាត់​បទល្មើស​ព្រៃឈើ​ដែរ​ឬ​ទេ?

ប្រសិនបើ​លោក ហ៊ុន សែន មាន​ចេតនា​ពិតប្រាកដ​មែន ប្រហែលជា​គាត់​គាំទ្រ​លើក​ស្ទួយ​ក្រុម​អ្នក​ការពារ​ព្រៃឈើ និង​បរិស្ថាន​នានា​ហើយ។ តែ​ផ្ទុយទៅវិញ មន្ត្រី​របស់​គាត់​រារាំង​សកម្មភាព​ក្រុម​អ្នក​ការពារ​ព្រៃឈើ និង​បរិស្ថាន​នានា​រហូត ហើយ​ថែមទាំង​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំងនោះ​យ៉ាង​អយុត្តិធម៌​ទៀត​ផង។

ក្រៅពី​នេះ លោក ហ៊ុន សែន ក៏​ពុំ​ដែល​ដាក់​ទោស​ទណ្ឌ​ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ណា​ដែល​ព្រៃឈើ​ក្នុង​ដែនដី​របស់​ខ្លួន​ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។ ជា​ធម្មតា ទីតាំង​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តែងតែ​មាន​បន្សល់​ភស្តុតាង​ជា​គល់ឈើ​ដែល​គេ​បាន​កាប់​រួច​ហើយ​នោះ។ ដូច្នេះ ប្រសិនបើ​លោក ហ៊ុន សែន មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​កម្ចាត់​បទល្មើស​ព្រៃឈើ​មែន​នោះ គាត់​អាច​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​ទោស​មន្ត្រី​ដែនដី​ទាំងនោះ ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ ឬ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងនោះ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន លោក​ធ្លាប់​លាន់​មាត់​ថា អ្នក​ណា​ហ៊ាន​ចាប់ បើ​ឈ្មួញ​ឈើ​សុទ្ធតែ​មាន​លិខិត​អនុញ្ញាត​ពី​ថ្នាក់លើ។

ដូច្នេះ បើ​គេ​ផ្អែកលើ​ហេតុផល​ទាំងនេះ គេ​អាច​គិត​ថា លោក ហ៊ុន សែន ប្រហែលជា​គ្មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទេ ប៉ុន្តែ​ប្រសិនបើ​គាត់​គ្មាន​ចេតនា​ពិតប្រាកដ​មែន​នោះ តើ​អ្វី​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​គាត់​គ្មាន​ចេតនា​បង្ក្រាប​បទល្មើស​នេះ?

ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​តាមដាន​នយោបាយ​កម្ពុជា ដូចជា​អង្គការ Global Witness និង Human Rights Watch ធ្លាប់​បាន​លើកឡើង​ថា លោក ហ៊ុន សែន បាន​ពង្រឹង​អំណាច​តាមរយៈ​ការ​កាង ឬ​មាន​ភាគហ៊ុន​ជាមួយ​ឈ្មួញ​ទុច្ចរិត​ក្នុង​ការ​លក់​ទ្រព្យសម្បត្តិ​ជាតិ។ ក្នុង​ចំណោម​ឈ្មួញ​ទុច្ចរិត​នានា​នោះ គេ​អាច​សង្ស័យ​ថា លោក ហ៊ុន សែន ឬ​ក្រុម​គ្រួសារ​របស់​គាត់​អាច​ឃុបឃិត​គ្នា​ជាមួយ​លោក ទ្រី ភាព។

លោក ទ្រី ភាព ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ឈ្មួញ​ទុច្ចរិត​កាប់​បំផ្លាញ​ព្រៃឈើ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា។ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០ លោក ទ្រី ភាព ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ប្រទេស​អាមេរិក ប៉ុន្តែ​លោក ហ៊ុន សែន បែរជា​លើក​តម្កើង​លោក ទី្រ ភាព ទៅវិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ទ្រី ភាព។ (រូប​ឯកសារ)

លោក ហ៊ុន សែន បាន​តែងតាំង​លោក ទ្រី ភាព ជា​ទីប្រឹក្សា ជា​ឧកញ៉ា និង​ផ្តល់​រង្វាន់​កិត្តិយស​ដទៃ​ទៀត។ ដូច្នេះ គេ​គិត​ថា​លោក ហ៊ុន សែន អាច​នឹង​មាន​ការ​ពាក់ព័ន្ធ​ដោយ​ស៊ីជម្រៅ​ជាមួយ​លោក ទ្រី ភាព។ លើស​ពី​នេះ​ទៀត គេ​ក៏​មាន​ចំណុច​ខ្លះ​សង្ស័យ​ថា លោក ហ៊ុន សែន ថែមទាំង​ការពារ​លោក ទ្រី ភាព ដែល​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម។ ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​នោះ គឺ​លោក ហ៊ុន សែន ហាក់ដូចជា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​អំពើ​ឃាតកម្ម​នោះ​ទេ។ ទាក់ទិន​នឹង​ករណី​ឃាតកម្ម​នោះ លោក ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​លើ​ករណី​ហ្នឹង​ទេ ហើយ​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ដែល​លោក ហ៊ុន សែន បាន​បង្កើត​នោះ ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​អ្វី​ទេ​រហូត​ដល់​ពេលនេះ។

ភាព​អសកម្ម​នៃ​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី នោះ ត្រូវ​គេ​គិត​ថា​ប្រហែលជា​អាច​មាន​ពាក់ព័ន្ធ​នឹង​លោក ទ្រី ភាព ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​កាប់​ឈើ​នៅ​កោះកុង​មួយ​កន្លែង​ដែល​លោក ឈុត វុទ្ធី បាន​ទៅ​ពិនិត្យ និង​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ទីនោះ។

ដូច្នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា លោក ហ៊ុន សែន មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ទេ ព្រោះ​គាត់ ឬ​គ្រួសារ​គាត់​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​ទុច្ចរិត​ធ្វើ​ជំនួញ​កាប់​ឈើ ដឹក លក់​ចេញ​ទៅ​ប្រទេស​យៀកណាម ឬ​ចិន​ដី​គោក។

លោក ហ៊ុន សែន មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​មនុស្ស​ជំនិត ដូចជា ទ្រី ភាព ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ខ្មែរ​ជា​ព្រៃឈើ​តាម​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ ក្នុង​ឆ្នាំ​២០១៣ អង្គការ IDI (Inclusive Development International) និង​អង្គការ Global Witness រាយការណ៍​ថា លោក​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Hoang Anh Gia Lai គ្រប់គ្រង​ដោយ​ថៅកែ​ឈ្មោះ Doan Nguyen Duc និង Nguyen Van Minh រួម​ទាំង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម Vietnam Rubber Group រួម​ដៃ​នឹង​ទីប្រឹក្សា​ប្រធាន​រដ្ឋសភា​ជាតិ​ឈ្មោះ រ័ត្ន សាខុន ធ្វើ​អាជីវកម្ម​លើ​ផ្ទៃដី​រាប់​សែន​ហិកតារ ដោយ​កាប់​ឈើ​ប្រណីត​លក់​ចេញ​ជា​មុន​សិន ទើប​ដាំ​កៅស៊ូ​ជា​ក្រោយ។ រីឯ​នាយទុន​គន្លឹះ​ធំៗ​ចូល​ហ៊ុន​នឹង​ក្រុមហ៊ុន​យៀកណាម ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ខ្មែរ​ជា​ម្ចាស់​ទុន​ក្តី ជា​ម្ចាស់​ចំណែក​ហ៊ុន​ក្តី ឬ​ជា​ពាណិជ្ជករ​កណ្តាល (ឈ្មួញ​កណ្តាល) ក្តី មាន​ដូចតទៅ​នេះ៖

  • ស្ថាប័ន​ហិរញ្ញវត្ថុ IFC (International Finance Corporation)
  • TP Bank
  • VP Bank
  • Doan Nguyen Duc
  • Truong Hai Auto Corporation
  • ដៃគូ​ជាមួយ​ក្រុមហ៊ុន​រថយន្ត​បារាំង Peugeot
  • អាល្លឺម៉ង់ BMW
  • កូរ៉េ​ខាងត្បូង KIA
  • ជប៉ុន MAZDA
  • ក្រុមហ៊ុន​បណ្តាក់​ទុន Van Eck
  • Lincoln Global Investors
  • State Street Investors។

បើ​លោក​និយាយ​ថា លោក​មិន​បាន​ដឹង​សោះ​នោះ គួរ​ជឿ​ឬ​ទេ?

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស